ពលរដ្ឋ​មួយ​ចំនួន​ត្អូញត្អែរ​ពី​​ផល​ប៉ះពាល់​ជីវភាព​ ខណៈ​អាជ្ញាធរ​បិទ​រាជ​ធានី​ភ្នំពេញ​ពី​ម៉ោង​៨​យប់​ដល់​ម៉ោង​៥​ព្រឹក​

មន្ត្រីអាជ្ញាធរខណ្ឌដង្កោ ចុះត្រួតពិនិត្យនិងអនុវត្តគោលការណ៍ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ នៅភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ យប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ សាលាខណ្ឌដង្កោ រាជធានីភ្នំពេញ)

ប្រជាពលរដ្ឋ​ប្រកបមុខរបររកស៊ីមួយចំនួន​នៅរាជធានី​ភ្នំពេញ និងពីភ្នំពេញទៅតាមបណ្តាខេត្តនានា ត្អូញត្អែរថា ពួកគេជួបបញ្ហាប្រឈមនឹងជីវភាពគ្រួសារ បន្ទាប់ពីរដ្ឋបាល​រាជធានីភ្នំពេញ សម្រេចបិទក្រុងចាប់ពីម៉ោង៨យប់រហូត​ដល់ម៉ោង៥ព្រឹក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ រដ្ឋាភិបាលបានសម្រេចចេញអនុក្រឹត្យមួយដែលមាន៧ជំពូក និង២៣មាត្រា ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ដែលកំណត់ពីវិធានការរដ្ឋបាលសំដៅការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ​ សណ្តាប់ធ្នាប់សាធារណៈ និងកាត់បន្ថយការប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច ជាដើម។

ក្រោយមក នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ រដ្ឋបាល​រាជធានីភ្នំពេញ សម្រេចដាក់បម្រាមគោចរ ដោយបិទក្រុងរយៈពេល១៤ថ្ងៃ​ ដោយមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរគោចរ​ ចាប់ពីម៉ោង៨យប់រហូតដល់ម៉ោង៥ព្រឹក ក្រោមហេតុផលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះផងដែរ។

អ្នករត់តាក់ស៊ីពីរាជធានីភ្នំពេញទៅស្វាយស៊ីសុផុន ខេត្តបន្ទាយមានជ័យ លោក ជា សុវណ្ណារ៉េត បាន​និយាយថា កាលពីស្ថានភាពកូវីដ-១៩ ​ធូរស្រាល គាត់អាចរត់ក្នុងមួយថ្ងៃបានចំនួនពីរដង។ ប៉ុន្តែគាត់ថា នៅអំឡុងពេលស្ថានភាពកូវីដ វាយលុកខ្លាំងក្នុងមួយរយៈពេលចុងក្រោយនេះ មិនសូវមានភ្ញៀវធ្វើដំណើរច្រើនដូចសព្វដងនោះទេ ហើយក្នុងមួយថ្ងៃដឹកបានតែមួយជើងតែប៉ុណ្ណោះ។

លោកបន្តថា ចំណែករឿងរដ្ឋបាល​រាជធានីភ្នំពេញ សម្រេចបិទក្រុងចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ព្រឹកនោះ​ គាត់មិនជំទាស់ទេ ប៉ុន្តែគ្រាន់តែធ្វើឱ្យពួកគាត់ពិបាករកភ្ញៀវ ព្រោះមិនសូវមានភ្ញៀវធ្វើដំណើរពីភ្នំពេញទៅខេត្ត និង​​ពីខេត្តមកភ្នំពេញច្រើន​ដូចពីមុននោះទេ ដែល​​ករណីនេះធ្វើឱ្យពួកគាត់ជួបបញ្ហាប្រឈមច្រើនក្នុងជីវភាពគ្រួសារ។

លោកមានប្រសាសន៍ថា៖ «ប៉ះពាល់លុយធនាគារ ត្រូវយកលុយមកទិញឡានបង់រម្លស់ ឥលូវវាប៉ះពាល់ទាំងអស់​​ ធនាគារគេអនុគ្រោះតែមាត់មែន ប៉ុន្តែគេនៅតែគិតការប្រាក់ គ្រាន់តែក្រេឌីដរបស់យើង ថ្ងៃក្រោយក៏យកលែងបានដូចពីមុនទៀតដែរបង! ហើយរូបភាពជាក់ស្តែងច្បាស់ ហើយឥលូវនេះស្ងាត់ឈឹងពេញបេន គ្មានអ្នកណាធ្វើដំណើរទៅណា ណាមួយបិទក្រុងម៉ោង៨យប់ទៀត វាប៉ះពាល់កាន់តែច្រើន»។

 អ្នករត់ម៉ូតូកង់បីនៅរាជធានីភ្នំពេញ លោក ហម គង់ និយាយថា កាលពីមុន គាត់ដឹកភ្ញៀវចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង១២យប់ជារៀងរាល់ថ្ងៃ ប៉ុន្តែលោកថា ក្រោយពីអាជ្ញាធរ​​រាជធានីភ្នំពេញ បិទក្រុងនៅពេលយប់ ធ្វើឱ្យរូបគាត់ ពិបាករកប្រាក់ ជាពិសេសនៅពេលយប់ ដោយសារមិនសូវមានមនុស្សចេញដើរច្រើនដូចពីមុន។    

លោក ហម គង់ អំពាវនាវទៅរដ្ឋាភិបាលបិទក្រុងនៅម៉ោង១០ ឬម៉ោង១១យប់ ដល់ម៉ោង៥ព្រឹកវិញ ដើម្បីឱ្យអ្នកដែលប្របកមុខរបរក្រៅប្រព័ន្ធ មានឱ្យកាសនិងពេលវេលាសមរម្យសម្រាប់​ដឹកភ្ញៀវយកមកទ្រទ្រង់ជីវភាពគ្រួសារ និងដោះស្រាយបំណុលជាមួយធនាគារ ជាដើម។

លោកអំពាវនាវដូច្នេះថា៖ «ពេលបិទត្រឹមម៉ោង៨យប់ វាប្រថុចញ៉ុចពេក ព្រោះសព្វថ្ងៃរត់ឌុបផង មិនសូវរកលុយបានដែរ បិទត្រឹមម៉ោង១០ទៅម៉ោង១១យប់ អត់អីទេ! ព្រោះពេលប៉ុណ្ណឹងយើងត្រូវការសម្រាក ប្រជាពលរដ្ឋយើងត្រូវការសម្រាក រកស៊ីក៏បានស្រួលសុខសប្បាយ ស្រួលទាំងអស់គ្នាដែរ»។

លោក ស្រេង សុផានិត ដែលអះអាងថាជាអ្នកធ្វើការងារនៅក្រុមហ៊ុនឯកជនក្នុងរាជធានីភ្នំពេញ និយាយថា គាត់មិនជំទាស់នឹងវិធានការបិទក្រុងរបស់អាជ្ញាធរ​នោះទេ ប៉ុន្តែលោកកត់សម្គាល់ឃើញថា នៅពេលយប់ ជាពិសេសជិតដល់ម៉ោង៨យប់ អ្នកដំណើរបើកម៉ូតូនិងឡានក្នុង​ល្បឿន​លឿន ករណីេនះធ្វើឱ្យគាត់បារម្ភខ្លាចប្រជាពលរដ្ឋមានគ្រោះថ្នាក់ចរាចរណ៍ទៅវិញ។

លោកបង្ហាញក្តីបារម្ភដូច្នេះថា៖ «បិទម៉ោង៨យប់ទៅ គ្នាមកផ្ទះមិនទាន់ វាឆ្ងាយ បារម្ភខ្លាចគេចាប់ គេផាកពិន័យ យើងធ្វើដំណើរទៅវាហួសល្បឿនដែលយើងធ្លាប់បើកល្មមៗ ដ៏ពេលអញ្ចឹងល្បឿនបើកខ្លាំងទៅ វាអាចជ្រុលជ្រួស ប៉ះពាល់ទៅគេ វាកៀកម៉ោងពេក»។

អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍ថា កន្លងមក រដ្ឋាភិបាលនិងអភិបាលរាជធានីភ្នំពេញ ធ្លាប់អំពាវនាវទៅប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់មានការយោគយល់ ទើបរួមគ្នាទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ទទួលបានផលវិជ្ជមាន។

លោកមានប្រសាសន៍ថា៖ «យើងសំណូមពរថា បើក្នុងស្ថានភាពណាមួយដែលយើងមានការយោគយល់ គឺសមត្ថកិ​ច្ចនឹងមានការយោគយល់ មិនមែន​ជាការរឹតបន្តឹង ១០០% នោះទេ យើងតែងតែមានការយោគយល់ដល់កាលៈទេសៈនៃស្ថានភាពជាក់ស្តែង សេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញ ក៏បានកំណត់ដែរទាក់ទងនឹងសេដ្ឋកិច្ចមួយចំនួន [ការដឹកទំនិញ ឬ បន្លែសាច់] គឺគាត់មិនមានបញ្ហាអ្វីទេ សូម្បីតែស្ត្រីមានផ្ទៃពោះ ចាស់ជរា ឬអ្នកមានបញ្ហាអ្វីផ្សេងៗ មិនបានកំណត់ក្នុងហ្នឹង ក៏យើងតែងតែមានការយោគយល់ដែរ វាអត់ខុសអីនឹងយើងអនុវត្តច្បាប់ចរាចរណ៍ទេ ដូចគ្នា»។

លោក សាន សុខសីហា បន្តថា គិតត្រឹមថ្ងៃទី៤​ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចបានសហការជាមួយរដ្ឋបាល​រាជធានីភ្នំពេញ ដោយឃាត់ម៉ូតូចំនួន១៣៨គ្រឿង និងរថយន្ត​​ចំនួន២៧គ្រឿង ដើម្បីរក្សាទុកនៅស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ និងបញ្ជូនទៅអធិការខ​ណ្ឌនានា ជាដើម។

ចំណែកអ្នកបើកបរវិញ លោកថា សមត្ថកិច្ចបានអប់រំនិងណែនាំឱ្យធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ​ ហើយ១៤ថ្ងៃក្រោយពីធ្វើចត្តាឡីស័ក ពួកគេអាចមកស្នើសុំយកម៉ូតូនិងឡានទៅផ្ទះវិញបាន។

បន្ថែមពីនេះ លោក សីហា បញ្ជាក់ថា បើសិនជាប្រជាពលរដ្ឋដែលល្មើសនឹងបម្រាមគោចររបស់អាជ្ញាធរ នោះ​​ពួកគេនឹងត្រូវរងពិន័យផ្នែករដ្ឋបាលនិងរងទោសផ្នែកព្រហ្មទណ្ឌដែលមានចែងក្នុងច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ជាដើម។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ គាំទ្រនឹងវិធានការរបស់រដ្ឋាភិបាលក្នុងការបិទបម្រាមគោចរត្រឹមម៉ោង៨យប់ដល់ម៉ោង៥ទៀបភ្លឺ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ប៉ុន្តែលោកថា ជម្រើ​ស​កាន់តែល្អទៀតនោះ លោកចង់ឱ្យរដ្ឋាភិបាលបិទក្រុងត្រឹមម៉ោង៩យប់ឬម៉ោង១០យប់ដល់ម៉ោង៥ទៀបភ្លឺ តាមការស្នើសុំរបស់ប្រជាពលរដ្ឋវិញ ដើម្បីផ្តល់ឱ្យកាសដល់ពួកគេរកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ ទើបទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានល្អប្រសើរផងដែរ។

លោកស្នើដូច្នេះថា៖ «បើសិនជាគិតទាំងសេដ្ឋកិច្ច គិតទាំងផលប៉ះពាល់កូវីដ-១៩ គិតទាំងពីរ គឺថាអាចមានប្រសិទ្ធភាពទប់ស្កាត់កុំឱ្យរីករាលដាលឆ្លងបន្ថែមទៀត​ទៅតាមសហគមន៍ ពីព្រោះទប់ស្កាត់តែកូវីដ ប៉ុន្តែសេដ្ឋកិច្ចមិនមានជួយឧបត្ថម្ភគាំទ្រពួកគាត់ផង គាត់អត់អាចនៅស្ងៀមបានទេ គាត់ត្រូវមានមធ្យោបាយអ្វីដើម្បីរស់ហើយ គាត់អត់អាចនៅសម្ងំនៅក្នុងផ្ទះបានទេ គាត់ត្រូវខិតខំរកអ្វីផ្សេងៗទៀត ចេញរកទាំងប្រថុយប្រថានអញ្ចឹងទៅ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ