លោកស្រី​ មូរ​ សុខហួរ​ ថា​​អតីត​យុវជន CNRP ៣​នាក់​ចុះ​ចូល​បក្ស​ប្រជាជន​ ព្រោះ​ជីវភាព​និង​ការ​គំរាម​កំហែង

លោកស្រី មូរ​ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះ​ជាតិ​

មន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិ លើកឡើងថា អតីតយុវជនរបស់ខ្លួន៣នាក់បានចុះចូលគណបក្សប្រជាជនកម្ពុជា ព្រោះតែកត្តាជីវភាពនិងការគំរាមកំហែង ប៉ុន្តែមន្រ្តីបក្សកាន់អំណាច​អះអាងថា ​យុវជនទាំងនោះចូលរួមដោយស្ម័គ្រចិត្ត និងមើលឃើញពីឧត្តមភាពរបស់គណបក្សប្រជាជនកម្ពុជា។

យុវជនទាំង៣នាក់នោះ មានលោក ឃាន វិសេស អាយុ៣២ឆ្នាំ អតីតសមាជិកគណៈប្រតិភូគណបក្សសង្រ្គោះជាតិ, កញ្ញា យូ ចាន់ធានី មានវ័យ២៧ឆ្នាំ ដែលជាអតីតអ្នកអានព័ត៌មានទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី និងអតីតសមាជិក​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ ​ប្រចាំ​ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ កញ្ញា សៅ ឧសភា ហៅ សភា មយូរ៉ា ដែលមានអាយុ២៧ឆ្នាំ។

អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ និយាយថា យុវជនទាំង៣រូបនោះជាអ្នកស្រឡាញ់ប្រជាធិបតេយ្យ ដោយហ៊ានលះបង់និរទេសខ្លួនទៅក្រៅប្រទេសមួយរយៈផងដែរ។ ប៉ុន្តែថា ការសម្រចចិត្តរបស់ពួកគេពេលនេះអាចមកពីកត្តាជីវភាពគ្រួសារ និងការគំរាមកំហែងពីអាជ្ញាធររបស់គណបក្សកំពុងកាន់អំណាច។

លោកស្រីថា៖ «ខ្ញុំជឿថា បើសិនជាគាត់មានជម្រើស គាត់មិនត្រឡប់ទៅដើម្បីចូលជាមួយគណបក្សប្រជាជនកម្ពុជាទេ។ គាត់មិនដែលរត់ទៅរកអ្នកដែលចង់ចាប់ខ្លួនពួកគាត់ឡើងតុលាការទេ»។

យុវជនទាំង៣នាក់នោះ ត្រូវបានធ្វើពិធីប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា កាលពីម្សិលមិញ ដោយអភិបាលរាជធានីភ្នំ​ពេ​​ញ និងជា​ស​​មាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា លោក ឃួង ស្រេង។

លោក ឃួង ស្រេង​ ឱ្យដឹងបន្ថែមនៅថ្ងៃនេះថា ​ការទទួលយកយុវជនទាំង៣រូបឱ្យចូលជាសមាជិកបក្សរបស់ខ្លួននៅពេលនេះ ដោយ​សា​​​រតែគណបក្សប្រជាជនកម្ពុជា បើកទូលាយទទួលយកមនុស្សគ្រប់មជ្ឈដ្ឋាន ដើម្បីបន្តជីវិតនយោបាយនិងរួមគ្នាអភិវឌ្ឍសង្គមជាតិ ហើ​យ​ថា ការចុះចូលរបស់យុវជនទាំងនោះអាចឃើញពីឧត្តមភាពរបស់គណបក្សប្រជាជនកម្ពុជា។

លោកថា៖ «ក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស ប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើសយកគណបក្សនយោបាយណាមួយ ដើម្បីបន្តជីវិតនយោបាយរបស់ខ្លួន នៅពេលដែលគេមើលឃើញឧត្តមភាពគណបក្សណាមួយល្អជាងគណបក្សមួយទៀត។ ថ្ងៃក្រោយ មិនបាច់សួរខ្ញុំទេ ឱ្យតែគេចូលទៅខាងណាច្រើន គណបក្សហ្នឹងមានឧត្តមភាពហើយ»។

កញ្ញា យូ ចាន់ធានី សុំមិនផ្តល់បទសម្ភាសជុំវិញបញ្ហានេះ ខណៈលោក ឃាន វិសេស និងកញ្ញា សៅ ឧសភា មិនអាចទាក់ទងបាន។

ប៉ុន្តែកញ្ញា យូ ចាន់ធានី ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រោយមួយថ្ងៃ ពោលគឺនៅថ្ងៃទី១៤ ត្រូវបា​នសាលាដំបូងសម្រេចឱ្យឃុំខ្លួននៅពន្ធនាគារព្រៃស ដោយតុលាការចោទពីបទ «រួមគំនិតក្បត់ ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

ប៉ុន្តែអតីតអ្នកអានព័ត៌មានទំព័រហ្វេសប៊ុកលោក សម រង្ស៊ី រូបនេះ ត្រូវបានតុលាការសម្រេចឱ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយពីមានការថ្លែងសារជាសាធារណៈពីនាយករដ្ឋមន្ត្រី ដោយស្នើឱ្យមានការដោះលែងសកម្មជនបក្សប្រឆាំងទាំងឡាយដែលពាក់ព័ន្ធព្រឹត្តិការណ៍៩ វិច្ឆិកា ឆ្នាំ២០១៩។

តាមដីកាបង្គាប់ឱ្យចូលខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរ លោក កូយ សៅ ចោទប្រកាន់កញ្ញា សៅ ឧសភា ពីបទ«រួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» កាលពីអំឡុងឆ្នាំ២០១៩ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៥៣ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ដូចគ្នានេះដែរ ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ក៏បានបញ្ចាប់សុពលភាពលិខិតឆ្លងដែនធម្មតា របស់អតីតសកម្មជន២៧នាក់ ក្នុងនោះមានទាំងលោក ឃាន វិសេស ​ផងដែរ ដោយចោទថា អ្នក​ទាំងអស់នោះជា​ជនមានទោស ជាពិសេស​ពាក់ព័ន្ធ​នឹង​ការចូលរួម​ក្នុង​គម្រោង​ធ្វើ​រដ្ឋប្រហារ​ជាមួយ​លោក សម រង្ស៊ី កន្លងមក​។ 

ចាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧មក ក្រុមប្រឹក្សាជាប់ឆ្នោតបក្សនេះមួយចំនួនក៏បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា​ ​ជាថ្នូរនឹងរក្សាទុកតំណែងឱ្យជាដើម។

ក្រៅពីនេះ អតីតតំណាងរាស្ត្របក្សប្រឆាំងខ្លះក៏ចេញសុំសិទ្ធិធ្វើនយោបាយឡើងវិញ និងខ្លះទៀតបានបង្កើតគណបក្សថ្មីរួចហើយដែរ ដើម្បីត្រៀមប្រកួតការបោះឆ្នោតឆ្នាំ២០២២ និង២០២៣ខាងមុខ ខណៈមេដឹកនាំរបស់ខ្លួននៅជាប់បណ្តឹងតុលាការនៅឡើយនោះ។

អ្នកសិក្សាសង្គម លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា លំហូរចេញមកបង្កើតបក្សថ្មី និងការចុះចូល មិនមានអ្វីថ្មីទេ បើគេសង្កេតច្រើនអាណត្តិមកនេះ ដោយគ្រាន់តែបក្សកាន់អំណាចប្តូររូបភាពតែប៉ុណ្ណោះ។

លោកថា៖ «ពីអាណត្តិមុនៗ យើងឃើញថា កាចុះចូលរបស់មន្ត្រីបក្សប្រឆាំងទៅក្នុងបក្សកាន់អំណាចហ្នឹង មានការដូចជាតួនាទី មានរង្វាន់ជាលុយជាកាក់ជាទ្រព្យសម្បត្តិអញ្ចឹងទៅ ប៉ុន្តែមកដល់ឥលូវ ស្ថានភាពមានការប្រែប្រួល គឺចាប់ដាក់គុក ដើម្បីគំរាមឱ្យមានការចុះចូល»។

ប៉ុន្តែលោកថា ដើម្បីវាយតម្លៃថា គណបក្សណាមួយជាអ្នកមានឧត្តមភាពឬមានប្រជាពលរដ្ឋគាំទ្រច្រើនជាងគេ វាទាល់តែវាស់វែងតាមរយៈការរៀបចំឱ្យមានការបោះឆ្នោតមួយមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានការគំរាមកំហែង ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ