ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ក្នុង​ឆ្នាំ​២០២០​​កើន​ ១៦,៧២%​ បើ​ធៀប​នឹង​ឆ្នាំ​ចាស់​

កំពង់ផែនៅខេត្តព្រះសីហនុ ថតពីចម្ងាយ កាលពីឆ្នាំ២០១៨។ (ហេង វិចិត្រ)

រដ្ឋាភិបាលបានឱ្យ​ដឹងថា ទំហំពាណិជ្ជកម្មរបស់កម្ពុជា​កាលពីឆ្នាំ២០២០ នាំចេញទៅក្រៅប្រទេស មានទំហំទឹកប្រាក់ ចំនួន១៧ ២១៥,៣៧លាន​ដុល្លារ ពោលគឺ​មានការកើនឡើង ១៦,៧២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

យោងតាមរបាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ ឆ្នាំ​២០២០ និ​ងទិសដៅការងារ​ពាណិជ្ជកម្ម ឆ្នាំ​​២០២១ របស់​ក្រសួង​ពាណិជ្ជកម្ម បានឱ្យដឹង​ថា ទំហំ​ពាណិជ្ជកម្មធ្វើឱ្យកម្ពុជាសម្រេចបាន៣៥ ៨០៥,៨៥លា​នដុល្លារអាមេរិក កើនឡើង ២,៥៤% ដែលក្នុងនោះ ការ​នាំចេញមាន​ចំនួន១៧ ២១៥,៣៧លាន​ដុល្លារ​អាមេរិក ពោល​មានការកើនឡើង ១៦,៧២% ។

ចំណែកការនាំចូលមាន១៨ ៥៩០,៤៨លានដុល្លារអាមេរិក ពោលគឺ​​មានការថយចុះ ៧,៨៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។

របាយការណ៍ដដែលឱ្យដឹងទៀតថា កាលពីឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្ម បានផ្ដល់អាជ្ញាបណ្ណនាំចេញ ចំនួន៥៣ច្បាប់ មានទឹកប្រាក់៥ ៣០៧ ៨៥៨,៨៧ដុល្លារអាមេរិក និងពន្យារអាជ្ញាបណ្ណនាំចេញ ចំនួន២៣ច្បាប់ និងផ្ដល់លិខិតជូនដំណឹងទំនិញឆ្លងកាត់ ចំនួន៣៣ច្បាប់ និងផ្ដល់អាជ្ញាបណ្ណនាំចូល ចំនួន១០ច្បាប់ ដែលមានទឹកប្រាក់សរុប១ ២៤១ ២៧៥,៣០ដុល្លារអាមេរិក និងបានពន្យារអាជ្ញាបណ្ណនាំចូល ចំនួន១ច្បាប់​។

បន្ថែមពីនេះ ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្ម​ ក៏បានផ្ដល់លិខិតបញ្ជាក់​អំពីការនាំចេញនិងនាំចូល​ត្បូងពេជ្រដែលមិនទាន់កែច្នៃនិង​សល់ពីការកែច្នៃ ហើយក្នុងនោះការនាំចូលមានចំនួន២៣ច្បាប់ ដែលមានទឹកប្រាក់ចំនួន២៣ ៨៩៩ ០៦៤,៧០ដុល្លារអាមេរិក រួមទាំងការនាំចេញមានចំនួន២២ច្បាប់ សរុបជាទឹកប្រាក់១៩ ៨២១ ៩៦៦,០៧ដុល្លារអាមេរិក ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ