ស្នងការ​រង​ខេត្ត​កំពត​​និង​គូកន​២​នាក់​ដែល​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ជិត​២​គីឡូ​ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​​

គ្រឿងញៀ ដែលរឹបអូសបាន កាលពីពេលកន្លងទៅ។ រូបភាព៖ ហ៊ី ឆាយ

អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជូនស្នងការរងខេត្តកំពត និងគូកន២នាក់ទៀត ទៅសាលាដំបូងរាជធានីភ្នំពេញចាត់វិធានការច្បាប់ បន្ទាប់ពីសមត្ថកិច្ចបាន​ចាប់ឃាត់ខ្លួនពាក់ព័ន្ធនឹង​គ្រឿងញៀន​ជិត២គីឡូនៅ​រាជធានីភ្នំពេញ។

អគ្គស្នងការរងនគរបាលជាតិទទួលផែនប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់ វីអូឌី នៅថ្ងៃនេះថា ក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីយប់ថ្ងៃទី៦ ខែមេសា បាន​បង្ក្រាបករណីគ្រឿងញៀនមួយករណីនៅចំណុចចំណតរថយន្តផ្សារ​ខាលែនឌែល ម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយ​បាន​ឃាត់​ខ្លួនមនុស្ស​៣នាក់ ក្នុងនោះមានលោក អ៊ី ឈួន ជាស្នងការរងខេត្តកំពត ម្នាក់​ជា​​មន្ត្រីនគរបាលប៉ុស្តិ៍ និងម្នាក់ទៀតជាជនស៊ីវិល។

លោកបន្តថា ក្នុង​​ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ក្រុមការងារ​ក៏បាន​​រឹបអូសគ្រឿងញៀនប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់ជាង១ ៧៣៨ក្រាម (ស្មើ​នឹងជិត២គីឡូ) ផងដែរ។

លោក ម៉ក់ ជីតូ បន្តទៀត​​ថា ក្រោយពីមន្ត្រីប្រយុទ្ធប្រឆាំងគ្រឿងញៀន សាកសួរជនសង្ស័យ​ទាំង៣នាក់​នោះ​រួច ក៏បាន​​បញ្ជូនខ្លួនជនសង្ស័យនិងសំណុំរឿងទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បី​​ចាត់វិធានការច្បាប់​បន្តទៀត កាលពីថ្ងៃទី៧ ខែមេសា ម្សិលមិញនេះ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំបញ្ជូនទៅព្រះរាជអាជ្ញាហើយ គេនឹងបន្តធ្វើការងារបន្ថែមទៀត បញ្ជូនទៅកាលពីម្សិលមិញ និងចោទប្រកាន់ពួកគាត់ពីបទរក្សាទុកនិងជួញដូរគ្រឿងញៀនខុសច្បាប់»។

ក្រៅពីនេះ អាជ្ញាធរគ្រឿងញៀន លោក ម៉ក់ ជីតូ បញ្ជាក់ថា សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែមទៀតផងដែរ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង សុំមិនធ្វើការបកស្រាយលើករណីនេះ ដោយលោកអះអាងថា មិនទាន់ទទួលបានសំណុំរឿងនេះនៅឡើយទេរហូតមកដល់ថ្ងៃនេះ។ លោកបន្តថា នៅពេលទទួលបានព័ត៌មាននេះ លោកនឹងផ្តល់ជូននៅពេលក្រោយ។

ប្រធានសមាគម​សង្គ្រោះជនរងគ្រោះ​ដោយគ្រឿងញៀនកម្ពុជា ហៅកាត់ថា DARAC លោក មាស សុវណ្ណ ជំរុញទៅតុលាការចាត់វិធានការច្បាប់​លើស្នងការរងខេត្តកំពត និងគូកន២នាក់ទៀត ដើម្បីជាគំរូល្អដល់សង្គម និងកុំឱ្យអ្នកដទៃប្រព្រឹត្តបទល្មើសបែបនេះបន្តទៀត។

លោកមានប្រសាសន៍ថា៖ «ថ្នាក់ជាសមត្ថកិច្ច [​ប្រព្រឹត្តបទល្មើស] ត្រូវដាក់ទោសឱ្យធ្ងន់ […] ព្រោះដោយសារ [ពួកគេ] ជាអ្នកអនុវត្តច្បាប់ដែរ គឺអ្នកប្រព្រឹត្ត យើងគួរតែដាក់ទោសឱ្យសមហេតុ​សមផល ដើម្បីកុំឱ្យមន្ត្រីក្រោយៗទៀតអត់ហ៊ាន​ [ហើយ]គោរពឱ្យបានល្អគ្រប់ៗគ្នាទៅ វាអាចថយចុះ [បទល្មើសថយចុះ] បើមិនអស់រលីង ក៏វាថយចុះច្រើនដែរ»។

មាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១២ បញ្ញតិ្តថា «អំពើជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» ជាការផ្ដល់សម្រាប់លក់ ការលក់ ការទិញដើម្បីលក់ឬដោះដូរ និងការដោះដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០រៀល ទៅ ១០ ០០០ ០០០រៀល។

ប៉ុន្តែបើសិនជាជនល្មើសប្រព្រឹត្តច្រើនដង ឬប្រព្រឹត្តនៅក្នុងក្របខណ្ឌនៃមុខងារ ឬ​នៅក្នុងឱកាសនៃការបំពេញមុខងារ ឬគ្រឿងញៀននោះ (ហ្វេតាមីន មេតំហ្វេតាមីន) មានបរិមាណសុទ្ធចាប់ពី ១៥​ក្រាម រហូតដល់ក្រោម ៨០​ក្រាម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ និងផ្ដន្ទាទោស​ពិន័យ​ជាប្រាក់​ពី ១០ ០០០ ០០០រៀល ទៅ ២០ ០០០ ០០០រៀល។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ​កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ថា​គ្រឿងញៀន​នៅតែ​ជា​បញ្ហា​ក្ដៅ​គគុក ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម ​និង​ជីវភាព​ប្រជាពលរដ្ឋ។ លោក​ក៏បាន​អំពាវនាវ​ដល់​ប្រទេស​នៅក្នុង​តំបន់ សហការ​គ្នា​ទប់ស្កាត់​ការ​ចរាចរ​​គ្រឿងញៀន​ឱ្យ​មានប្រសិទ្ធភាព។

អង្គការសហប្រជាជាតិ ​លើកឡើង​ក្នុង​របាយការណ៍​មួយ​កាលពី​ខែឧសភា ឆ្នាំ២០២០ ថា ​កម្ពុជា​ឋិត​ក្នុងចំណោម​ប្រទេស​អាស៊ាន​ចំនួន៤ ដែល​រក​ឃើញ​ករណី​ជួញដូរ​ថ្នាំញៀន​ខុសច្បាប់​ច្រើនជាង​​គេ​បំផុត​ក្នុង​តំបន់ ខណៈ​​តម្លៃ​ធ្លាក់​ចុះ​កាន់តែ​ទាប តែ​គុណភាព​ថ្នាំ​កាន់តែ​ខ្ពស់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ