អាជីវករ​លក់ដូរ​នៅ​ផ្សារ​អូរ​ឫស្សី​ ស្នើ​អាជ្ញាធរ​ជួយ​អន្តរា​គមន៍​ទៅ​ម្ចាស់​តូប​បញ្ចុះ​ថ្លៃ​ឈ្នួល​

ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ទីតាំងផ្សារអូរឫស្សី ក្រោយត្រូវបានផ្អាកបណ្ដោះអាសន្នក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩។ (ជន ចាន់រ៉ែន)

អាជីវករមួយចំនួន​លក់ដូរនៅផ្សារអូរឫស្សី រាជធានីភ្នំពេញ ស្នើ​អាជ្ញាធរជាប់ពាក់ព័ន្ធជួយអន្តរា​គមន៍ទៅម្ចាស់​តូប​ឱ្យ​បញ្ចុះតម្លៃ​ជួល​តូប​របស់​ពួកគេក្នុង​អំឡុង​ពេល​បិទ​ផ្សារ​បណ្ដោះ​អាសន្ន ក្រោយ​ពេលរកឃើញអាជីវករនិងសន្តិសុខផ្សារជិត៤០នាក់ ឆ្លងជំងឺកូវីដ-១៩។

កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ រដ្ឋបាល​រាជធានីភ្នំពេញ បានសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្ន មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១​ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់អាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ។

ការផ្អាកនេះធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលរកឃើញករណី​ឆ្លងជំងឺកូវីដ-១៩ លើអាជីវករនិងសន្តិសុខមួយចំនួននៅផ្សារអូរឫស្សី កាលពីថ្ងៃទី២ ខែមេសា កន្លងទៅ។

អំឡុងពេលនៃការផ្អាកបណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ ធានារ៉ាប់រងលើការងារសន្តិសុខនិងសុវត្ថិភាពចំពោះសម្ភារនិងអីវ៉ាន់គ្រប់ប្រភេទរបស់អាជីវករដែលបានរក្សាទុកក្នុងតូបនីមួយៗមិនឱ្យមានការបាត់បង់ និងមិនតម្រូវឱ្យមានការបង់ថ្លៃសេវាទៅឱ្យភាគីពាក់ព័ន្ធណាមួយឡើយ។

អ្នកស្រី អឿង ណារី អាយុ៤១ឆ្នាំ​ ជាអាជីវករលក់គ្រឿងសម្អាងនៅតូបជាន់ផ្ទាល់ដី បានស្នើនៅថ្ងៃអង្គារនេះ ឱ្យមានការ​បញ្ចុះ​ថ្លៃជួលតូប ដោយសារការបិទផ្សារបណ្តោះអាសន្ន​នេះបានធ្វើឱ្យចំណូលអ្នកស្រីរងនូវផលប៉ះពាល់ទាំងស្រុង។

អាជីវករដែលមានតូបចំនួន៣ រូបនេះ បានឱ្យដឹង​ថា ​តាំងពីមានព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈមក​ ម្ចាស់តូបដែលអ្នកស្រីបានជួលចំនួន​២ បានបញ្ចុះតម្លៃឱ្យ ១៥%ក្នុងមួយតូប​ និងតូបមួយទៀតជារបស់អ្នកស្រីផ្ទាល់។

តែយ៉ាងណា អ្នកស្រីបន្តថា​ ការបញ្ចុះតម្លៃនេះនៅមិនទាន់សមស្របទៅនឹងស្ថានភាពជាក់ស្ដែងនៃការធ្លាក់ចុះចំណូលខ្លាំងនោះ អ្នកស្រីបាន​ស្នើឱ្យមានបញ្ចុះតម្លៃតូប​បន្ថែមទៀត។

អ្នកស្រីមានប្រសាសន៍ថា៖ «សំណូមពរម៉្យាង គឺសូមឱ្យប្រធានផ្សារ រដ្ឋាភិបាលអីជួយ ដោយ​សារខ្ញុំអត់មានចំណូលចូលអីអញ្ចឹង! ខ្ញុំសូមឱ្យខាងគាត់ជួយសំណូមពរដល់ម្ចាស់ទីតាំង ទីកន្លែងអី ដែលគាត់ជួលគេយកលុយពេញៗ ឱ្យគាត់ជួយយកថាធ្វើម៉េចឱ្យបានត្រឹម៥០ភាគរយ ៧០ភាគរយអីទៅ ព្រោះយើងអត់មានចំណូលអីចូលទេ»។

អ្នកស្រី កៅ ផាន់ដារ៉ានី ជាអាជីវករលក់ប្រហិតនៅផ្សារអូរឫស្សីជាន់ផ្ទាល់ដីមួយរូបទៀត បាន​ស្នើឱ្យមានការផ្អាកយកថ្លៃជួលតូបជាបណ្ដោះអាសន្ន រហូតចាំដល់ស្ថានការណ៍ជំងឺកូវីដ-១៩ស្ងប់ស្ងាត់ជាងនេះសិន។  

អ្នកស្រីមានប្រសាសន៍ថា៖ «ស្នើឱ្យចុះ [ថ្លៃឈ្នួល] បណ្ដោះអាសន្ន ព្រោះវាអត់មានលក់អីបានទាំងអស់ អត់មានចំណូលអីសោះ សូន្យភាគរយតែម្តង​»។

អ្នកស្រីបន្ថែមថា តម្លៃជួលតូបដែលអ្នកស្រីជួលនោះគឺ ២០០ដុល្លារក្នុងមួយ​ខែ ប៉ុន្តែខែមុននេះ ខាងម្ចាស់តូបបានចុះថ្លៃ៥០ដុល្លារ ប៉ុន្តែអ្នកស្រីថា ចំនួនបញ្ចុះតម្លៃនេះមិនបានឆ្លើយតបទៅនឹងអ្វីដែលអ្នកស្រីកំពុងជួបប្រទះនោះទេ។

ប្រធានផ្សារអូរឫស្សី លោក ហ៊ត វ៉ាន់ធី ​មានប្រសាសន៍ប្រាប់វីអូឌីថា ករណីបញ្ចុះតម្លៃជួលតូបនេះមិនមែនជាសិទ្ធិសម្រេចរបស់លោកទាំងស្រុងនោះឡើយ។ តែយ៉ាងណា លោកថា នឹងពិភាក្សាគ្នាជាមួយភាគីពាក់ព័ន្ធដើម្បីដោះស្រាយជុំវិញករណីនេះ។

លោកមានប្រសាសន៍ថា៖ «រឿងបញ្ចុះតម្លៃ ខ្ញុំមិនមែនអ្នកបញ្ចុះណា! ចាំជជែកគ្នា​ តែឥលូវ​ផ្សារវាបិទ»។

​វីអូឌី មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីអភិបាលខណ្ឌ៧មករា លោក លីម សុភា បានទេជុំវិញករណីនេះ ដោយលោកថាជាប់រវល់ប្រជុំ។

​ទំព័រហ្វេសប៊ុករបស់​ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឱ្យដឹងនៅថ្ងៃនេះ ថា អ្នកលក់ដូរ​នៅផ្សារអូរឫស្សីសរុបចំនួន៣៦នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩។

កាលពីម្សិលមិញនេះ រដ្ឋបាលខណ្ឌ៧មករា​ ក៏បានអំពាវនាវឱ្យ​អាជីវករដែលប្រកបអាជីវកម្មនៅផ្សារអូរឫស្សីទាំងអស់ទៅពិនិត្យយកសំណាករកមេរោគកូវីដ-១៩ នៅវិទ្យាល័យបាក់ទូក ឱ្យបានគ្រប់ៗគ្នា។

ក្នុងករណីដែលអាជ្ញាធរពិនិត្យឃើញថា មានករណីខកខានឬគេចវេះមិនបានទៅយកសំណាក អាជ្ញាធរមិនអនុញ្ញាតឱ្យអាជីវករដែលមិនបានទៅយកសំណាករកមេរោគកូវីដ-១៩ ទាំងនោះចូលប្រកបអាជីវកម្មលក់ដូរនៅពេលដែលផ្សារបើកដំណើរការឡើងវិញឡើយ។

ជាមួយគ្នានេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលចេញចូលផ្សារអូរឫស្សីនេះ ជាប្រចាំឬញឹកញាប់ទាំងអស់ដែលមាន​រោគសញ្ញាសង្ស័យ ត្រូវ​​ប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩​​ ដែលមានទីតាំងនៅ ​វិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ សាលាបឋមសិក្សា សុភមង្គល ដែលមានទីតាំងក្រោយផ្សារស៊ិនជូរី និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ឬបានទៅផ្សារអូរឫស្សីនេះ៕

កែតម្រូវ៖ វីអូឌី សូមធ្វើការកែតម្រូវកថាខណ្ឌទី៦៖ «អាជីវករដែលមានតូបចំនួន៣រូបនេះ បានឱ្យដឹង​ថា ​តាំងពីមានព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈមក​ ម្ចាស់តូបបានបញ្ចុះតម្លៃតូបចំនួន​២ ចំនួន១៥%ក្នុងមួយតូប​ និងមួយទៀតត្រូវបង់ថ្លៃពេញដដែល»។ ខ្លឹមសារដែលត្រឹមត្រូវគឺ «អាជីវករដែលមានតូបចំនួន៣រូបនេះ បានឱ្យដឹង​ថា ​តាំងពីមានព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈមក​ ម្ចាស់តូបដែលអ្នកស្រីបានជួលចំនួន​២ បានបញ្ចុះតម្លៃឱ្យ១៥%ក្នុងមួយតូប​ និងតូបមួយទៀតជារបស់អ្នកស្រីផ្ទាល់»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ