កម្មករ​រោងចក្រ​មួយ​ត្អូញត្អែរ​ពី​ការ​ខ្វះខាត​ប្រាក់​ក្នុង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​​អំឡុង​ពេល​ធ្វើ​ចត្តា​ឡីស័ក​

កម្មការិនីម្នាក់ដើរចេញពីរោងចក្រ ឌីន ហាន ក្រោយផ្ដល់សំណាកធ្វើតេស្តរកកូវីដ-១៩ នៅទីតាំងរោងចក្រផ្ទាល់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

កម្មករបម្រើការងារនៅរោងចក្រមួយនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បានត្អូញត្អែរពីការខ្វះខាតលុយកាក់សម្រាប់ចំណាយប្រចាំថ្ងៃ ខណៈរោងចក្រមិនទាន់បើកប្រាក់ឈ្នួលជូនពួកគេ ដោយសារជាប់ធ្វើចត្តាឡីស័ក។

កម្មករប្រមាណ ២ ៨០០នាក់ របស់រោងចក្រ ឌីន ហាន ស្ថិតក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ត្រូវបានយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ-១៩ និងតម្រូវឱ្យកម្មករទាំងនោះធ្វើចត្តាឡីស័កនៅផ្ទះឬតាមមណ្ឌលចត្តាឡីស័កផ្សេងៗ ក្រោយកម្មកររោងចក្រនេះ​ជាង៥០នាក់បានឆ្លងជំងឺកូវីដ-១៩។

កម្មករផ្នែកអគ្គិសនីម្នាក់នៅរោងចក្រ ឌីន​ ហាន លោក ស្តើង ស៊ាង ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះ​​ថា ជារៀងរាល់ខែ រោងចក្រ ឌីន ហាន ត្រូវ​បើកប្រាក់ឈ្នួលជូនកម្មករ នៅថ្ងៃទី១០នៃខែនីមួយៗ ប៉ុន្តែលោកថា ដោយសារតែរោងចក្រមួយនេះផ្ទុះករណីឆ្លង​​ជំងឺកូវីដ-១៩ ទើប​រហូតមកដល់ថ្ងៃទី១២ ខែមេសា​នេះ ថៅកែមិនបានបើកប្រាក់ឈ្នួលជូនកម្មករនៅឡើយទេ។

លោកបន្ត​ថា រូបលោកនិងកម្មករចំនួនទៀតកំពុងប្រឈមនឹងការខ្វះខាតលើការចំណាយថ្លៃអាហារ​ប្រចាំថ្ងៃ និងការចំណាយ​ផ្សេងៗក្នុង​អំឡុងពេលធ្វើចត្តាឡីស័កនេះ។

លោកបន្ថែមថា៖ «ផលលំបាករបស់យើង គឺយើងខ្វះខាតលុយសម្រាប់ចំណាយលើការទិញរបស់របរសម្រាប់​ហូបចុក។ ម្សិលមិញនេះ បានខាងអាជ្ញាធរនៅភូមិនៅសង្កាត់ហ្នឹង គេបានយកអំណោយមកចែកជូនដល់​ពួកយើង ហើយបានជួយរួចមួយគ្រាដែរ»

កម្មការិនីផ្នែកដេរនៅរោងចក្រ ឌីន ហាន អ្នកស្រី យ៉ុន ផល្លី និយាយថា អ្នកស្រីបានជាប់ធ្វើចត្តាឡីស័កនៅបន្ទប់ជួលតែម្នាក់ឯងតាំងពីថ្ងៃម្សិលមិញ ដោយពុំមានអង្ករនិងលុយសម្រាប់ចាយវាយនោះទេ ខណៈរោងចក្រក៏មិនទាន់បើកប្រាក់ឈ្នួលជូនកម្មករនៅឡើយ។

កម្មការិនីរូបនេះឱ្យដឹងថា នៅព្រឹកមិញនេះ អាជ្ញាធរមូល​ដ្ឋានបានយកអំណោយខ្លះ មានមី ត្រីខ និងអង្ករ ឱ្យអ្នកស្រីនិងកម្មករមួយចំនួនសម្រាប់ដោះទាល់​ពេលកំពុងធ្វើចត្តាឡីស័កនេះ។

អ្នកស្រីបន្ថែមថា៖ «មិនដឹងថា គេឱ្យយើងនៅដាច់ដោយឡែកទេ ហើយណាមួយកៀកថ្ងៃបើកលុយទៀត មិនបានត្រៀមលុយទុកចាយទេ។ ដោយសារតែខ្ញុំអត់ខ្លាំង អ្នកធ្វើការជាមួយខ្ញុំហ្នឹង គេបានថតកាតខ្ញុំយកទៅផុស ហើយបានអាជ្ញាធរហ្នឹងគេយកអង្ករមកឱ្យ។ តែរឿងលុយវិញ គាត់ថា ចាំវគ្គក្រោយ»

បុគ្គលិកផ្នែករដ្ឋបាលរោងចក្រ ឌីន ហាន ឈ្មោះ លីន ប្រាប់វីអូឌីថា ថៅកែមិនចង់យឺតយ៉ាវក្នុងការបើកប្រាក់ឈ្នួលជូនកម្មករនោះទេ ប៉ុន្តែដោយសារពេលនេះទាំងបុគ្គលនិងកម្មកររបស់រោងចក្រស្ទើរទាំងអស់បានជាប់​ធ្វើចត្តាឡីស័ក ដែលធ្វើឱ្យភាគីរោងចក្រពិបាកក្នុងការបើកប្រាក់ឈ្នួលនេះជូនកម្មករ។ យ៉ាងណា លោកថា ភាគីរោងចក្រកំពុងដំណើរការរៀបចំបើកប្រាក់ឈ្នួលជូនកម្មករតាមរយៈវីង។

លោកបន្ថែមថា៖ «បើអ្នកណាអាចចេញក្រៅបើកបាន យើងនឹងវេរ[លុយ​]ឱ្យគាត់។ មុននឹងវេរ យើងបញ្ជាក់លេខទូរសព្ទជាមួយគាត់។ បើគាត់ចេញក្រៅបើកអត់បាន ឱ្យយើងធ្វើម៉េច! មានអ្នកខ្លះគាត់ថា ចាំចូលធ្វើការងារវិញចាំបើកឱ្យគាត់ក៏បាន គាត់អត់ខ្វល់រឿងលុយទេពេលនេះ គាត់អាចឱ្យ​ម៉ែឪគាត់ផ្ញើមកឱ្យ​​ចាយ​បណ្តោះអាសន្នក៏បាន ក្នុងកាលទេសៈនេះ យើងគួរធ្វើម៉េច យើងបន្ទោសអ្នកណា»

វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានទេពាក់ព័ន្ធករណីនេះ។

ក្នុងពិធី​ថ្លែងសារ​ពិសេសមួយនៅថ្ងៃទី​១០​ ខែមេសា ឆ្នាំ​២០២១​នេះ ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា ​រដ្ឋាភិបាលនឹងផ្តល់​​​ការ​ឧបត្ថម្ភជា​​ប្រាក់ ​៣០០ ០០០​រៀលក្នុងមួយគ្រួសារ​ អង្ករ​២៥គីឡូ និង​មីមួយ​កេសតូច​ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក រួម​ទាំង​ចេញ​ថ្លៃទឹកនិង​អគ្គិសនីរយៈពេល​២ខែ​​ផង​ដែរ សម្រាប់​ពលរដ្ឋ​ដែលរស់នៅក្នុងភូមិសាស្ត្រដែលអាជ្ញាធរបាន​បិទ​។

លោកនាយករដ្ឋមន្ត្រី បន្ថែមថា ចំពោះគ្រួសារ​ដែល​មាន​សមាជិក​ស្លាប់ ដោយ​សារ​ជំងឺកូវីដ-​១៩ រដ្ឋ​នឹង​ជួយបង់​ជំនួស​ថ្លៃទឹកនិងអគ្គិសនី​យ៉ាង​តិច៥ខែ​​បន្ថែម​ និង​ចំពោះ​​អ្នក​ដែល​សមាជិក​ឆ្លងជំងឺ​កូវីដ-១៩ និ​ង​ធ្វើ​ចត្តាឡីស័ក រដ្ឋ​ជួយ​ចេញ​ថ្លៃទឹកនិង​អគ្គិសនី​​អប្បបរមារយៈពេល៣ខែ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ