សង្គម​ស៊ីវិល​និង​ពលរដ្ឋ​រិះគន់​អាជ្ញាធរ​កោះកុង​ថា​ មិន​ចាត់​វិធានការ​លើ​អ្នក​ចាក់​ដី​រំលោភ​ចូល​ព្រៃ​កោងកាង​

ទិដ្ឋភាពចាក់ដីលុបលើព្រែកនិងព្រៃកោងកាងពីសំណាក់ជនខិលចូល ស្ថិតនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលត្រូវបានបង្ហោះតាមបណ្ដាញសង្គមឈ្មោះ Taing Sonny កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Taing Sonny)

អង្គការ​សង្គមស៊ីវិលនិងពលរដ្ឋរិះគន់អាជ្ញាធរខេត្តកោះកុងថា មិនបានចាត់វិធានការតឹងរ៉ឹងចំពោះបុគ្គលដែលបានចាក់ដីរំលោភចូលដីចំណីព្រែកនិង​ព្រៃកោងកាង។

នៅក្នុងខែមីនា ឆ្នាំ​២០២១នេះ រដ្ឋបាលខេត្តកោះកុង បានចេញលិខិតមួយដោយឱ្យអ្នកស្រី លាង ហ៊ីម ហៅ ​ម៉ាហ្គោល ​យក​គ្រឿងចក្រ​មក​ជីក​កាយ​អាចម៍ដី​ចេញវិញឱ្យអស់ ដោយទុករយៈពេលមួយសប្តាហ៍ ក្រោយរកឃើញថា បុគ្គលរូបនេះបានចាក់ដី​ចូលទៅក្នុង​ចំណី​ព្រែក​ និង​ព្រៃកោងកាងរបស់រដ្ឋ ស្ថិតក្នុង​ចំណុច​ភូមិ​ទួល​គគីរ​ក្រោម ឃុំ​ទួល​គគីរ ស្រុក​មណ្ឌលសីមា។

ពលរដ្ឋម្នាក់រស់​នៅខេត្តកោះកុង លោក យួន ឈីវ ដែលចុះផ្តិតយករូបភាពផ្ទាល់ និងបានផ្សព្វផ្សាយលើបណ្តាញសង្គម​ហ្វេស​ប៊ុកកាលពីថ្ងៃម្សិលមិញ បានលើកឡើងថា អ្នកស្រី លាង ហ៊ីម ដែលលោកថាជាអ្នកមានលុយមានអំណាចនោះ ពុំទាន់កាយ​ដីចេញនៅឡើយទេ ហើយបានចាក់ដីបន្ថែមលើកន្លែងចាស់នោះ​ទៀតផង។

លោកបន្ថែមថា៖ «កាយពីកន្លែងហ្នឹង ចាក់កន្លែងហ្នឹងដដែលហ្នឹង ឱ្យនិយាយថាម៉េច​ឥលូវ! បងប្អូនជួយពិចារណាមើល ពេលចាក់អញ្ចឹង ពង្រីកដីបានដីកាន់តែធំជាងមុនទៀតដដែលហ្នឹង។ ល្មមៗបានហើយ កុំសម្បើមពេកហ្អី»

មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លី​កាដូ​ប្រចាំ​ខេត្តកោះកុង លោក ប៉ែន វុទ្ធា មានប្រសាសន៍ថា អ្នកស្រី លាង ហ៊ីម ដែលគេស្គាល់ថា ជាឈ្មួញដីដ៏ល្បីម្នាក់នៅខេត្តកោះកុងនោះ គឺពុំទាន់កាយ​ដីចេញអស់នៅឡើយទេរហូតមកដល់ថ្ងៃនេះ ខណៈរដ្ឋបាលខេត្តកោះកុង ទុកពេលឱ្យកាយអាចម៍ដីចេញវិញឱ្យអស់ត្រឹមតែមួយសប្តាហ៍។

មន្ត្រីសិទ្ធិមនុស្សរូបនេះលើកឡើងថា ករណីឈ្មួញដីកាយ​ដីចេញវិញយឺតយ៉ាវនេះ គឺដោយសារកម្សោយនិងការមិនអនុវត្តច្បាប់តឹងរ៉ឹង​របស់អាជ្ញាធរទៅលើជនល្មើសដែលមានលុយមានអំណាច។ លោកបន្ថែមថា អាជ្ញាធរខេត្តហាក់អនុវត្តច្បាប់មានស្តង់ដារពីរ ព្រោះ​កន្លងមក ​ប្រសិនជាពលរដ្ឋក្រីក្រទៅរុករានដីព្រៃរបស់រដ្ឋ គឺនឹងមានការចាត់វិធានការច្បាប់តឹងរ៉ឹង ខណៈអ្នកមានលុយមានអំណាច មិនត្រូវបានអនុវត្តបែបនេះឡើយ។

លោកបន្ថែមថា៖ «អាជ្ញាធរហាក់ដូចជាផ្តល់តម្លៃនិងពេលវេលាទៅដល់អ្នកមានលុយមានអំណាចទាំងអស់ហ្នឹង បែរជាមិនយកច្បាប់មកអនុវត្តឱ្យបានតឹងរ៉ឹង ដើម្បីជាការព្រមានទៅដល់អ្នកផ្សេងៗទៀតកុំឱ្យហ៊ានកាប់ទន្ទ្រានឬលបលួច​យកដីសាធារណៈរបស់រដ្ឋ និងតំបន់ការពារហ្នឹងទៅធ្វើជាកម្មសិទ្ធិ»

មេឃុំទួលគគីរ អ្នកស្រី គឹម សុខេម បានទទួលស្គាល់ថា ឈ្នួញដី អ្នកស្រី លាង ហ៊ីម ពិតជាពុំទាន់បានកាយអាចម៍ដីចេញតាមការកំណត់របស់រដ្ឋបាលខេត្តកោះកុងមែន។ មេឃុំរូបនេះឱ្យដឹងថា នៅព្រឹកថ្ងៃនេះ អ្នកស្រីបានហៅអ្នកចាក់លុបព្រៃកោងកាងនោះ ដើម្បីណែនាំហើយ។

អ្នកស្រីអះអាងថា មូលហេតុដែលយឺតយ៉ាវនោះ ដោយសារគ្រឿងចក្រខូច ហើយបានសុំពន្យារពេលពីរបីថ្ងៃទៀត។

អ្នកស្រីបន្ថែមថា៖ «គាត់កាយចេញតើ! ប៉ុន្តែឥលូវហ្នឹងគ្រឿងចក្រ​វាខូច ឥលូវគេយកទៅធ្វើហើយ ហើយស្អែកនេះគាត់មកកាយហើយ ខ្ញុំហៅគាត់មកជួបថ្ងៃមិញនេះ គាត់សុំពន្យារពេលពីរបីថ្ងៃទៀត»

វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកស្រី លាង ហ៊ីម ដែលរងការចោទប្រកាន់ថាបានចាក់ដីចូលមាត់ព្រែកនិងលុបដី​លើព្រៃកោងកាងបានទេ នៅថ្ងៃនេះ។

ពាក់ព័ន្ធករណីនេះ អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី ធ្លាប់ប្រាប់វីអូឌីថា អ្នកស្រី លាង ហ៊ីម បានចាក់ដីលុបមាត់ព្រែកនិងព្រៃកោងកាង ទំហំប្រហែល៣ ៣០២ម៉ែត្រការ៉េ។ លោកថា ក្រោយទទួលព័ត៌មាននេះ រដ្ឋបាលខេត្តបានតម្រូវឱ្យកាយ​ដី​ចេញ និងស្តារព្រៃកោងកាងឡើងវិញផងដែរ។

ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី៨​ នៅ​ខេត្តកំពត​ កាលពី​ខែធ្នូ ​ឆ្នាំ២០១៩​ លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ កម្ពុជា​ត្រូវការ​ពារ​ឆ្នេរសមុទ្រ​ឱ្យ​បាន​គង់វង្ស​ ដោយ​មិន​ត្រូវ​ឱ្យ​មានការ​​ចាក់​ដី​ចូល​សមុទ្រ​ឬការ​កាប់ព្រៃ​កោងកាង​ ដើម្បី​ទន្ទ្រាន​យក​ដី​នោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ