ពលរដ្ឋ​វិនិយោគ​នៅ​ក្រុមហ៊ុន​ GoldFX​ ទាមទារ​ផ្តល់​ដំណោះ​ស្រាយ​លើ​បញ្ហា​បាត់​លុយ​

រូបភាពផ្សព្វផ្សាយនៅក្នុងកម្មវិធីនានារបស់ក្រុមហ៊ុន GoldFX នៅលើគេហទំព័រក្រុមហ៊ុន។

ប្រជាពលរដ្ឋដែលវិនិយោគលុយជាមួយក្រុមហ៊ុន GoldFX Investment តាមប្រព័ន្ធជួញដូរហិរញ្ញវត្ថុ Forex បានចេញមុ​ខ​​តវ៉ាទាមទារឱ្យក្រុមហ៊ុនទទួលខុសត្រូវផ្តល់ដំ​ណោះ​​ស្រាយសំណងសមរម្យមួយចំពោះបញ្ហាបាត់លុ​យពីគណនីរ​បស់ពួកគេ។

ការទាមទារនេះចាប់ធ្វើឡើងនៅតាមបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុមួយនេះប្រកាសបិទទ្វារបណ្តោះអាសន្ន និងអះអាងថា លុយដែលបានបាត់ត្រូវបានគណៈគ្រប់គ្រងរបស់ក្រុមហ៊ុននៅបរទេសលួចកិបកេង។

ក្នុងលិខិតផ្ញើជូននិយតករមូលបត្រកម្ពុជា ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២​០២១ ក្រុមហ៊ុនលើកឡើងថា ខ្លួនបានស្រាវជ្រាវឃើ​ញគណៈគ្រប់​គ្រ​ងមួ​យចំនួនបានកិបកេងប្រវ័ញ្ចលុយរបស់អតិថិជននិងរបស់ក្រុមហ៊ុនជាច្រើន ដែលតម្រូវឱ្យក្រុមហ៊ុនត្រូវព្យួរប្រតិ​បត្តិការជួញដូរជាបណ្តោះអាសន្ន។

ពលរដ្ឋម្នាក់បានប្រាប់ វីអូឌី ឱ្យដឹងនៅថ្ងៃម្សិលមិញ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា គាត់បានដាក់លុយវិនិយោគ៥ ០០​០​ដុល្លារ នៅអំឡុងខែមេសា ឆ្នាំ២០២០ និងអាចចំណេញបានពី៥០ទៅ៦០ដុល្លារក្នុងមួយខែ ប៉ុន្តែនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១​ ក៏ចាប់មានបញ្ហាបាត់លុយពីគណនី។

ប្រភពនិយាយថា៖ «ខ្ញុំដាក់តែមួយឆ្នាំទេ ខែ៤នេះផុតកុងត្រាហើយ ដោយសារតែជាក្រុមហ៊ុនយូរ ម្ចាស់ក្រុមហ៊ុនជនជាតិខ្មែរ កូនប្រសារ ស ខេង កូន កែវ គឹមយ៉ាន»

គាត់បន្តថា ក្រុមហ៊ុនមិនទាន់ផ្តល់ដំណោះស្រាយច្បាស់លាស់សម្រាប់ពួកគេនៅឡើយ ក្រៅពីរុញការទទួលខុសត្រូវទៅលើភាគីទី៣ ដែ​លរស់នៅក្រៅប្រទេស។

អ្នកនាងបន្ថែមថា៖ «មិនបានលុយចំណេញអី សូមតែលុយដើមវិញ បើអត់លុយដើមវិញ គួរតែបានត្រឹម៦០ ទៅ៧០ភាគរយអញ្ចឹង»។ 

ពលរដ្ឋរងគ្រោះម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះដែរនោះ ឱ្យដឹងថា នៅយប់ថ្ងៃសុក្ររំលងអធ្រាត្រសប្ដាហ៍មុន លោកបានបា​ត់បង់លុយចំនួន១ម៉ឺន៦ពាន់ដុល្លារពីក្នុងគណនីជួញដូរលើប្រព័ន្ធ Forex Trading របស់ក្រុមហ៊ុន ដោយមិនដឹ​ងមូលហេ​តុ។

លោកនិយាយថា៖ «សួរទៅខាងគ្រូដែលបង្រៀននៅ ជីអេហ៍អិកស៍ ថាឥលូវខាងក្រុមហ៊ុនកំពុងតែមានបញ្ហា សូមឱ្យយើងហ្នឹងស្ងាត់សិន ចាំថ្ងៃចន្ទ គេរកដំណោះស្រាយ។ ​ហើយថ្ងៃចន្ទអត់មានខាងក្រុមហ៊ុននិយាយអីទេ គឺមានតែបុគ្គលិកទាក់ទងមកយើងឱ្យទៅជួយប្ដឹងប្ដល់ជនឆបោក ហើយយើងឯណេះមានបញ្ហាជាមួយក្រុមហ៊ុន តែក្រុមហ៊ុនទៅឱ្យយើងចូលរួមវិញ»។

យោងតាមលិខិតមួយដែលទទួលបានពីជនរងគ្រោះ បានឱ្យដឹងថា តំណាងក្រុមហ៊ុន ឈ្មោះ ប៊ុន គីរីរិទ្ធ និង ឈាង គ្រីស្ដុហ្វ បានដាក់ពាក្យបណ្ដឹងជនបរទេសចំនួន៣នាក់ដែលពីរនាក់ជាជនជាតិសិង្ហបុរី និងម្នាក់ជាជនជាតិ ម៉ាឡេស៊ី ទៅមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពីបទរំលោភលើទំនុកចិត្ត ពិ​សេ​ស​​ដោយអភិបាល ឬបុគ្គលផ្សេងទៀត និងបទល្មើសដែលពាក់ព័ន្ធ។

និយតករមូលបត្រកម្ពុជា បានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី៣០ ខែមីនា ស្នើឱ្យអ្នកវិនិយោគនៅក្រុមហ៊ុន GoldFX ដែ​លបានផ្ញើសារចូលទំព័រហ្វេសប៊ុករបស់ខ្លួន និងអ្នកដែលមានបំណងប្តឹង ឱ្យបំពេញពាក្យបណ្ដឹងដាក់មកនិយតករមូលបត្រកម្ពុជា។

វីអូឌី មិនអាចទាក់ទងសុំការអធិប្បាយពីនិយតករមូលបត្រកម្ពុជា និងការឆ្លើយតបពីតំណាងក្រុមហ៊ុន GoldFX បានទេ គិតត្រឹមថ្ងៃអង្គារ ទី៣១ ខែមីនា ដោយលេខទូរសព្ទចុះក្នុងបញ្ជីក្រសួងពាណិជ្ជកម្មរបស់នាយកក្រុមហ៊ុន អ្នកដែលទទួលប្រាប់ថាជាអ្នកផ្សេង ខណៈបុគ្គលិកតំណាងក្រុមហ៊ុនសុំមិនផ្តល់ព័ត៌មាន ដោយថា ជាប់រវល់ទទួលភ្ញៀវដែលមកសា​កសួរព័ត៌មាន។

ដោយឡែក អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានឆ្លើយយ៉ាងខ្លីថា បញ្ហានេះ ភាគី​ពាក់ព័ន្ធនឹង​ចូលរួមក្នុងការដោះស្រាយទៅតាមនីតិវិធីច្បាប់ដែលមានចែង។

លោក មាស សុខសេនសាន មានប្រសាសន៍ថា៖ «ជាយោបល់របស់ខ្ញុំ ខ្ញុំគិតថា ដោយសារយើងមានបទដ្ឋានគតិយុត្តិដែលមានស្រាប់ អង្គភាពដែលពាក់ព័ន្ធ គេនឹងចាត់ចែងតាមសមត្ថកិច្ចនិងបទដ្ឋានដែលមានស្រាប់។ ទុកពេលឱ្យគេធ្វើការ»

អ្នកជំនាញហិរញ្ញវត្ថុ លោក ស៊ាន សុរ័ត្ន មិនអាចអធិប្បាយពីបញ្ហាកើតឡើងនៅក្រុមហ៊ុន GoldFX Investment បានទេ ដោយលោកថា នោះគឺជាបញ្ហានៃការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុន។

យ៉ាងណា លោកថា ការវិនិយោគតាមប្រព័ន្ធ Forex Trading ជាមុខរបរមួយថ្មីសម្រាប់កម្ពុជា ប៉ុន្តែវាត្រូវបានប្រើយូរមកហើយនៅប្រទេសដទៃ។ លោកថា ពលរដ្ឋដែលចង់ប្រកបរបរនេះត្រូវមានចំណេះដឹងលើប្រតិបត្តិការជួញដូរ និងក្រុមហ៊ុនឈ្មួញកណ្តាលឱ្យបានច្បាស់ ដើម្បីបញ្ចៀសហានិភ័យនៃការខាតបង់។

លោក ស៊ាន សុរ័ត្ន និយាយថា៖ «បើសិនជាមុននឹងគាត់ធ្វើការវិនិយោគ ទី១ គាត់ត្រូវតែសិក្សារឿងក្រុមហ៊ុនឱ្យបានច្បា​ស់លាស់ ទី២ រកអ្នកជំនាញជួយឱ្យមានកម្រិតចំណេះវិជ្ជាច្បាស់លាស់ជួយទៅ អាហ្នឹងគាត់ជោគជ័យហើយ។ បើគាត់រកធ្វើតែខ្លួនឯងទេ អាហ្នឹងគាត់ក៏ប្រឈមនឹងការខាតបង់ដែរ»

លោក Stephen Higgins អ្នកឯកទេសសេវាហិរញ្ញវត្ថុនៅក្រុមហ៊ុន Mekong Strategic Partners ប្រាប់ វីអូឌី តាមសា​រអេឡិចត្រូនិចថា ករណីបាត់លុយនៅក្រុមហ៊ុន GoldFX គឺមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើល ដោយសារវាត្រូវបានគេមើលឃើញពីភាពមិនប្រក្រតីជាយូរមកហើយ។

លោកថា ភាពមិនប្រក្រតីនោះ ក្រុមហ៊ុនតែងឃោសនាពីការវិនិយោគដែលអាចទទួលបានប្រាក់ចំ​ណេញក្នុងអត្រាខ្ពស់ និងមានហានិភ័យទាបឬគ្មាន ដែលប្រាក់ចំណេញនោះបានពីទុនរបស់អ្នកវិនិយោគថ្មីៗផ្តល់ដល់អ្នកវិនិយោគចាស់ៗ។

លោក Stephen Higgins និយាយថា៖ «រឿងនេះមិនអាចនឹងកើតឡើងនោះទេ ដរាបណាអ្នកគឺជាធនាគារដ៏ធំមួយដែលអាចធ្វើការចែកចាយជាអន្តរការី។ ខ្ញុំបារម្ភថា វាមិនមែនជាក្រុមហ៊ុនតែមួយគត់ដែលប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាជាមួយគំរូអាជីវកម្មបែបនេះទេ»៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ