ពលរដ្ឋ​មួយ​ចំនួន​​ត្អូញ​ត្អែរ​ពី​តម្លៃ​ទំនិញ​ឡើង​ថ្លៃ​ក្នុង​អំឡុង​មាន​វិបត្តិ​កូវីដ-១៩​ និង​ជិត​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​

សកម្មភាពលក់ដូរបន្លែ ត្រីសាច់ នៅក្នុងផ្សារមួយកន្លែង ក្រុងភ្នំពេញ។ (ណាត សុភាព/ ២២ មករា ២០២០)

អាជីវករ និងប្រជាពលរដ្ឋមួយចំនួនត្អូញត្អែរពីតម្លៃទំនិញឡើងថ្លៃ ក្នុងនោះ​ បន្លែ សាច់ ឡើងថ្លៃចន្លោះពី១ពាន់រៀល ទៅ៥ពាន់រៀលក្នុង១គីឡូក្រាម ខណៈជំងឺកូវីដ-១៩ កាន់តែរីករាលដាល និងបុណ្យចូលឆ្នាំខ្មែរខិតជិតមកដល់។

អាជីវករលក់សាច់ជ្រូកនៅផ្សារដើមគរ និយាយ​ថា គាត់លក់សាច់ជ្រូក​ប្រហែលជា១០០គីឡូក្នុងមួយថ្ងៃ ក្នុងនោះ​ សាច់​សុទ្ធ​មួយ​គីឡូតម្លៃ ២២ ០០០រៀល សាច់​បីជាន់តម្លៃ ២៥ ០០០រៀលក្នុងមួយ​គីឡូក្រាម បើធៀបកាលពីមួយ​សប្តាហ៍មុន សាច់ជ្រូកឡើងថ្លៃប្រហែល ៥ ០០០​រៀល​ក្នុងមួយ​គីឡូក្រាម​។

អាជីវកររូបនោះបញ្ជាក់ថា ដើមចមដែលនាំឱ្យសាច់ឡើងថ្លៃ ដោយសារតែវិបត្តិជំងឺ​កូវីដ-១៩ កំពុងរីករាលដាលខ្លាំង និងស្របពេល​​បុណ្យចូលឆ្នាំខ្មែរខិតចូលមកដល់។

អាជីវកររូបនោះនិយាយថា៖ «វាឡើងថ្លៃតែម្តង ណាមួយចូលឆ្នាំជិតមកដល់ អត់មានកម្មករនៅកាប់ យើងជួលគេកាប់ វាថ្លៃ។ ហើយយើងយកមកវាថ្លៃដែរ លក់វិញឡើងថ្លៃដែរ បើលក់ថ្លៃគឺថ្លៃទាំងអស់គ្នា មិនមែនលក់ថ្លៃតែយើងម្នាក់ឯងឯណា បើយកមកលក់ថ្លៃម្នាក់ឯងម៉េចកើត»។

អាជីវករលក់សាច់គោនៅផ្សារដើមគរ អ្នកស្រី ប៉ុល ធីលីដា និយាយថា សាច់គោមួយ​គីឡូតម្លៃ ៤៥ ០០០​រៀល បើធៀប​ជាមួយនឹងមួយ​​សប្តាហ៍មុន តម្លៃសាច់គោឡើង ៥ ០០០រៀលក្នុងមួយ​គីឡូក្រាម។ អាជីវកររូបនោះបញ្ជាក់​ថា គាត់​មិនចង់លក់ថ្លៃទេ ប៉ុន្តែគាត់នាំចូលមកពីកន្លែងបោះដុំធំក្នុងតម្លៃ​ថ្លៃដែរ។

អាជីវករនោះនិយាយថា៖ «ផ្សារដើមគរ យើងបោះដុំ ឥលូវ [តម្លៃ]៤៥ ០០០​រៀល ពីមុន [តម្លៃ]៤០ ០០០​រៀល គេកា​ប់មក គេបោះឱ្យយើងឡើងថ្លៃ យើងលក់ឡើងថ្លៃដែរ»។

អង្គុយលក់បន្លែនៅក្នុងផ្សារទួលទំពូង អ្នកស្រី សេង វណ្ណារី និយាយថា ត្រសក់​តម្លៃ ៣ ០០០​រៀល ស្ពៃតឿ​តម្លៃ ៣ ៥០០រៀល ​និងស្ពៃខ្មៅ ៤ ០០០រៀលក្នុងមួយគីឡូក្រាម បើធៀបជាមួយនឹងមួយ​សប្តាហ៍មុន តម្លៃខុសគ្នាប្រហែលជា ១ ០០០រៀល​ក្នុងមួយគីឡូ។

អាជីវកររូបនោះបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃ​ចុងក្រោយនេះ គាត់លក់បន្លែមិនសូវដាច់​ដូចមុនទេ ដោយសារមិនសូវមានមនុស្សចូលផ្សារ ស្របពេល​ជំងឹកូវីដ-១៩ កំពុង​ផ្ទុះរីករាល​ដាលកាន់តែខ្លាំងជាដើម។

អ្នកស្រីនិយាយថា៖ «និយាយទៅប៉ុន្មានថ្ងៃហ្នឹង តាំងពីគេបិទផ្លូវមក ដូចថា បន្លែមិនសូវមាន ដល់​អញ្ចឹងវាឡើងថ្លៃ វាស្ងាត់​មនុស្សផង អត់សូវមានគេមកផ្សារ ដោយយើងកូវីដផង ប៉ះពាល់អត់មានលុយឱ្យថ្លៃបន្ទប់[ជួល]គេផង អត់មានលុយផ្ញើទៅអ្នកផ្ទះ តែចូលឆ្នាំមិនបានទៅផង»។

ប្រជាពលរដ្ឋម្នាក់​រស់នៅរាជធានីភ្នំពេញ​ អ្នកនាង ឡុង ស្រីពៅ និយាយថា តម្លៃបន្លែនិងសាច់ឡើងថ្លៃចន្លោះពី ១ ០០០រៀល ទៅ ៥ ០០០រៀលក្នុងមួយ​គីឡូក្រាម ធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារគាត់ ខណៈការរក​ចំណូលក្នុងគ្រួសារកំពុងជួបការលំបាក ដោយសារការ​​ឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

អ្នកនាងស្នើទៅរដ្ឋាភិបាលជួួយអន្តរាគមន៍ដល់អ្នកលក់បន្លែនិងសាច់ លក់នៅតម្លៃសមរម្យក្នុងអំឡុងពេលប្រទេសកំពុងជួបវិបត្តិជំងឺឆ្លងនេះ។

អ្នកនាងស្នើដូច្នេះថា៖ «អំឡុងកូវីដនេះពិបាកណាស់ បើសិនជាកន្លែងលក់បន្លែគេបញ្ចុះតម្លៃ ហើយសាច់ចុះដូចបន្លែដែរទៅ​ កុំឡើងថ្លៃអី! ជិតចូលឆ្នាំខ្មែរហើយ គ្មានបានទៅណាទេ ប្រាក់ខែក៏គ្មានដែរ»។

វីអូឌី មិនអាចសុំការបំភ្លឺជុំវិញករណីនេះពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ​និងអ្នកនាំពាកក្រសួងកសិកម្ម លោក ស្រី វុទ្ធី បានទេនៅរសៀលនេះ។

ចំណែកប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោក ងិន ឆាយ សុំមិនធ្វើការបកស្រាយ ដោយសារជាប់រវល់ប្រជុំ។

នាយិកាមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្ម​កម្ពុជា ( CEDAC) លោកស្រី តុង ចាន់ធាង សង្កេតឃើញថា ក្រោយពីរដ្ឋាភិបាលចេញបម្រាមគោចរ មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរចេញពីរាជធានី​ភ្នំពេញទៅតាមបណ្តា​ខេត្ត និងពីបណ្តា​ខេត្តមករាជធានីភ្នំពេញវិញ ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នោះ បាន​ធ្វើឱ្យពលរដ្ឋ​មួយចំនួ​ននាំគ្នាសម្រុកទិញបន្លែសាច់ទុក ដែលអាចធ្វើឱ្យឈ្មួញឆ្លៀតឱកាសដំឡើងថ្លៃ។

លោកស្រីអំពាវនាវថា៖ «ដើម្បីទប់ស្កាត់ការដំឡើងតម្លៃផលិតផល ជាពិសេសម្ហូបអាហារ ក្នុងស្ថានភាពដែលយើងកំពុងតែលំបាកស្រាប់ ហើយប្រជាជនបាត់បង់ចំណូលប្រចាំថ្ងៃរបស់គាត់ថែមទៀត កាន់តែធ្វើឱ្យគាត់លំបាក យើងគួរតែមានការអន្តរាគមន៍ពីខាងស្ថាប័នពាក់ព័ន្ធនៅក្នុងករណីនេះ មិនអាចបណ្តោយទៅតាមតែអ្នកលក់ ឬក៏យើងអាចថា ឈ្មួញដំឡើងតម្លៃអញ្ចឹងមិនបានទេ»។                              

របាយការណ៍​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បង្ហាញ​ថា កម្ពុជាបានចំណាយថ​វិកា​ខ្ទង់ ២០០​លានដុល្លា​រ​អាមេរិក​ក្នុងមួយ​​ឆ្នាំៗ ទៅ​លើ​ការ​នាំ​ចូលបន្លែពីបរទេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ក្រសួងថា បន្លែនាំចូលទាំងនោះ ភាគ​ច្រើ​​ននាំចូលពីប្រទេសវៀតណាម និងប្រទេសចិន។​

បើ​តាម​របាយការណ៍ក្រសួង​ដដែល​នេះ ​​កម្ពុជា​ត្រូវការ​បន្លែ​ប្រមាណពី​ ៥០០ទៅ​ ៦០០តោន​​ក្នុង​មួយ​ថ្ងៃ​ៗ ក្នុង​នោះ​នៅដើម​ឆ្នាំ​នេះ កម្ពុជា​នាំ​ចូល​ប្រមាណ ​៣០ភាគរយ បន្ទាប់​ពី​បរិមាណ​នៃ​ការ​នាំ​ចូល​បន្លែ​ពី​បរទេស​ចូល​មក​កម្ពុជា បាន​កើន​ឡើង​ដល់​ទៅ ៥០​ភាគរយ​ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​មុន។

អំឡុងខែកញ្ញា ឆ្នាំ២០១៧ អង្គការ USAID របស់អាមេរិក បានបង្ហាញរបាយការណ៍ថា ពលរដ្ឋកម្ពុជាជាង ៧០ភាគរយ កំពុង​ប្រ​ក​បរបរ​ក​សិក​ម្ម ប៉ុន្តែកសិករអាចដាំបន្លែបានតែ ១ភាគ៣ នៃតម្រូវការទីផ្សារ ដោយសារ​បញ្ហាផ្សេងៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ