ទាហាន​ជើង​ទឹក​២​នាក់​បាត់​ខ្លួន​​និង​៤នាក់​របួស​​ក្នុង​ហេតុ​ការណ៍​ផ្ទុះ​អូប័រ​មួយ​គ្រឿង​

អូប័រមួយគ្រឿងរបស់កម្លាំងកងទ័ពជើងទឹក ចុះល្បាតនៅលើផ្ទៃសមុទ្រក្នុងខេត្តព្រះសីហនុ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ លេខាធិការដ្ឋាន មូលដ្ឋានសមុទ្រ)

កម្លាំងជំនាញរបស់ទាហានជើងទឹកសមុទ្ររាម កំពុងស្វែងរកមនុស្ស២នាក់ដែលបាត់ខ្លួន និងមានមនុស្ស៤នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍ឆេះ​​​​អូប័រមួយគ្រឿងនៅលើផ្ទៃសមុទ្រ​ ខេត្តព្រះសីហនុ។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ប្រាប់ VOD នៅថ្ងៃអង្គារនេះថា កាលពីម្សិលមិញ អូប័រមួយគ្រឿងរបស់កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានផ្ទុះម៉ាស៊ីនឆេះ នៅពេលមន្ត្រីយោធាចំនួន៦នាក់កំពុងដឹកស្បៀ​ងទៅកាន់កងទ័ពជួរមុខនៅកោះ​សេះ អំឡុងជួបព្យុះនិងរលកខ្លាំង។

លោកបន្តថា ហេតុការណ៍​នេះបាន​បណ្តាលឱ្យកងកម្លាំង២នាក់នៅលើអូប័រនោះបានបាត់ខ្លួន និង៤នាក់ទៀតរងរបួស ដែលថាមកដល់ពេលនេះ អ្នកបាត់ខ្លួននៅ​មិនទាន់រកឃើញនៅឡើយ ខណៈ​អ្នករងរបួសត្រូវបានសង្គ្រោះនិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លោកបានគូសបញ្ជាក់​ថា៖ «ផ្ទុះម៉ាស៊ីនអូប័រ ហើយមនុស្សបាត់ខ្លួនពីរនាក់ គេកំពុងរក ដែលជួបព្យុះ ឥលូវកំពុងរក [អ្នកបាត់ខ្លួនឈ្មោះអីខ្លះដែរ?] អត់ទាន់ដឹងទេ! ខ្ញុំជូនព័ត៌មានបឋមសិន»។

មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ លោក ទៀ សុខា មិនទាន់អាចសុំការអត្ថាធិប្បាយ​បន្ថែម​បានទេ ដោយលោកប្រាប់​ថា កំពុងជាប់ប្រជុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ