រដ្ឋា​ភិបាល​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​មួយ​សង់​ច្រាំង​ទន្លេ​ឡើង​វិញ​នៅ​ស្រុក​២​ក្នុង​ខេត្ត​កំពង់ចាម

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ បានចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេ ស្ថិតនៅក្នុងភូមិគគីរ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ។ (វេបសាយ៖ cpp.org.kh)

រដ្ឋាភិបាលសម្រេចឱ្យរដ្ឋបាលខេត្តកំពង់ចាម សហការជាមួយក្រុមហ៊ុនមួយ សាងសង់ច្រាំងទន្លេឡើងវិញ នៅស្រុកស្រីសន្ធរ និងស្រុកកងមាស ក៏ដូចជាបូមដីដុះថ្មីនៅតំបន់នោះចេញ ដើម្បីតម្រង់ចរន្តទឹកហូរនិងបញ្ចៀសការបាក់ស្រុតច្រាំងទន្លេមេគង្គ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម ចេញកាលពីម្សិលមិញ បានឱ្យដឹងថា កន្លងមក ប្រជាពលរដ្ឋរស់នៅតាម​ដង​ទន្លេមេ​គង្គ តែងតែជួបប្រទះនឹងការបាក់ស្រុតច្រាំងទន្លេជារឿយៗ ធ្វើឱ្យប៉ះពាល់ដល់​លំនៅដ្ឋាន ផ្ទៃដីបង្កបង្កើនផល មន្ទីរ​ពេទ្យ វត្តអារាម សាលារៀន និងផ្លូវគមនាគមន៍នានា ដោយសារតែការប្រែប្រួលនៃចរន្តទឹកក្នុងទន្លេមេគង្គ និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅទីនោះ ជាដើម។

ករណីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ​បានសម្រេចឱ្យរដ្ឋបាលខេត្តកំពង់ចាម ប្រគល់សិទ្ធិឱ្យ ក្រុមហ៊ុន រីវើសាយ ឌីវេឡុបម៉ិន ឯ.ក សាងសង់ច្រាំងទន្លេឡើងវិញ និងបូមដីកោះដុះថ្មី​ ដើម្បីតម្រង់ចរន្តទឹកហូរក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ និងស្រុកកងមាស បញ្ចៀសការបាក់ស្រុតច្រាំងទន្លេមេគង្គ តាមបច្ចេកទេសត្រឹមត្រូវ ស្របតាមច្បាប់ជូនប្រជាពលរដ្ឋ។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា តំបន់អាទិភាពដែលប្រឈមខ្លាំងជាងគេ និង​ត្រូវចុះអនុវត្តមុនគេនោះ រួម​មាន ស្ថិតនៅ​ឃុំឫស្សីស្រុក​ ស្រុកស្រីសន្ធរ សាងសង់ច្រាំងទន្លេប្រវែង១ ០០០​ម៉ែត្រ, ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ សាងសង់ច្រាំងទន្លេ៥០០ម៉ែត្រ និងឃុំសូរគង ស្រុកកងមាស ត្រូវសាងសង់ច្រាំងទន្លេ៥០០ម៉ែត្រផងដែរ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា មានប្រសាសន៍ថា ដើមចមដែលនាំឱ្យរដ្ឋាភិបាលសម្រេចធ្វើការ​សាងសង់ច្រាំងទន្លេនៅស្រុកទាំងពីរនេះ ដើម្បីទប់ស្កាត់ការបាក់ច្រាំង និងការពារកុំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេទាំងនោះបន្តទៀត។

លោក​​បញ្ជាក់ថា កាលពីម្សិលមិញនេះ មន្ត្រីជំនាញក៏បានប្រជុំជាមួយក្រុមហ៊ុន ដើម្បីធ្វើច្រាំងទន្លេនោះឱ្យស្របតាម​​ស្តង់ដារនិងមានគុណភាពផងដែរ។

លោកមានប្រសាសន៍ថា៖ «ការងារបច្ចេកទេស ជាអាទិភាពបំផុតដែលរដ្ឋាភិបាលប្រគល់ឱ្យខេត្តជាអ្នកសម្រេចក្នុងការសម្របសម្រួលជាមួយក្រុមហ៊ុនធ្វើច្រាំង ក្រុមហ៊ុនមានបច្ចេកទេសត្រឹមត្រូវរបស់គេ មន្ត្រីជំនាញសុទ្ធតែអ្នកបានបញ្ចប់សញ្ញាបត្របណ្ឌិតមកពីសហរដ្ឋអាមេរិក។ កាលពីម្សិលមិញ បានប្រជុំជាមួយគ្នា បានធ្វើបទបង្ហាញពីបញ្ហាបច្ចេកទេសនេះ យើងឃើញថា បច្ចេកទេសរបស់គាត់ យើងអាចទទួលយកបាន ដែលអាចធានាក្នុងការទប់ស្កាត់ការបាក់ច្រាំងបន្តទៀត បន្ទាប់ពីធ្វើច្រាំងទន្លេនេះហើយ»។

អភិបាលស្រុកស្រីសន្ធរ លោក សឹម គង់ មានប្រសាសន៍ថា នៅថ្ងៃនេះ ក្រុមការងារជំនាញរបស់ខេត្ត និងតំណាងក្រុមហ៊ុន កំពុងធ្វើការងារបូមដីដុះថ្មីនៅតំបន់តម្រង់ចរន្តទឹកហូរ មកដាក់នៅកៀនច្រាំងដែលបាក់ ដើម្បីត្រៀមសាងសង់ច្រាំងនៅតំបន់នោះ។

អភិបាលស្រុករូបនោះបន្ថែមថា ករណីបាក់ស្រុតច្រាំងទន្លេមេគង្គ និងព្រែកក្នុងខេត្តកំពង់ចាម រយៈពេលត្រីមាសទី៣ កាលពីឆ្នាំ២០១៩ បានកើតឡើងចំនួន៤លើក ហើយបណ្តាលឱ្យបាក់ស្រុតដីច្រាំងប្រវែង២ ៤៤៥ ម៉ែត្រ និងទទឹង៨១ម៉ែត្រ ធ្វើឱ្យពលរដ្ឋរុះរើផ្ទះប្រមាណចំនួន១២ខ្នង ស្មើនឹង១២គ្រួសារ។

ប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន រីវើសាយ ឌីវីឡុបម៉ិន ឯ.ក  លោក លី វុទ្ធី បានប្រាប់ វីអូឌី នៅថ្ងៃនេះថា ការងារនេះក្រុមហ៊ុននឹងធ្វើតាមស្តង់ដារ ដោយសារអ្នកដឹកនាំធ្វើមានបទពិសោធន៍ច្រើនមកពីក្រៅប្រទេស។ លោកបន្តថា នៅថ្ងៃនេះក្រុមការងារជំនាញចាប់ផ្តើមធ្វើការបូមដីដុះនៅតំបន់នោះហើយ ដើម្បីយកទៅទប់ច្រាំងដែលបាក់បណ្តោះអាសន្ន។

លោកមានប្រសាសន៍ថា៖ «វាជិតដល់ខែភ្លៀង ជិតដល់ខែទឹកឡើងទៀត អញ្ចឹងយើងធ្វើម៉េចដើម្បីទប់ការងារហ្នឹង ដើម្បីកុំឱ្យមានការបាក់ច្រាំងមកទៀត»។

ទោះយ៉ាងណាក៏ដោយ លោក លី វុទ្ធី នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា ការសាងសង់នឹងត្រូវប្រើរយៈពេលប៉ុន្មាននោះ។​

ប្រជាពលរដ្ឋរស់នៅភូមិឫស្សីស្រុក ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោក គី ម៉ៅ បង្ហាញក្តីរីករាយនៅពេលបានដឹងថា រដ្ឋាភិបាលនិងអភិបាលខេត្តជួយធ្វើច្រាំងទន្លេមេគង្គនេះ។

លោក​អះអាងថា កាលពីឆ្នាំ២០០០ រហូតមកដល់ឆ្នាំ២០១២ ច្រាំងទន្លេបាក់ស្រុតតិចៗតែប៉ុណ្ណោះ ប៉ុន្តែចាប់ពី​ឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ ដីដុះថ្មីនៅលើកោះនោះបានដុះច្រើន ធ្វើឱ្យចរន្តទឹកហូរប៉ះជាមួយច្រាំងទន្លេ បន្តបាក់ស្រុតខ្លាំងទៅៗ បណ្តាលឱ្យខូចខាតផ្ទះ សាលារៀន វត្តអារាម និងលំនៅដ្ឋានប្រជាពលរដ្ឋ ជាដើម ដែលធ្វើឱ្យប្រជាពលរដ្ឋជួបបញ្ហាប្រឈមច្រើនក្នុងជីវភាពគ្រួសារ។

លោកនិយាយថា៖ «បញ្ហាខ្លាំង រុះរើផ្ទះ! ទី២ ពិបាករកទិញដីភូមិទៀត ទៅទិញទីលំនៅ ដីឥលូវដូចដឹងស្រាប់ហើយ វាថ្លៃណាស់។ ប្រជាពលរដ្ឋខ្លះគាត់រុះហើយ គាត់មករកដីកន្លែងណាធូរថ្លៃបាន គាត់មកទិញធ្វើរោង ធ្វើតូបរស់នៅសិនទៅ បានរាជរដ្ឋាភិបាលធ្វើឱ្យអញ្ចឹងទៅ ប្រជាពលរដ្ឋត្រេកអរណាស់»។

អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ចាម លោកស្រី ធឹម ណារិន គាំទ្រនឹងវិធានការរបស់រដ្ឋាភិបាល ដែលអនុញ្ញាតឱ្យក្រុមហ៊ុនសាងសង់ច្រាំងទន្លេឡើងវិញនេះ ប៉ុន្តែលោកស្រីបាន​អំពាវនាវទៅរដ្ឋាភិបាលនិងមន្ត្រីជំនាញ ចុះពិនិត្យនិងជំរុញឱ្យក្រុមហ៊ុនសាងសង់ឱ្យមានស្តង់ដារ ដើម្បីកុំឱ្យជួបបញ្ហាប្រឈមនៅថ្ងៃក្រោយ និងខាតថវិការដ្ឋ។

លោកស្រីមានប្រសាសន៍ដូច្នេះថា៖ «ធ្វើម៉េចឱ្យច្រាំងដែលធ្វើរួច ឱ្យប្រើប្រាស់បាន ឱ្យមានលក្ខណៈមាំ ព្រោះកុំឱ្យថាធ្វើឆ្នាំនេះ ឆ្នាំក្រោយបាក់ ព្រោះវាក៏ជាហានិភ័យសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតំបន់ហ្នឹងដែរ បើសិនជាអត់មានគុណភាព ច្រាំងហ្នឹងបានមួយឆ្នាំ ទឹកឡើងមក វាបាក់ទៅវិញ វាខាតថវិការដ្ឋ។ អញ្ចឹងបើវាអត់មានគុណភាពទេ មានន័យថា គាត់អត់ហ៊ានប្រឈមនឹងការរស់នៅតំបន់ហ្នឹងទេ គាត់ត្រូវរើផ្ទះសម្បែងចេញពីតំបន់នោះហើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ