CYN​ ថា​ព្រៃ​ឈើ​នៅ​ព្រៃ​សហ​គមន៍​ភ្នំសេះ​​ស្ទើរ​ទាំង​ស្រុង​រង​ការ​កាប់​បំផ្លាញ​​និង​ទន្ទ្រាន​យក​ដី​ខុស​ច្បាប់​​

ស្ថានភាពក្រោយការកាប់ទន្ទ្រានពីជនខិលខូចនៅតំបន់ភ្នំសេះ ស្ថិតនៅភូមិសាស្រ្តឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ អំឡុងដើមខែតុលា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Cambodian Youth Network – CYN)

ក្រុមអ្នកស្រាវជ្រាវបទល្មើសព្រៃឈើនៃសមាគម​បណ្ដាញយុវជនកម្ពុជា (CYN) រកឃើញថា ព្រៃសហគមន៍​ភ្នំសេះ ស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បាននិង​កំពុងទទួលរងនូវការទន្រ្ទានកាន់កាប់ដីព្រៃស្ទើរ​តែទាំងស្រុង ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់និរន្តរភាពព្រៃសហគមន៍ និងបរិស្ថាន។

របាយការណ៍ស៊ើបអង្កេតនិង​ស្រាវជ្រាវស្តីពី «ដំណើរឆ្ពោះទៅរកវិនាសទាំងស្រុងនៃព្រៃសហគមន៍ភ្នំសេះ» របស់ CYN ដែលផ្សព្វផ្សាយ​នៅ​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បង្ហាញ​ថា តាមរយៈការធ្វើដំណើរព័ទ្ធជុំវិញតំបន់ព្រៃសហគមន៍ភ្នំសេះទាំងមូលដែលមានទំហំប្រមាណ៣ ០៨១ហិកតា របស់ក្រុម​អ្នកប្រមូលទិន្នន័យ បានរកឃើញថា គម្របព្រៃឈើធម្មជាតិ​ជាង១ ៣០០ហិកតា ក្នុងចំណោមទំហំដីសរុបបានរងនូវការបាត់បង់ ខណៈពួកគេបាន​ប៉ាន់ប្រមាណពីទំហំដែលអាចបាត់បង់ថែមទៀតមានប្រមាណ៤៦០,៨ហិកតា។

របាយការណ៍ដដែលបន្តថា គម្របព្រៃឈើសហគមន៍នេះភាគច្រើនត្រូវទទួលរងនូវការទន្រ្ទានកាន់កាប់និងបំប្លែងទៅជាដីចម្ការរួចរាល់ ដោយត្រូវបានជំនួសមកវិញដោយដំណាំស្វាយចន្ទី ដំឡូងមី និងដំណាំឈើដាំមួយចំនួនទៀត។

របាយការណ៍នេះ ក៏​បានរកឃើញមានលំនៅដ្ឋានខុសច្បាប់ដែលបានសាងសង់លើដីដែលបានកាប់រានទន្រ្ទាននៅលើដីព្រៃសហគមន៍ភ្នំសេះ ចន្លោះពី៨០​ទៅ៨៥ខ្នង ដែលភាគច្រើនបានសង់ខ្ទមក្នុងទម្រង់ជារោងចាំចម្ការនិងផ្ទះបណ្ដោះអាសន្ននៅលើក្បាលដីរបស់ខ្លួន ដោយភាគច្រើនមិនមានមនុស្សរស់នៅអចិន្ត្រៃយ៍ឡើយ។

របាយការណ៍ស្រាវជ្រាវនេះមើលឃើញថា៖ «ការកាប់រានទន្ទ្រានកាន់កាប់ បានគំរាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋានជនជាតិដើមភាគតិចព្នង ដែលធ្លាប់បានដកហូតអនុផលព្រៃឈើ ដែលធ្លាប់បម្រើដល់ជីវភាពរបស់ពួកគេយ៉ាងសកម្មក្នុងរយៈពេលច្រើនទសវត្សរ៍មកហើយ។ ក្រៅពីនេះ ចំណុចគួរឱ្យកត់សម្គាល់មួយទៀតនោះគឺ ការប្រឈមនឹងការបាត់បង់ទីកន្លែងជំនឿរបស់ជនជាតិដើមភាគតិចព្នង ដែលហៅថា “ទីជំនឿភ្នំសេះ”»។

​ករណីនេះ ក្រុមអ្នកស្រាវជ្រាវបានជំរុញទៅ​អាជ្ញាធរ​មូល​ដ្ឋាន រដ្ឋបាល​ព្រៃឈើ ជាពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់វិធានការឱ្យទាន់ពេលវេលា ក្នុងការ​បង្ការនិងបង្ក្រាប​រាល់សកម្ម​ភាពបទល្មើសទាំងឡាយដែលធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់ព្រៃសហគមន៍ភ្នំសេះ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាសហគមន៍នៅមូលដ្ឋានផ្ទាល់និងពលរដ្ឋទូទៅ។

ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគម​បណ្ដាញយុវជនកម្ពុជា លោក ហេង គីមហុង មានប្រសាសន៍បន្ថែមលើរបាយការណ៍នោះថា បទល្មើសព្រៃឈើដែលក្រុម​អ្នកស្រាវជ្រាវបានរកឃើ​ញនេះ បានធ្វើឡើងក្រោមរូបភាពមួយចំនួនដូចជា ការចូលទៅ​កាន់​កាប់​ដីដោយខុសច្បាប់ និង​សកម្មភាពនៃការ​ចូល​ទៅកាប់ទន្រ្ទានព្រៃឈើ ពីសំណាក់អ្នកចំណាកស្រុកមួយចំនួន និងពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះ។

លោកបានស្នើថា​៖ «ទី១ សូមឱ្យប្រជាពលរដ្ឋឈប់ចូលទៅកាន់កាប់ដីព្រៃសហគមន៍ដោយខុសច្បាប់ ពីព្រោះអីពួកគាត់អាចប្រឈមមុខជាមួយបទល្មើសមជ្ឈិម និងឧក្រិដ្ឋ ទៅតាមទំហំនៃការចូលទៅកាន់កាប់ ច្បាប់នោះ! ទី២ ខ្ញុំសូមសំណូមពរទៅដល់រដ្ឋបាលខេត្ត រដ្ឋបាលស្រុកសំបូរ ហើយនិងមន្រ្តីរដ្ឋបាលព្រៃឈើនៅក្នុងខេត្តក្រចេះទាំងមូល […] មេត្តាអនុវត្តវិធានការច្បាប់ដែលមានស្រាប់ ចុះទៅឃាត់និងដកហូតរាល់ការកាន់កាប់ដែលខុសច្បាប់ និងឧបករណ៍ ឬក៏ជនដែលបានកាប់បំផ្លាញព្រៃឈើនៅសហគមន៍ភ្នំសេះ ទៅតាមច្បាប់ដែលមានជាធរមាន»។

លោក ហ៊ា សំអឿន អនុប្រធានសហគមន៍ព្រៃឈើភ្នំសេះ បានឱ្យដឹងដែរថា សកម្មភាពនៃការកាប់ទន្រ្ទាន​ព្រៃនៅតំបន់នោះ មានសភាពធ្ងន់ធ្ងរខ្លាំង ដោយព្រៃឈើស្ទើរពាក់កណ្តាលបានរងនូវការកាប់បំផ្លាញ។

លោកថា៖ «យើងក្នុងការគ្រប់គ្រង យើងដើររហូត សហគមន៍ហ្នឹងណ៎ា! ជួនកាលទៅជាមួយបរិស្ថាន ជួនកាលទៅជាមួយរដ្ឋបាលព្រៃឈើទៅ យើងបង្រ្កាបបានម៉ាស៊ីនបានអី ចាប់កាំបិត ចាប់ពូថៅគេ តែវាអត់ឈប់ នៅតែធ្វើរាល់ថ្ងៃ អត់មានឈប់ទេ ដូចព្រៃសព្វថ្ងៃអត់មានច្បាប់មានទម្លាប់អ៊ីចឹង។ ហើយពួកខ្ញុំពិបាកធ្វើណាស់ វាលើសពីកម្លាំងសហគមន៍ សហគមន៍មានអី ដៃទទេ! ហើយដល់មកចុងក្រោយ វា[ជនល្មើស]គំរាមកំហែងយើងទៀត»។

បើតាមអនុប្រធានសហគមន៍រូបនេះ កន្លងមក សហគមន៍បាន​ដាក់ពាក្យបណ្តឹង រួមនឹងភស្តុតាងមួយចំនួនទៅអាជ្ញាធរខេត្តនិងរដ្ឋបាលព្រៃឈើជាង១០០ករណីមកហើយ ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយនៅឡើយ។

អភិបាលខេត្ត​ក្រចេះ លោក វ៉ា ថន មានប្រសាសន៍ថា ក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរខេត្តបានចាត់វិធានការទប់ស្កាត់ និងបង្ក្រាបករណីនេះជាបន្តបន្ទាប់ ដោយពុំបានព្រងើយកន្តើយនោះទេ។

លោកបន្តថា៖ «មកដល់ឥលូវនេះ [មិនមែន]ខ្ញុំមិនដឹងណា! គេយកចិត្តទុកដាក់ តែរឿងកូវីដទេណា[ដែល]ធំជាងគេ តែបើឃើញ[បទល្មើស]ចាប់ហើយ ឱ្យតែឃើញ ចាប់ជាបន្តបន្ទាប់ បងប្អូនឃើញហើយណ៎ា»។

លោកក៏បានជំរុញទៅក្រុមអ្នកស្រាវជ្រាវទាំងនោះចូលរួម​សហការនិង​​រាយការណ៍ទៅអាជ្ញាធរខេត្ត ក្នុងករណីបានឃើញបទល្មើសព្រៃឈើទាំងនោះ។

កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ សមាគមបណ្ដាញយុវជនកម្ពុជា ក៏​​បានស្នើ​ដល់ក្រសួង​បរិស្ថាន ធ្វើកំណែទម្រង់ ដោយ​បើកចំហឱ្យមានការចូលរួមការពារព្រៃឈើពីគ្រប់ភាគីពាក់ព័ន្ធឱ្យបានពេញលេញ ហើយត្រូវធ្វើការត្រួតពិនិត្យ ដោយចុះធ្វើអធិការកិច្ចចំពោះមន្រ្តីថ្នាក់ក្រោមដែលកំពុងបម្រើការងារនៅតាមតំបន់ការពារផ្សេងៗ ដើម្បីធានាពីការទប់ស្កាត់​បទល្មើសព្រៃឈើមានប្រសិទ្ធ​ភាព ខណៈ​ដែលសមាគមនេះបានរកឃើញបទល្មើសព្រៃឈើនៅតែបន្តកើតមានជាបន្តបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ