អាជ្ញាធរ​ខេត្ត​មួយ​ចំនួន​រក​ឃើញ​ពលរដ្ឋ​ដែល​លួច​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ស្រុក​កំណើត​ផ្ទុក​កូវីដ-១៩

មន្ត្រីនិងអាជ្ញាធរមូលដ្ឋានខេត្តព្រៃវែង ចុះត្រួតពិនិត្យចរាចរណ៍ដោយអនុវត្តតាមគោលការណ៍រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រៃវែង)

អាជ្ញាធរនៅតាមបណ្ដាខេត្តមួយចំនួនបានរកឃើញប្រជាពលរដ្ឋដែលលួចធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់ស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំថ្មីនេះ មានផ្ទុកជំងឺកូវីដ-១៩។

អភិបាលរងខេត្តព្រៃវែង លោក ចាន់ ថា ប្រាប់ វីអូឌី នៅថ្ងៃនេះថា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែមេសា អាជ្ញាធរខេត្តបានឃាត់ខ្លួនប្រជាពលរដ្ឋដែលឆ្លងពីរាជធានីភ្នំពេញ និងខេត្តផ្សេងៗជិត១០០នាក់ និងកំពុងធ្វើការស្រាវជ្រាវនៅតាមមូលដ្ឋានបន្តទៀត។

លោកបន្តថា ពលរដ្ឋជិត១០០នាក់ត្រូវបានអាជ្ញាធរយកទៅដាក់ឱ្យធ្វើចត្តាឡីស័ក និងយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយក្នុងនោះរកឃើញមានវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់ ក្នុងនោះ ទៅពីរាជធានីភ្នំពេញ ចំនួន៥នាក់ និងកំពង់សោមម្នាក់។

អភិបាលរងខេត្តព្រៃវែងរូបនេះបន្តថា អាជ្ញាធរនឹងអនុវត្តទៅតាមវិធានការរបស់រដ្ឋាភិបាលនិងវិធានសុខាភិបាល បើពលរដ្ឋបានល្មើសបម្រាមដែលរដ្ឋាភិបាលបានដាក់ចេញនោះ។

លោកថា៖ «ច្បាប់ជាធរមាន យើងត្រូវតែអនុវត្ត ហើយវិធានការសុខភាព វិធានការកូវីដនេះ យើងត្រូវអនុវត្ត​ កម្មកររោងចក្រមានតែតិចតួច ពេលខ្លះគាត់ចូល​តាមទូក ឆ្លងទឹកមកក៏មាន​ ពេលខ្លះគាត់ដើរក៏មានដែរ។ ឧទាហរណ៍ គាត់ជិះ​​ស្អីមួយពីភ្នំពេញមកខេត្តកណ្ដាលអ៊ីចឹង​ មកដល់ព្រំប្រទល់ខេត្តព្រៃវែងគាត់ចុះគល់ស្ពាន បន្លំដើរអ៊ីចឹងទៅ! អាហ្នឹងជាការលំបាកដល់អាជ្ញាធរ គឺថាលួចឆ្លង! ហើយរឿងច្បាប់និងវិធានការគឺ​យើងអនុវត្តហើយ។ រឿងវិជ្ជមាន និងធ្វើតេស្តជារឿងដែលយើងធ្វើខានពុំបាន។ អ្នកល្មើសបម្រាមច្បាប់ចែងថាម៉េច គឺយើងធ្វើអ៊ីចឹងហើយ»។

ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោក នុត ស៊ីណាត ​មានប្រសាសន៍ថា ប្រជាពលរដ្ឋចំនួន១៥នាក់បានចាកចេញពីរាជធានីភ្នំពេញ ដើម្បីទៅលេងស្រុកកំណើតដែលភាគច្រើនបំពានបម្រាមរបស់ក្រសួងសុខាភិបាល ដោយធ្វើតេស្តហើយមិនរង់ចាំលទ្ធផល។

លោកបញ្ជាក់ថា ជាលទ្ធផលធ្វើតេស្តសំណាកពួកគេបង្ហាញថា មានវិជ្ជមានកូវីដ-១៩ទាំងអស់។

លោក នុត ស៊ីណាត បន្ថែមថា​ ចំពោះសាច់ញាតិអ្នកទាំង១៥នាក់នោះដែលបានប៉ះពាល់ពួកគេ អាជ្ញាធរបានយកសំណាកធ្វើតេស្តរកជំងឺនេះរួចហើយ ប៉ុន្តែមិនទាន់ចេញលទ្ធផលនៅឡើយ។ ​

លោកថា៖ «ខេត្តតាកែវទាំងមូលបានមកតែពីភ្នំពេញមក កើតជាង១០នាក់ ច្រើនតែអ្នកមកពីភ្នំពេញ​មកផ្ទះ មកលេងបងប្អូន មកប៉ះពាល់បងប្អូន ច្រើនតែអ្នកធ្វើតេស្តហើយអត់នៅភ្នំពេញទេ មិនទាន់ចេញលទ្ធផលផង តាំងមកហើយ។ ឥលូវនៅតាកែវហ្នឹងមាន១៥ករណី»។  

ចំណែកអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ ​មានប្រសាសន៍ថា​ អាជ្ញាធរយកពលរដ្ឋចំនួន៥នាក់ទៅធ្វើចត្តាឡីស័ក និងយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ក្រោយពីពួកគាត់បានលួចឆ្លងពីរាជធានីភ្នំពេញទៅស្រុកកំណើត ល្មើសនឹងបម្រាមរដ្ឋាភិបាល។

លោកបន្តថា បច្ចុប្បន្ន អាជ្ញាធរខេត្តបានណែនាំទៅអាជ្ញាធរមូលដ្ឋានឱ្យ​ស្រាវជ្រាវ និងបានអំពាវនាវដល់គ្រួសារពួកគេមិនត្រូវជួយលាក់បាំង បើសិនជាមានកូនឬសមាជិកគ្រួសារលួចទៅពីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩​ ខណៈរាជធានីភ្នំពេញកំពុងផ្ទុះជំងឺនេះខ្លាំង។

លោកថា៖ «យើងបានប្រាប់ហើយ អ្នកមកគឺមានល្មើសនឹងច្បាប់បាត់ហើយ ហើយបើសិនជាអ្នកដែលមកមានជំងឺ​កូវីដ-១៩ ​អាហ្នឹង យើងត្រូវតែអនុវត្ត​ទៅតាមច្បាប់ហើយ យើងមិនអាចលើកលែងទេ បើយើងលើកលែងអ៊ីចឹង មនុស្សអត់មានការខ្លាចច្បាប់ទេ»។

កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋាភិបាលបានសម្រេច​ផ្អាកការធ្វើដំណើរចេញ-ចូលពីខេត្តមួយទៅខេត្តមួយ​ទៀតបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ​ក្រោមហេតុផលថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

យ៉ាងណា សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយ មិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលនោះទេ។

ច្បាប់ថ្មីស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានចែងថា អ្នកបំពានវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងៗទៀត​ ត្រូវពិន័យជាទឹកប្រា​ក់ពី១លានរៀល ទៅ៥លានរៀល។  ​ក្នុងករណីចម្លងជំងឺទៅអ្នកដទៃ ​ត្រូវដាក់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ និងពិន័យប្រាក់ពី២លា​ន ទៅ១០លានរៀល។

ដោយឡែក អ្នកគេចវេះពីការព្យាបាល ឬគេចចេញពីកន្លែងព្យាបាលវិញ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យប្រាក់ពី៥លាន ទៅ២០លានរៀល ហើយបើការគេចវេះនោះនាំ​ដល់ឆ្លងជំងឺទៅ​អ្នកដទៃទៀត គឺជាប់ពន្ធនាគារពី៥ឆ្នាំ​ ទៅ១០ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ