ក្រុមអង្គការសង្គមស៊ីវិល សហជីព និងសហគមន៍ជាង១០០ ស្នើទៅរដ្ឋាភិបាលជួយអន្តរាគមន៍ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់ ផ្អាកការបង់សងប្រាក់កម្ចីនិងការប្រាក់បង្គរទាំងអស់ក្នុងរយៈពេលយ៉ាងតិច៣ខែ ដើម្បីឱ្យអ្នកខ្ចីប្រាក់មានឱកាសស្នាក់នៅផ្ទះនិងរក្សាសុវត្ថិភាព ដែលជាការរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ការស្នើនេះបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ របស់អង្គការ សមាគម សហជីព និងសហគមន៍ ចំនួន១០៣ រួមមាន អង្គការការពារសិទ្ធិមនុស្សលីកាដូ ក្រុមការងារដើម្បីដោះស្រាយទំនាស់ សម្ព័ន្ធសហជីពកម្ពុជា សហជីពនិយោជិតទេសចរណ៍អាស៊ាន អង្គការអភិវឌ្ឍន៍សំឡេងសហគមន៍ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងសហគមន៍ដីធ្លី ជាដើម។
សេចក្តីថ្លែងការណ៍រួមនោះបានលើកឡើងថា វិស័យកាត់ដេរ ទេសចរណ៍ សេវាកម្សាន្ត និងសំណង់ កំពុងរងគ្រោះជាខ្លាំងពីការរីករាលដាលនៃជំងឺនេះ ហើយវិស័យទាំងនេះផ្ដល់ការងារដល់ស្រ្តីរាប់សែននាក់ ខណៈដែលអត្រានៃអ្នកខ្ចីកម្ចីខ្នាតតូច គឺមានស្រ្តីចំនួន ៧៥% ប៉ះពាល់យ៉ាងខ្លាំង។ ក្រៅពីនេះ កសិករ ពលករចំណាកស្រុក សហគមន៍ក្រីក្រ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកធ្វើជំនួញ អាជីវករ និងអ្នកលក់ដូរតាមដងផ្លូវ ក៏ប្រឈមនឹងការធ្លាក់ចុះខ្លាំងនៃប្រាក់ចំណូលផងដែរ។
ក្រុមអង្គការ និងសមាគមជាង១០០នោះ បន្តថា បើរដ្ឋាភិបាលមិនជួយអន្តរាគមន៍ឱ្យមីក្រូហរិញ្ញវត្ថុ និងធនាគារផ្អាកការបង់ប្រាក់ដើមនិងការប្រាក់យ៉ាងតិច៣ខែដល់អ្នកខ្ចីប្រាក់ទេ ពួកគេនៅតែរងការភ័យខ្លាចក្នុងការបាត់បង់ដីធ្លីឬផ្ទះសម្បែង ដោយសារពួកគេគ្មានលទ្ធភាពសងទៅធនាគារ អំឡុងពេលជួបវិបត្តិកូវីដនេះ ហើយសេដ្ឋកិច្ចក៏ធ្លាក់ចុះទៀតផង។
សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា៖ «យើងខ្ញុំសូមស្នើជាថ្មីម្តងទៀត […] សូមឱ្យផ្អាកការបង់សងកម្ចីទាំងអស់ រួមទាំងប្រាក់ដើម និងការប្រាក់ ក៏ដូចជាការប្រាក់បង្គរ [ការប្រាក់ដែលត្រូវបានកត់ត្រាទុកនិងត្រូវទូរទាត់នៅពេលក្រោយ] សម្រាប់រយៈពេលយ៉ាងតិច៣ខែ […] ការផ្អាកការបង់ប្រាក់សងប្រាក់រយៈពេល៣ខែ ជាមួយលក្ខខណ្ឌដែលអាចបន្តការផ្អាកនេះបន្តទៀត នឹងជួយអ្នកខ្ចីប្រាក់ឱ្យស្នាក់នៅផ្ទះ រក្សាសុវត្ថិភាព និងពង្រឹងស្ថានភាពទូទៅនៅក្នុងប្រទេសវិញ»។
សេចក្តីថ្លែងការណ៍បានស្នើបន្ថែមថា៖ «យើងខ្ញុំស្នើយ៉ាងទទូចឱ្យរដ្ឋាភិបាលជួយប្រជាពលរដ្ឋរាប់លាននាក់ ដោយដាក់ចេញវិធានការណែនាំឱ្យវិស័យមីក្រូហិរញ្ញវត្ថុដែលរកប្រាក់ចំណេញ ដើម្បីជួយទទួលបន្ទុកសេដ្ឋកិច្ចខ្លះរបស់អ្នកខ្ចីប្រាក់ »។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍បន្ថែមថា បើរដ្ឋាភិបាល និងមីក្រូហិរញ្ញវត្ថុ និងធនាគារ មិនផ្អាកការបង់ប្រាក់ដើមនិងការប្រាក់តាមការស្នើសុំនេះទេ នឹងធ្វើឱ្យពលរដ្ឋជួបហានិភ័យកាន់តែខ្លាំងអំឡុងពេលឆ្លងរាលដាលកូវីដ-១៩ ក្នុងសហគមន៍ ដោយសារពួកគេរកចំណូលមិនបានដូចមុន។
លោកមានប្រសាសន៍ថា៖ «បើសិនជាការបង់នៅតែបន្ត ប្រហែលជាគាត់ [ប្រជាពលរដ្ឋ] មិនអាចនៅផ្ទះបានទេ គាត់ត្រូវតែចេញទៅប្រកបមុខរបរផ្សេងៗ ដើម្បីឱ្យមានចំណូលក្នុងការបង់ត្រឡប់ទៅមីក្រូហិរញ្ញវត្ថុ។ ចំណុចនេះហើយ ដែលធ្វើឱ្យយើងគិតថា វាអាចមានហានិភ័យដែរ»។
អ្នកស្រី សេង នី រស់នៅរាជធានីភ្នំពេញ និយាយថា គាត់ជាប់បំណុលធនាគារ និងត្រូវបង់រម្លស់ទាំងដើមនិងការប្រាក់ក្នុងមួយខែចំនួន៣០០ដុល្លារ។ អ្នកស្រីថា អំឡុងពេលឆ្លងរាលដាលជំងឺកូវីដ-១៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ ធ្វើឱ្យគាត់និងគ្រួសាររកប្រាក់ខ្វះព្រឹកខ្វះល្ងាច ពោលមិនមានលទ្ធភាពបង់ធនាគារនោះទេ។
ករណីនេះ អ្នកស្រីស្នើទៅរដ្ឋាភិបាលនិងធនាគារផ្អាកកុំឱ្យគាត់បង់ប្រាក់ដើមនិងការប្រាក់ចំនួន២ទៅ៣ខែ ដើម្បីកុំឱ្យពួកគាត់ជួបបញ្ហាប្រឈមខ្លាំងក្នុងអំឡុងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ។
អ្នកស្រីអំពាវនាវដូច្នេះថា៖ «បារម្ភដូចថាលក់ដូរមិនសូវបាន ណាមួយយើងខ្លាចជំងឺហ្នឹងវាឆ្លងមកដល់ពួកយើងច្រើន ហើយណាមួយបើយើងរកមិនបាន លុយជំពាក់ធនាគារ ខ្លាចធនាគារគេមករឹបអូស [ដី ផ្ទះ] យើង។ ហើយសំណូមពរឱ្យសម្តេច [ហ៊ុន សែន] ជួយកូនចៅទៅ រឿងជំងឺ [កូវីដ] យើងមើលអត់ឃើញដែរ ហើយឥលូវសំណូមពរឱ្យធនាគារអនុគ្រោះ ពន្យារពេលឱ្យយើង»។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន សុំមិនធ្វើការបកស្រាយជុំវិញករណីនេះ ដោយលោកបង្វែរសំណួរឱ្យទៅសួរធនាគារជាតិនៃកម្ពុជាវិញ។
វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យនៃធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បានទេនៅថ្ងៃនេះ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា នៅអំឡុងពេលកូវីដ-១៩ រដ្ឋាភិបាលមិនមានសិទ្ធិឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់កុំយកប្រាក់ដើមនិងការប្រាក់ពីកូនបំណុល តាមការស្នើសុំរបស់ក្រុមអង្គការនិងសមាគមដែលស្នើសុំនោះទេ ដោយសារកម្ពុជាជាប្រទេសប្រកាន់យកទីផ្សារសេរី។
ទោះជាបែបនេះក្តី លោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាលបានត្រឹមតែស្នើទៅគ្រឹះស្ថានមីក្រូហរិញវត្ថុ ជួយសម្រួលបន្ធូរបន្ថយការបង់ប្រាក់ដើមនិងការប្រាក់តាមលទ្ធភាពជាក់ស្តែងជាមួយកូនបំណុលរបស់ខ្លួន ដើម្បីជាផ្នែកមួយជួយដល់ពួកគាត់ដែលកំពុងជួបនឹងវិបត្តិកូវីដ-១៩។
លោកមានប្រសាសន៍ថា៖ «ធនាគារនិងមីក្រូហិរញ្ញវត្ថុ និយាយថា សុំឱ្យកូនបំណុលមេត្តាទាក់ទងទៅម្ចាស់បំណុលរៀបចំកម្មវិធីក្នុងការដោះស្រាយ បើសុំឱ្យគេផ្អាក [មិនបង់ដើម និងការទាំងអស់] ទាល់តែស្រុកយើងកែទៅជាកុម្មុយនីស្តទៅវិញ។ រាជរដ្ឋាភិបាលមានតែគំនិតមួយ គឺថាសុំឱ្យមានការសម្របសម្រួលដោយមានភាពទន់ភ្លន់ ហើយឯកឧត្តមទេសាភិបាលនៃធនាគារកណ្តាល លោកបានចុះទៅធ្វើកិច្ចការជាមួយសមាគមនៃធនាគារ ក៏ដូចជាសមាគមនៃមីក្រូហិរញ្ញវត្ថុរួចជាស្រេចទៅហើយ ដូច្នេះការលើកឡើងនេះដូចជាឥតន័យ»។
ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី មានប្រសាសន៍ថា មីក្រូហិរញ្ញវត្ថុ និងធនាគារ តែងតែយកចិត្តទុកដាក់និងធ្វើតាមការណែនាំរបស់រដ្ឋាភិបាល រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្នុងការសម្រួលការបន្ធូរបន្ថយនិងពន្យារពេលបង់រម្លស់ប្រាក់ដើមនិងការប្រាក់ រួមទាំងមិនឱ្យបង់ទាំងដើមនិងការប្រាក់ រយៈពេល៣ទៅ៦ខែ ឬរៀបចំកម្ចីឡើងវិញ តាមទិដ្ឋភាពជាក់ស្តែងជូនប្រជាពលរដ្ឋសរុបប្រហែលជា៣០០ ០០០នាក់ ក្នុងចំណោមអ្នកខ្ចីសរុប្រហែល២ ០០០ ០០០នាក់ ។
លោកបន្តថា ការអនុគ្រោះនេះមិនអាចអនុគ្រោះទាំងអស់គ្នាបាននោះទេ ព្រោះអាចនាំឱ្យប៉ះពាល់ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិ ជាដើម។
លោកមានប្រសាសន៍ថា៖ «យើងមិនអាចឱ្យអតិថិជន២លាននាក់ឈប់បង់សងទាំងការទាំងដើមក្នុងវិស័យហ្នឹងបានទេ វិធីហ្នឹងដូចសម្លាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ បើមីក្រូហិរញ្ញវត្ថុរង្គោះរង្គើហើយ សេដ្ឋកិច្ចប្រាកដជាមានបញ្ហាហើយ»។
លោក តុងងី បញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានអតិថិជនសរុបប្រមាណ២លាននាក់ ដែលខ្ចីប្រាក់សរុបប្រមាណ៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។ លោកបន្តថា ក្នុងចំណោមអតិថិជនប្រមាណ២លាននាក់នោះ គឺមានអតិថិជនប្រមាណ៣០ម៉ឺននាក់ស្នើសុំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជួយរៀបចំឥណទានឡើងវិញ ដោយមានទំហំទឹកប្រាក់ជាង១ ៤០០លានដុល្លារសហរដ្ឋអាមេរិក៕