រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ បន្ត​បម្រាម​គោចរ​ចំនួន​២​សប្ដាហ៍​បន្ថែម​ទៀត​

មន្ត្រីចរាចរណ៍ត្រួតពិនិត្យលិខិតបញ្ជាក់ក្នុងការធ្វើដំណើរពីស្ត្រីម្នាក់ នាយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ក្រោយអនុវត្តបម្រាមគោចរដើម្បីបង្ការការរាតត្បាតជំងឺកូវីដ-១៩។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្នចំនួន២សប្ដាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ គិតចាប់ពីថ្ងៃទី១៥ ដល់ទី២៨ ខែមេសា ឆ្នាំ២០២១។

​លិខិតរដ្ឋបាលរាជធានីភ្នំពេញ ចេញនៅថ្ងៃទី១៣ ខែមេសានេះ បានឱ្យដឹងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អាជ្ញាធរសម្រេចបន្តផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពនានានៅចន្លោះម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ ដូចជាការផ្អាកធ្វើចរាចរ ផ្អាកការប្រមូលផ្ដុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង លើកលែងតែករណីចាំបាច់មួយចំនួន និងផ្អាកសកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ដែលទទួលអតិថិជនឱ្យចូលទទួលទានក្នុងបរិវេណអាជីវកម្ម​របស់ខ្លួន ប៉ុន្តែអាចលក់ដូរជាលក្ខណៈវេចខ្ចប់បាន។

លិខិតដដែលបានឱ្យដឹងទៀតថា ប្រជាពលរដ្ឋដែលមិនអនុវត្តតាមវិធានការរបស់អាជ្ញាធរនឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងលិខិត​បទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមានផ្សេងទៀត។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបដិសេធក្នុងការផ្ដល់អត្ថាធិប្បាយបន្ថែមជុំវិញការបន្តវិធានការនេះ ដោយលោកអះអាងថា ក្នុងលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញបានបកស្រាយគ្រប់ជ្រុងជ្រោយហើយ។

លោកមានប្រសាសន៍៖ «ក្នុងលិខិតខ្ញុំពន្យល់ហើយ មើលលិខិតខ្ញុំទៅអូន! ក្នុងលិខិតបានពន្យល់ហើយ»។

ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍ​ និងសន្តិភាព លោក យង់ គីមអេង គាំទ្រការបន្តអនុវត្តវិធានការរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ។

ទោះយ៉ាងណា លោកថា អាជ្ញាធរក៏គួរតែយកចិត្តទុកដាក់លើបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ នៅពេលពួកគេមិនអាចចេញប្រកបរបរឬបំពេញការងារបាន។

លោកមានប្រសាសន៍ថា៖ «វាជារឿងមួយដែលប្រសើរក្នុងការផ្អាកនេះ គួរតែបន្តទៅមុខទៀត[នូវ]បម្រាមគោចរ ក្នុងកាលៈទេសៈនេះក៏វាចាំបាច់ដែរ ដោយសារតែទំហំនៃការរីករាលដាលជំងឺកូវីដ-១៩ នៅតែជាការព្រួយបារម្ភនៅឡើយ ប៉ុន្តែក្នុងនោះដែរ សូមឱ្យអាជ្ញាធរគិតគូរពីការរស់នៅរបស់ពួកគាត់ផងដែរ កុំឱ្យពួកគាត់ប្រឈមជីវភាពរស់នៅរបស់គាត់»។

កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ចេញវិធានការរដ្ឋបាលនេះជាលើកទី១ម្តងរួចមកហើយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

បម្រាមគោចរនេះ ធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ-១៩ ចូលទៅកាន់សហគមន៍ជាលើកទី៣ បណ្តាលឱ្យមានអ្នកឆ្លងជំងឺនេះកាន់តែច្រើន និងស្លាប់​ជាបន្តបន្ទាប់។

អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា​ មានប្រសាសន៍ថា បម្រាមគោចរនេះមិនមានគោលការណ៍ក្នុងការឃាត់ខ្លួនប្រជាពលរដ្ឋនោះឡើយ ហើយប្រសិនបើរកឃើញថា ពួកគេល្មើសនឹងវិធានការរបស់អាជ្ញាធរ គឺគ្រាន់តែបញ្ជូនទៅធ្វើចត្តាឡីស័កតាមផ្ទះ និងឃាត់យានជំនិះទុកជាបណ្តោះអាសន្នតែប៉ុណ្ណោះ។

លោកមានប្រសាសន៍ថា៖ «គឺមិនមានគោលការណ៍ក្នុងការចាប់ឃាត់មនុស្សទេ។ គឺយើងគ្រាន់តែចាប់យានយន្តរក្សាទុកហើយមនុស្សឱ្យគាត់ទៅធ្វើចត្តាឡីស័កខ្លួនឯងទៅតាមគេហដ្ឋានរៀងៗខ្លួន»។

បើតាមអ្នកនាំពាក្យរូបនេះបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២ ខែមេសា រហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរបានឃាត់យានយន្តចំនួន២០៣គ្រឿង ក្នុងនោះមានម៉ូតូ១៦៤គ្រឿង និងរថយន្ត៣៩គ្រឿង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ