កសិករ​មួយ​ចំនួន​នៅ​កំពង់​ឆ្នាំង​ផ្អាក​បេះ​ល្ពៅ​ព្រោះ​តម្លៃ​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​១៥០​រៀល​ក្នុង​មួយ​គីឡូ

ប្រជាកសិករប្រមូលនិងរៀបចំផ្លែល្ពៅសម្រាប់យកទៅលក់ នៅឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ (ឃុត សុគន្ធ)

ប្រជាកសិករមួយចំ​នួននៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ផ្អាកបេះល្ពៅរបស់ពួកគាត់ជាបណ្តោះសន្ន ដោយសារតម្លៃធ្លាក់ចុះមកនៅត្រឹម១៥០រៀលក្នុងមួយគីឡូ ខណៈមន្ត្រីកសិកម្មថា បញ្ហានេះកើតឡើងដោយសារជំងឺកូវីដ-១៩។

ប្រជាកសិករម្នាក់នៅឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ អ្នកស្រី សាន សុភ័ណ្ឌ ប្រាប់វីអូឌីថា នៅថ្ងៃទី៨ ខែមេសានេះ ល្ពៅបានធ្លាក់តម្លៃមកនៅត្រឹមតែ១៥០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ អ្នកស្រីថា គ្រួសារអ្នកស្រីនិងពលរដ្ឋមួយចំនួនបានផ្អាកបេះល្ពៅលក់ហើយ ដោយសារតែតម្លៃថោកពេក មិនអាចទូរទាត់លើការចំណាយ ដូចជា ជួលកម្មករបេះ​ ដឹកជញ្ជូន ថ្លៃប្រេងបូមទឹក និងថ្នាំផ្សេងៗទៀត។

អ្នកស្រីបន្ថែមថា៖ «ឥលូវតម្លៃ១៥០រៀលទេ។ មានតែចុះថែម គ្មានទីផ្សារ។ គេថា គេបិទផ្លូវទូទាំងប្រទេស។ គេថា​ យកទៅលក់នៅណារួច! ហើយយើងកសិករម៉េចដឹងថាគេយកទៅលក់នៅណា»

កសិករម្នាក់ទៀត អ្នកស្រី ឃឿន សុឃា និយាយថា ដំបូងឡើយ ល្ពៅ១គីឡូក្រាមតម្លៃ៧០០រៀល ហើយបានធ្លាក់មកនៅដល់តម្លៃ​១៥០រៀលក្នុងមួយគីឡូក្រាម។ អ្នកស្រីថា គ្រួសារអ្នកស្រីបានខ្ចីលុយគេប្រហែល១០លាន ដើម្បីធ្វើដើមទុនដាំល្ពៅនៅឆ្នាំនេះ ដោយអ្នកស្រីសង្សឹមថា ផលល្ពៅនៅឆ្នាំនេះនឹងមានតម្លៃខ្ពស់ជាងឆ្នាំមុន។

អ្នកស្រីបន្ថែមថា៖ «ឈប់បេះលក់ហើយ ទុកបបរបាយជ្រូក ទុកឱ្យគេស៊ីល្អជាង។ ចុះបើ១៥០រៀល យើងលក់ម៉េចកើតគេអត់យករបស់[ល្ពៅ]យើង ហើយខាងវៀតណាម គេយក តែយកក្នុងតម្លៃថោក»

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន មានប្រសាសន៍ថា មន្ទីរកសិកម្មខេត្តបានព្យាយាមរកទីផ្សារ ដើម្បីមកជួយទិញល្ពៅនិងដំណាំផ្សេងៗរបស់កសិករ​ដែរ ប៉ុន្តែលោកថា រកមិនបាន ដោយសារបញ្ហាជំងឺកូវីដ-១៩ គ្មានអ្នកដើរផ្សារ។ ​យ៉ាងណា លោកថា បញ្ហាដំណាំ​ល្ពៅមិនមែនជាបញ្ហាទៀតទេ ដោយសារដំណាំមួយនេះមានតែមួយរយៈពេលខ្លី ហើយកសិករដាំក្នុងទំហំដីប្រហែល៧០ទៅ៨០ហិកតាប៉ុណ្ណោះ សម្រាប់អ្នកខេត្តកំពង់ឆ្នាំង។

លោកបន្ថែមថា៖ «ចុះឱ្យយើងធ្វើម៉េច បើបញ្ហាសកលលោកវាអញ្ចឹង! បើទីផ្សារ គេមិនត្រូវវា។ នៅកំពង់ឆ្នាំង បញ្ហាបន្លែត្រីសាច់មិនមានបញ្ហាទេ។ បញ្ហាតែល្ពៅមួយនេះឯង»

វីអូឌី មិនអាចសុំការឆ្លើយតបពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន និងអ្នកនាំពាក្យក្រសួង​បានទេពាក់ព័ន្ធករណីនេះ ដោយទូរសព្ទចូលច្រើនដងគ្មានអ្នកទទួល។

ប្រធាន​សម្ព័ន្ធស​ហគមន៍កសិករ​កម្ពុជា លោក​ ថេង សាវឿន ធ្លាប់ប្រាប់វីអូឌីថា ផលដំណាំរបស់កសិករចុះថោកឬធ្លាក់ថ្លៃ មិនមែនទើបតែកើតឡើងអំឡុងវិបត្តិជំងឺកូវីដ-១៩​នេះទេ។ លោកថា ជារៀលរាល់ឆ្នាំ ឱ្យតែដល់​រដូ​វកសិករប្រមូលផលដំណាំកសិកម្មអ្វីមួយដែលកសិករផលិតបានច្រើនគួរសម គឺ​តម្លៃផលដំណាំនោះតែងតែចុះថោកជានិច្ច។

លោក ថេង សាវឿន ជំរុញឱ្យរដ្ឋាភិបាលដោះស្រាយនិងរកវិធីសាស្ត្រដើម្បីជួយដល់ប្រជាពលរដ្ឋ ដើម្បីកុំឱ្យពួកគាត់ត្រូវជួបបញ្ហាប្រឈមរបៀបនេះម្តងហើយម្តងទៀត។

រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា៦១, ៦២ និង៦៣ បានចែងថា ​​រដ្ឋ​ត្រូវជំរុញ​ការ​អភិវឌ្ឍសេដ្ឋកិច្ច​គ្រប់​វិស័យ​ ជា​ពិសេស​វិស័យ​កសិកម្ម​ សិប្បកម្ម​ ឧស្សាហកម្ម​ ចាប់​ពី​តំបន់​ដាច់​ស្រយាល​ ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​នយោបាយ​ទឹក​ ភ្លើង​ ផ្លូវ​​ និង​​ មធ្យោបាយ​ដឹកជញ្ជូន​ បច្ចេកទេស​ទំនើប​ និង​ប្រព័ន្ធ​ឥណទាន។ លើសពីនេះ រដ្ឋ​ត្រូវយក​ចិត្ត​ទុកដាក់​ជួយ​ដោះស្រាយ​មធ្យោបាយ​ផលិត​ ការពារ​ថ្លៃ​ផលិតផល​ជូន​កសិករ​ ​​ និង​ជួយ​រក​ទី​ផ្សារ​លក់​ផលិតផល​ ដើម្បីជួយ​ឱ្យ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​មាន​កម្រិត​សមរម្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ