កម្ពុជា​ពិចារណា​ធ្វើ​តេស្ត​ទ្រង់​ទ្រាយ​ធំ​ បន្ទាប់​ពី​មនុស្ស​កាន់​តែ​ច្រើន​ឆ្លង​​ជំងឺ​កូវីដ-១៩

បុគ្គលិកធ្វើការនៅណាហ្គាវើលដ៍ និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រមូលផ្ដុំគ្នាតម្រង់ជួររង់ចាំការធ្វើតេស្តយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ប្រទេសកម្ពុជា កំពុងពិចារណាដាក់ចេញវិធានការធ្វើតេស្តរកកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំ បន្ទាប់ពី​រកឃើញករណីឆ្លងជំងឺកូវីដ-១៩ ​កាន់តែកើនឡើងខ្លាំងពីមួយថ្ងៃទៅមួយ​ថ្ងៃ។

របាយការណ៍ក្រសួងសុខាភិបាល បង្ហាញថា កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩ ជាសហ​គមន៍​​៣ ០៧២នាក់ ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈមក និងបានឆក់យកជីវិតមនុស្ស​ចំនួន២៤នាក់។ កម្ពុជារកឃើញករណីឆ្លងជាចង្កោមថ្មី ចំនួន៥៧៦ករណី កាលពីថ្ងៃម្សិលមិញ​។

ឆ្លើយនឹងសំណួរដែលសួរថា តើកម្ពុជាគ្រោងពន្លឿនតេស្តកូវីដ-១៩ និងមានគម្រោងរៀបចំធ្វើតេស្តទ្រង់ទ្រាយធំឬទេ?

អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ឆ្លើយដោយខ្លីថា៖ «គេកំពុងគិតគូរ​ហើយ​»។

អ្នកនាំពាក្យរូបនេះ​មិនប្រាប់លម្អិតពីគម្រោងនេះទេ។

តេស្តទ្រង់ទ្រាយធំនេះជាការ​ធ្វើ​តេស្ដ​ជា​ទូទៅលើក្រុមមនុស្សទាំងមានរោគសញ្ញាឬ​គ្មានរោគ​សញ្ញា ហើយរស់នៅឬទាក់ទងក្នុង​តំបន់​ដែលមាន​​ការឆ្លងរីករាលដាល​ខ្លាំងក្លា ដើម្បីឈានដល់​ការធ្វើរោគវិនិច្ឆ័យនិងព្យាបាលឱ្យ​ទាន់​ពេលវេលា។ កម្មវិធីធ្វើតេស្តទ្រង់​ទ្រាយ​​​ធំនេះ ត្រូវបានអនុវត្តនៅតាមបណ្ដាប្រទេសមួយចំនួនរួចហើយ ដូចជា អូស្ត្រាលី កូរ៉េខាងត្បួង ចិន និងវៀតណាមជាដើម។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីមអេង មាន​ប្រ​សាស​ន៍​ថា ស្ថានភាពឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ កាន់តែអាក្រក់ពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាប្រការគួរឱ្យបារម្ភ។ លោកស្នើឱ្យរាជ​រដ្ឋាភិបាលប្រើវិធីសាស្ត្រធ្វើតេស្តទ្រង់ទ្រាយធំកាន់តែឆាប់ ដើម្បីគ្រប់គ្រងស្ថានភាពអាសន្ននេះ។

លោកបានលើកឡើងថា​៖ «ជាពេលវេលាមួយដែលគួរតែធ្វើតេស្តទ្រង់​ទ្រាយធំហើយ។​ តំបន់ណា​ដែល​​មានការឆ្លងខ្លាំង គួរតែធ្វើតេស្តទ្រង់ទ្រាយធំ ដើម្បីឱ្យប្រាកដថា មិនមានអ្នកឆ្លងណាមួយ​នៅក្រៅរង្វង់នៃការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល ជារឿងមួយសំខាន់! បើសិនជាបានធ្វើ​តេស្តទ្រង់ទ្រាយធំនេះ នោះនឹងអាចកំណត់បានថា តំបន់ណាខ្លះមានហានិភ័យខ្ពស់ តំបន់ណា​ខ្លះមានហានិភ័យទាប»។

ព្រឹត្តិការណ៍ឆ្លងជាសហគមន៍២០កុម្ភៈ ដំបូងឆ្លងក្នុងចំណោមសហគមន៍ជនជាតិចិន​ក្នុងខារ៉ាអូខេ​​និងក្លឹបកម្សាន្តមួយកន្លែង រួចបន្តទៅដល់ក្រុមអ្នកធ្វើការនៅបនល្បែងនិងកាស៊ីណូ ឈានចូលទៅ​ដល់សហគមន៍ អាជីវករ​លក់ដូរក្នុងផ្សារ និងចុងក្រោយឆ្លងរាលដាលចូលក្នុងរោងចក្រ។    

បច្ចុប្បន្ន កម្ពុជាអនុវត្តការធ្វើតេស្តទៅលើអ្នកជាប់ពាក់ព័ន្ធនឹងអ្នកជំងឺដែលមានផ្ទុកជំងឺកូវីដ-១៩ ដោយផ្ទាល់។ ប៉ុន្តែការធ្វើតេស្តបានពង្រីកបន្ថែមទៀត​ ដោយប្រកាសធ្វើតេស្តជាទូទៅលើ​អ្នក​លក់​ដូរក្នុងផ្សារ បន្ទាប់ពីមានករណីឆ្លងជំងឺក្នុងផ្សារ​អូរឫស្សីក្នុងសប្ដាហ៍នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ