មន្ត្រី​ខេត្ត​និង​អង្គការ​មួយ​រក​ជំនួយ​​ជួយ​កុមារ​​ផ្ទុក​មេរោគ​អេដស៍​នៅ​បាត់ដំបង

មន្ត្រីសុខាភិបាលខេត្តបាត់ដំបង និងមន្ត្រីអង្គការពាក់ព័ន្ធ ចុះចែកសម្ភារ និងគ្រឿងឧបភោគបរិភោគជាច្រើនជូនកុមារផ្ទុកមេរោគអេដស៍ ចំនួន​១៣៨​នាក់ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង Battambang Provincial Health Department)

មន្ត្រី​សុខាភិបាលខេត្តបាត់ដំបង និងអង្គការ​មួយ​ ប្រកាស​​ស្វែងរក​ជំនួយ​​សប្បុរសធម៌​​ពី​សាធារណជន ដើម្បីកៀរគរថវិកាជួយដល់កុមារ​ផ្ទុកមេរោគអេដស៍ជាង២០០នាក់ នៅឃុំរកា ស្រុកសង្កែ និងស្រុកដទៃទៀតក្នុងខេត្តនេះ ដែល​កំពុង​ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដល់ការសិក្សា ជីវភាពរស់នៅ និង​​ការថែទាំសុខភាព ក្នុងអំឡុងវិបត្តិកូវីដ-១៩។

ការប្រកាស​ស្វែងរក​ជំនួយ​សប្បុរសធម៌​នេះ បាន​ធ្វើ​ឡើង​ក្រោយពីអង្គការមួយ​ដែលគាំទ្រនិងផ្ដល់ថវិកាជួយដល់កុមារទាំង​នោះ បានផ្អាកផ្ដល់ជំនួយ​រយៈពេល៣ខែមក​ហើយ​ ពោលចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០២០មក ដោយសារគម្រោងបានបញ្ចប់។

អនុប្រធាន​មន្ទីរ​សុខាភិបាលខេត្ត​បាត់ដំបង ​លោក ស៊ូ សានិត ប្រាប់ វីអូឌី នៅថ្ងៃនេះថា ការស្វែងរក​ជំនួយ​សប្បុរសធម៌​នេះ ដោយសារអាជ្ញាធរ​មើលឃើញថា កុមារផ្ទុកមេរោគអេដស៍ចំនួន២១១នាក់ កំពុងជួបការលំបាក​ក្នុងការទៅទទួលសេវាព្យាបាល និងការអប់រំ​ ដោយសារកត្តាជីវភាពគ្រួសាររបស់ពួកគេធ្លាក់ចុះ។

លោកថា៖ «ក្មេងដែលកំពុងព្យាបាលនៅទីនោះ ដែលគាត់កំពុងខ្វះខាតអាហារ ដោយសារយើងមើលគីឡូ ​យើងតាមដានសុខភាពគាត់​ គីឡូគាត់​ក្រិះក្រិន។​ ហើយក្នុងស្ថានភាពសព្វថ្ងៃ ពី​ស្ថានភាពជីវភាព​ប្រជាពលរដ្ឋដែលគាត់រកអីមិនសូវបាន​ អ៊ីចឹងវាធ្វើឱ្យប៉ះពាល់ទៅលើការជួយអាហារក្មេងហ្នឹងឱ្យបានគ្រប់គ្រាន់ អ៊ីចឹងវាប៉ះពាល់ខ្លាំងដែរ។ មួយទៀតយើងចង់ជំរុញឱ្យគាត់មកទទួលការព្យាបាលឱ្យបានជាប់លាប់ កុំឱ្យគាត់បោះបង់សេវាហ្នឹង»។

បើតាមមន្ត្រីសុខាភិបាលរូបនេះ ​អ្នក​ផ្ទុកមេរោគ​អេដស៍​ទាំង​ចាស់ទាំង​ក្មេងនៅឃុំរកា មានចំនួន៥ ៤៣៧​​នាក់​។

លោកបន្តថា នៅខេត្តបាត់ដំបង មានមន្ទីរពេទ្យចំនួន៥កន្លែង សម្រាប់ព្យាបាលអ្នកផ្ទុកមេរោគ​អេដស៍មនុស្សពេញវ័យ ខណៈមន្ទីរពេទ្យ៤​កន្លែងទៀតសម្រាប់ព្យាបាល​កុមារដែលផ្ទុកមេរោគអេដស៍អាយុក្រោម១៥ឆ្នាំ រួមមាន​ មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង មន្ទីរពេទ្យបង្អែក​ឃុំរកា ស្រុក​មោងឫស្សី និង​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅលូន​។

អ្នកសម្របសម្រួលកម្មវិធី​អេដស៍​ នៃ​អង្គការសុខភាពគ្រួសារអន្តរជាតិ (FHI360) ​លោក លឹម គឹមសេង ដែលបានចូលរួមផ្តួចផ្តើម​កម្មវិធីសប្បុរសធម៌ បានលើកឡើងថា ការស្វែងរក​ជំនួយនេះ គឺ​ដើម្បីជួយ​គាំទ្រ​ឱ្យ​កុមារមានផ្ទុកមេរោគអេដស៍ទាំងនោះ ​​អាច​​បន្ត​មក​ទទួល​ការព្យាបាល​បាន​ជា​ទៀងទាត់ ទោះបីជាអង្គការដែលជួយគាំទ្រថវិកាកន្លងមក មិនទាន់ទទួលបានគម្រោងថ្មីបន្តជួយពួកគាត់ក៏ដោយ ​។

លោកបន្តថា៖ «NGO ដែលធ្លាប់ជួយគាំទ្រថ្លៃធ្វើដំណើរកន្លងមក ស្ថិតនៅរង់ចាំចម្លើយពីម្ចាស់គម្រោង មានន័យថា គួរត្រូវបន្តទៀតឬយ៉ាងណា​ ហើយបើបន្ត ស្ថិតនៅក្នុងទំហំប៉ុណ្ណា។ អ៊ីចឹងអន្តរកាលនៃការរង់ចាំ ពួកគាត់អត់មានអ្នកគាំទ្រទេ អត់មានអ្នកឱ្យថ្លៃគាត់មកទទួលសេវា ​អ៊ីចឹង​គាត់មិនចង់មកទេ ព្រោះជីវភាពរបស់គាត់ខ្វះខាត ហើយអ្នកខ្លះនៅឆា្ងយ ហើយគាត់រំពឹងថា ពេលមកបើកថ្នាំ មានថ្លៃធ្វើដំណើរ។ អ៊ីចឹងបានពួកយើងរៀបកម្មវិធីនេះ ដើម្បីជួយពួកគាត់»។

លោក លឹម គឹមសេង បន្តថា ការប្រកាសស្វែងរកជំនួយសប្បុរសធម៌ធ្វើឡើងចាប់ពីថ្ងៃទី១៧ ខែមីនា រហូត​ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ក្រុមការងារមនុស្សធម៌បានទទួលថវិកាឧបត្ថម្ភពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសប្រហែល៧ ០០០ដុល្លារ និងសម្ភារមួយចំនួនទៀតពីអង្គការសង្គមស៊ីវិលមួយចំនួន​។

អ្នកភូមិរស់នៅភូមិរកា ឃុំរកា ម្នាក់ បានឱ្យដឹងថា គ្រួសារអ្នកស្រី​មានសមាជិកចំនួន៣នាក់ដែលផ្ទុកមេរោគអេដស៍ ក្នុងនោះមាន​រូបគាត់ និងស្វាមី រួមនឹង​​កូនអាយុ៨​ឆ្នាំម្នាក់។

អ្នកស្រី​បន្តថា កន្លងមក គ្រួសាររបស់គាត់តែងតែទៅទទួលសេវាសុខាភិបាល និងបើកថ្នាំទៅតាមពេលកំណត់របស់​គ្រូពេទ្យ ក្នុងនោះការចំណាយលើ​ការធ្វើដំណើរ​ទៅ​មន្ទីរពេទ្យ ត្រូវ​បាន​អង្គការមួយ​ជាអ្នកចេញឱ្យ ប៉ុន្តែចាប់ពីអង្គការនោះ​ឈប់ជួយមក ពួកគាត់មិនបានទៅរកសេវាទៀងទាត់នោះឡើយ។

អ្នកស្រីនិយាយថា៖ «នៅពេលដែលអង្គការជួយអ៊ីចឹង បានយើងទៅបើកថ្នាំបានទៀងទាត់! ព្រឹកមិញគេបានជួយជាអង្ករ លុយ ដៃខ្មៅ ប៊ិក ប៉ុង កន្ទេល សាប៊ូ ទឹកត្រី ជាដើម​។ ខ្ញុំសប្បាយ​ចិត្ត ចង់ឱ្យគេជួយអ៊ីចឹងរហូត! ព្រោះជួយដល់ជីវភាពយើងទៅ បានទៅបើកថ្នាំរាល់ខែ អ្នកខ្លះលំបាកជាងគ្រួសារខ្ញុំ»។

កាលពីខែធ្នូ ឆ្នាំ២០១៤ អ្នកភូមិឃុំរកា រាប់រយនាក់ មានចាប់តាំងកុមារតូច រហូតដល់ម​នុស្សវ័យ​ប្រមាណ៨០ឆ្នាំ រួមទាំង តាអាចារ្យ និងព្រះសង្ឃផងដែរ បានឆ្លងមេរោគអេដស៍។ ប្រភពសំខាន់នៃការឆ្លងមេរោគអេដស៍ពេលនោះ ត្រូវបានក្រសួងសុខាភិបាល​រកឃើញថា ​បណ្តាល​មកការ​ចាក់​ថ្នាំនិង​ការ​ចាក់​សេរ៉ូមដែលបង្កឡើងដោយគ្រូពេទ្យប្រចាំភូមិម្នាក់ គឺលោក យ៉ែម ជ្រិន។

យ៉ាងណា កាល​ពី​ឆ្នាំ​២០១៥ តុលាការ​ខេត្ត​បាត់ដំបង បាន​កាត់​ទោសលោក យ៉ែម​ ជ្រិន ឱ្យជាប់​ពន្ធនាគារ​ចំនួន​២៥​ឆ្នាំ ​ពី​បទ «បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ បទ​ប្រព្រឹត្ត​ក្នុង​ចេតនា​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នក​ដទៃ​ និង​បទ​ទារុណកម្ម​​ដែល​មាន​ស្ថាន​ទម្ងន់​ទោស»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ