ក្រសួង​ទេសចរណ៍​​ណែនាំ​ឱ្យ​​បិទ​រមណីយ​ដ្ឋាន​ទេស​ចរណ៍​ទូទាំង​ប្រទេស​ចំនួន​១៤​ថ្ងៃ

អាជ្ញាធរមូលដ្ឋានដាក់របាំងហាមឃាត់ការធ្វើដំណើរទៅតំបន់ទេសចរណ៍មួយកន្លែងនៅក្នុងខេត្តពោធិ៍សាត់ ក្រោយការដាក់បម្រាមដើម្បីទប់ស្កាត់ការរាតត្បាតកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់)

ក្រសួងទេសចរណ៍ ណែនាំដល់មន្ទីរទេសចរណ៍ទាំងអស់​​សហការជាមួយ​​អាជ្ញាធរ បិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងទេស​ចរណ៍ ផ្ញើទៅប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត កាលពីថ្ងៃម្សិលមិញ បាន​លើកឡើងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួង​ណែនាំដល់​មន្ទីរទេ​សចរណ៍​រាជធានី-ខេត្ត សហការជាមួយរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរ​មូលដ្ឋាន ត្រូវធ្វើការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍​ គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមានសក្ដានុពលទេសចរណ៍ទូទាំងប្រទេសជាបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ​២០២១ ជាកំហិត។

ទន្ទឹមនឹងនេះ ក្រសួងក៏បាន​ជំរុញឱ្យមន្ទីរទេសចរណ៍​ទាំងអស់​ត្រូវចាត់តាំងក្រុមការងារ ដើម្បីតាមដានត្រួតពិនិត្យការងារ​នេះឱ្យបានម៉ត់ចត់ ដោយមិន​ត្រូវ​អនុញ្ញាត​ឱ្យមា​នសកម្មភាពទេស​ចរណ៍ណាមួយ​ដំណើរការនៅក្នុង​មូលដ្ឋានរបស់ខ្លួន ក្នុងអំឡុងពេលនេះឡើយ​។

ពាក់ព័ន្ធនឹងករណីនេះដែរ អាជ្ញាធរជាតិ​អប្សារា និងគ្រឹះស្ថានអង្គរ កាលពីថ្ងៃម្សិលមិញ ក៏បានប្រកាសពីការបិទ​ការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រចូលទស្សនាក្នុងរមណីយដ្ឋានអង្គររយៈពេល១៤ថ្ងៃដែរ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី​២០ ខែមេសា ឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ