អ្នក​សារ​ព័ត៌មាន​​២​នាក់​ត្រូវ​គេ​វាយ​​​ពេល​ចុះ​យក​ព័ត៌មាន​នៅ​វង់​ល្បែង​មួយ​កន្លែង​

ទិដ្ឋភាពីមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប-Siem Reap Provincial Police)

អ្នកសារព័ត៌មាន២រូបនៅខេត្តសៀមរាប ត្រូវបានមនុស្សជិត១០នាក់វាយតប់ពេលដែលពួកគេចុះយកព័ត៌មាននៅទីតាំងមួយកន្លែងដែលពលរដ្ឋអះអាងថា ជាទីតាំង​​លេងល្បែងស៊ីសង។

ប្រធានមន្ទីរព័ត៌មាន​ខេត្តសៀមរាប លោក លីវ សុខុន បានមានប្រសាសន៍នៅថ្ងៃពុធម្សិលមិញ​ថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក្រុមអ្នកសារព័ត៌មានចំនួនបីនាក់បានចុះទៅយកព័ត៌មាននិងផ្តិតយករូបភាពនៅទីតាំងមួយកន្លែង ស្ថិតនៅក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ក្រោយពី​ទទួលព័ត៌មានពីប្រជាពលរដ្ឋថា ទីតាំងនោះមានគេលេងល្បែងស៊ីសង។

លោក​បន្តថា នៅពេលចុះយកព័ត៌មាននោះ អ្នកសារព័ត៌មានម្នាក់នៅចាំរថយន្ត ចំណែកពីរនាក់ទៀត ក្នុងនោះមានលោក ឈិត សាវី អ្នកសារព័ត៌មានទូរទស្សន៍ BTV និងលោក ប្រាក់ សុខឡេង ជាអ្នកសារព័ត៌មានរបស់គេហទំព័រ​សារព័ត៌មាន​រំដោះជាតិ បានចូលទៅកន្លែងកើតហេតុដោយផ្ទាល់ ហើយ​ក៏ត្រូវជនមិនស្គាល់​មុខប្រមាណ៧ទៅ៨​នាក់បានវាយទៅលើពួកគេ និងបានយកកាមេរ៉ារបស់អ្នកយកព័ត៌មាន BTV។

លោក លីវ សុខុន មានប្រសាសន៍ថា៖ «គ្រាន់តែប្រតាយប្រតប់គ្នា ដៃនិងដៃ វាមិនមាន [របួសធ្ងន់ធ្ងរ​] នេះទេ ហើយនិងការប្រតាយប្រតប់គ្នាហ្នឹង មិនកៀកកិត​​គ្នាខ្លាំងដែរ គ្រាន់តែ! គ្រាន់តែខាងនោះគេមក យើងអ្នកសារព័ត៌មានបោះដៃការពារខ្លួនអញ្ចឹង។ សំខាន់គេចូលវាយ យើងមិនបានប្រុងប្រយ័ត្នមុនអញ្ចឹង វាយត្រូវខ្លាំង ប៉ុន្តែមិនមានរបួសស្នាមទេ គ្រាន់ថាកម្លាំងដៃនេះ»។

ពាក់ព័ន្ធនឹងករណីនេះ ស្នងការនគរបាលខេត្តសៀមរាប លោក ទិត្យ ណារ៉ុង បានមានប្រសាសន៍​ថា លោក​បានទទួលពាក្យបណ្ដឹងរបស់​អ្នកសារព័ត៌មាន​ទាំង២រូបនោះហើយ​ ហើយ​លោក​បានបញ្ជាឱ្យមន្រ្តីជំនាញធ្វើការស៊ើបអង្កេតស្រាវជ្រាវជុំវិញករណីហិង្សានេះ និងស្វែងរកជនបង្កដើម្បីចាត់វិធានការទៅតាមនីតិវិធីច្បាប់។

លោកមានប្រសាសន៍ថា៖ «ខ្ញុំបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះហើយ ខ្ញុំកំពុងធ្វើការស្រាវជ្រាវស៊ើបអង្កេត [ខាងមន្ត្រី]ជំនាញកំពុងតែធ្វើការ ស្ថិតនៅក្នុងការស៊ើបអង្កេតស្រាវជ្រាវ គេកំពុងតែធ្វើការហើយ»។

អធិការស្រុកសូទ្រនិគម លោក ទេព ចាន់ណា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ អាជ្ញាធរកំពុងតែកោះហៅអ្នកពាក់ព័ន្ធជុំវិញករណីនេះមកសួរនាំ។

លោកមានប្រសាសន៍ថា៖ «ស៊ើបអង្កេតហើយ ស៊ើបអង្កេត ប៉ុន្តែវាអត់ទាន់ជុំ! បានន័យថាយើងហៅមនុស្សសួរអត់ទាន់អស់។ មិនទាន់បានចាប់ បានចងអី វាកំពុងឆ្លើយដាក់គ្នា»។

ទោះយ៉ាងណា អ្នកសារព័ត៌មានទូរទស្សន៍ BTV លោក ឈិត សាវី បានបដិសេធអត្ថាធិប្បាយ​ជុំវិញករណីនេះ ខណៈអ្នកសារព័ត៌មានដែលជាជនរងគ្រោះមួយរូបទៀត លោក ប្រាក់ សុខឡេង ពុំអាចទាក់ទងសុំការអត្ថាធិប្បាយបាន។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ ខេមបូចា លោក ណុប វី បានជំរុញដល់​​អាជ្ញាធរមានចំណាត់ការទៅលើជនបង្កយកមកផ្តន្ទាទោស​តាមច្បាប់ ដើម្បីបញ្ចប់បទល្មើសទៅលើអ្នកសារព័ត៌មាន ខណៈលោកសង្កេតឃើញថា ជនល្មើសដែលបានវាយដំអ្នកសារព័ត៌មាន ជាទូទៅមិនត្រូវបានអាជ្ញាធរមូលដ្ឋានចាប់យកមកផ្ដន្ទាទោសឡើយ។

លោកមានប្រសាសន៍ថា៖ «អាជ្ញាធរគួរតែធានាយុត្តិធម៌ ឬការបង្រ្កាបទៅលើជនដែលប្រព្រឹត្តបទល្មើស ការវាយដំដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ត្រូវធានាថា ពួកគេត្រូវចាប់មកផ្ដន្ទាទោស។ ការធ្វើដូច្នេះ គឺវាអាចឈានទៅបញ្ចប់ការប្រព្រឹត្តបទល្មើសមកលើអ្នកសារព័ត៌មាន ឬមួយក៏បញ្ចប់និទណ្ឌភាពប្រឆាំងជាមួយនឹងអ្នកប្រព្រឹត្តបទល្មើសមកលើអ្នកសារព័ត៌មានហ្នឹង​បាន»។

គួរបញ្ជាក់ថា កាល​ពីយប់រំលងអធ្រាត្រ​ថ្ងៃទី​១៣​ ឈានចូល​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ចាងហ្វាងកាសែតអាណាចក្រខ្មែរ លោក ប្រន ស៊ាន ក៏ត្រូវបានជនមិនស្គាល់មុខវាយ​ជាច្រើនដំបង ​បណ្តាលឱ្យ​រងរបួសធ្ងន់ផងដែរ នៅពេលដែលលោកកំពុងសម្រាន្តលង់លក់ នៅចំណុចមុខប្រាសាទបេងមាលា ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ក្រោយពីលោក​ត្រឡប់មកពីយកព័ត៌មាននៅស្រុកគូលេន ខេត្តព្រះវិហារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ