ស.ស.ស.ក​ អំពាវនាវ​ឱ្យ​​បញ្ឈប់​ការ​​ផ្សាយ​​ព័ត៌មាន​មិន​​ពិត​​ពាក់​ព័ន្ធ​កូវីដ-១៩​

បុរស​ម្នាក់​កាន់​ទូរសព្ទ​របស់​ខ្លួន​ដែល​កំពុងតែ​ដំណើរការ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ (ហេង វិចិត្រ​)

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) អំពាវនាវដល់បណ្តាអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់    បណ្តាញសង្គមទាំងអស់ រួមគ្នាពង្រឹងក្រមសីលធម៌ក្នុងការផ្សព្វផ្សាយព័ត៌មាន ដោយកុំផ្សាយព័ត៌មានក្លែងក្លាយ ជាពិសេសពាក់ព័ន្ធជំងឺកូវីដ-១៩ ដែលនាំឱ្យអាប់អួក្នុងសង្គម បង្កើតឱ្យមានទោសខ្លួនឯង។

ក្នុងសេចក្តីអំពាវនាវរបស់ ស.ស.ស.ក បានឱ្យដឹងនៅថ្ងៃនេះថា នាពេលបច្ចុប្បន្ននេះ សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលដែរ គឺត្រូវការការចូលរួមផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ករណីនេះ (ស.ស.ស.ក) អំពាវនាវដល់​អ្នកសារព័ត៌មាន រួមទាំង​អ្នកប្រើប្រាស់បណ្តាញសង្គម ចូលរួមដោយមនសិការ ចៀសវាងឆក់ឱកាសនៅក្នុងគ្រាលំបាកនេះបង្កើតនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនិងព័ត៌មានបំពុល ដែលនាំឱ្យ​មានការយល់ខុស បង្កើតទោសកំហុសឱ្យ​ខ្លួនឯង និងបង្កើតភាពអាប់អួក្នុងសង្គម។

ស.ស.ស.ក បញ្ជាក់ថា ថ្មីៗនេះមានការបង្កើតព័ត៌មានក្លែងក្លាយតាមរយៈបណ្តាញសង្គម Facebook, YouTube, និង Tik Tok  ដែលកំពុងកើនឡើង រហូតក្រសួងព័ត៌មានសម្រេចលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មានមួយចំនួន ដែលប្រើប្រាស់ខុសវិជ្ជាជីវៈ ជាដើម។

សេចក្តីអំពាវនាវបញ្ជាក់ដូច្នេះថា៖ «ពិតណាស់ ពហុមតិ គឺជាសួនច្បារនៃប្រជាធិបតេយ្យ។ ក៏ប៉ុន្តែបើពហុមតិពោរពេញដោយការប្រមាថ ការបំភ្លៃ និងការបំពុល នោះគឺជាទង្វើដែលនាំឱ្យ​អាប់ឱនដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រជាជាតិ និងជាមេរោគសង្គមទៅវិញទេ»។

សេចក្តីអំពាវនាវបន្តថា៖ «បញ្ហាប្រើប្រាស់សិទ្ធិសេរីភាពហួសព្រំដែនប៉ាតណាប៉ាតណី ខ្វះការទទួលខុសត្រូវនិងគ្មានសុជីវធម៌ ភាសាប្រមាថចំពោះអ្នកចាក់វ៉ាក់សាំងថាជាសត្វត្រូវគេពិសោធ និងការប្រឌិតព័ត៌មានចំពោះអ្នកស្លាប់ថា ស្លាប់ដោយសារការចាក់វ៉ាក់សាំង នេះគឺជាទង្វើអសីលធម៌អាក្រក់ហួសហេតុ»។

ស.ស.ស.ក បន្ថែមថា អ្នកសារព័ត៌មានត្រូវមាន​ក្រមសីលធម៌វិជ្ជាជីវៈ ការពិតត្រឹមត្រូវ មានតុល្យភាព និងអាចផ្ទៀងផ្ទាត់បាន និង​មិនត្រូវបញ្ចេញមតិគំនិតយោបល់ហួសហេតុ ដែលនាំឱ្យ​​មានគ្រោះថ្នាក់ដល់សង្គមនិងខ្លួនឯង។

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងព័ត៌មានបាន​សម្រេច​លុបប្រកាសលេខ ៣៣៦ ព.ម ក្រប ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ របស់ខ្លួនដែលអនុញ្ញាតឱ្យលោក ផែង វណ្ណៈ បើកដំណើរការអាជីវកម្មគេហទំព័រឈ្មោះ «www.phengvannaknews.com»។ ក្រសួងបានបញ្ជាក់ក្នុងប្រកាសដដែលថា ម្ចាស់អាជ្ញាបណ្ណបានជេរប្រមាថ​ព្រះសង្ឃ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ហើយជាការបំពានធ្ងន់ធ្ងរលើវិជ្ជាជីវៈនិងកិច្ចសន្យាអាជីវកម្មដែលសាម៉ីខ្លួនបានតម្កល់ទុកនៅក្រសួង។

ក្រោយមក នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានចំនួន២ទៀត រួមមាន កាសែតឈ្មោះ «យុវជនតេជោ»  និងគេហទំព័រឈ្មោះ ស្ទឹងច្រាល​ប៉ុស្តិ៍  «www.S​teng​chralpost.com» ដែលបានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បំពុលសង្គម បង្កឱ្យមានភាពច្របូកច្របល់ ដែលជាការ​បំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈនៃច្បាប់ស្តីពីរបបសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាម៉ីខ្លួនដាក់តម្កល់​នៅក្រសួងព័ត៌មាន។

កាលពីពេលថ្មីៗនេះក៏មាន​ម្ចាស់​គណនី​ Tik Tok​ ដែល​មានឈ្មោះ​ «Rachana​ BK» បាន​បង្ហោះ​វី​ដេ​អូ​មាន​ខ្លឹមសារ​ជាសំឡេងថា «ភ្នំពេញ ​គេ​អាច​បិទ​ច្រក​យប់​ហ្នឹង​ គេ​ប្រកាស​អាសន្ន​បិទ​ច្រក​លែងឱ្យ​​​ចូល​ភ្នំពេញ» ត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ ហៅមកសួរនាំ និងធ្វើកិច្ចសន្យាឱ្យត្រឡប់ទៅផ្ទះវិញផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ