កម្មករ​​ដែល​ធ្វើ​ចត្តា​ឡីស័ក​នៅ​អាគារ​៦​ជាន់​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កំពុង​ខ្វះ​ទឹក​ប្រើ​ប្រាស់​

បុគ្គលិកសុខាភិបាលម្នាក់ឈរនៅក្រៅរោងចក្រ ឌីន ហាន ក្នុងថ្ងៃទៅយកធ្វើសំណាកធ្វើតេសត្តរកកូវីដ-១៩ ពីក្រុមកម្មកររោងចក្រ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

ក្រុមកម្មករដែលតម្រូវឱ្យធ្វើចត្តាឡីស័កតាមបន្ទប់នៅអាគារ៦ជាន់ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អះអាងថា ពួកគេកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់ដែលបង្កជាផលលំបាកក្នុងការរស់នៅ។

កម្មករបម្រើការងារនៅរោងចក្រ ឌីន ហាន លោក សៀន ណុច ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះ​ថា កម្មករ-កម្មការិនី និងប្រជាពលរដ្ឋជាង១ ០០០នាក់ដែលជួលបន្ទប់ស្នាក់នៅ​អាគារ៦ជាន់ ហៅ «ផ្ទះ​ឡ» ស្ថិតភូមិត្រពាំងថ្លែង សង្កាត់ចោមចៅ ត្រូវ​បាន​អាជ្ញាធរ​​​ឱ្យ​អ្នកជួលបន្ទប់នៅលើអាគារមួយនេះធ្វើចត្តាឡីស័កទាំងអស់គ្នា​ តាំងពីថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ២០២១នេះ។

កម្មកររូបនេះបន្តថា ក្រោយអាជ្ញាធររាំងខ្ទប់មិនឱ្យចេញក្រៅនោះ គឺរូបលោកនិងកម្មករផ្សេងទៀតដែលជួលបន្ទប់ស្នាក់លើអាគារនេះ ពុំមានទឹកប្រើប្រាស់គ្រប់គ្រាន់ឡើយ។

លោកបន្ថែមថា៖ «ផលលំបាកទីមួយ បញ្ហារឿងទឹកដាច់៣ថ្ងៃហើយ។ មួយទៀត ម្ហូបអាហារយើងស៊ីចុកហ្នឹង គេឡើងថ្លៃ ឥលូវយើងកំពុងសុំឱ្យម្ចាស់ផ្ទះជួយចុះថ្លៃបន្ទប់ជួលដែរ»

កម្មកររបស់រោងចក្រ ឌីន ហាន ម្នាក់ទៀត លោក ហ៊ឺន សុវី ដែលបានជួលបន្ទប់ស្នាក់នៅជាមួយកម្មករ៣នាក់ទៀត​នៅអាគារ៦ជាន់នេះ បាន​និយាយថា ពួកគាត់កំពុងជួបការលំបាកខ្លាំងជាងគេ ចំពោះតម្រូវការប្រើប្រាស់ទឹក ដោយសារលោកនិងអ្នកស្នាក់នៅក្នុងបន្ទប់ជាមួយនោះ មិនត្រូវឱ្យចេញពីបន្ទប់ដាច់ខាត។

លោកបន្ថែមថា៖ «និយាយទៅ បញ្ហាប្រឈមសម្រាប់ពួកខ្ញុំនៅពេលនេះ គឺខ្វះទឹកប្រើប្រាស់ ពីព្រោះវាបានដាច់២ទៅ៣ថ្ងៃហើយ ដោយអាគារខ្ញុំនៅនេះ៦ជាន់។ អញ្ចឹងពេលគេបិទ មនុស្សអត់ចេញទៅណា ធ្វើឱ្យតម្រូវការប្រើប្រាស់ទឹកច្រើនគ្នា។ ខ្ញុំចង់ឱ្យអាជ្ញាធរនិងម្ចាស់ផ្ទះជួលជួយសម្រួលបញ្ហានេះដល់ពួកខ្ញុំ ពីព្រោះពួកខ្ញុំគេឱ្យធ្វើចត្តាឡីស័កមិនឱ្យចេញទៅណាដាច់ខាត»

អ្នកនាំពាក្យក្រសួងការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍ថា ប្រសិនបើកម្មករជាប់ធ្វើចត្តាឡីស័កមានបញ្ហានេះ ត្រូវសួរទៅរដ្ឋបាលរាជធានីភ្នំពេញ។

ប៉ុន្តែយ៉ាងណា អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ ប្រាប់ វីអូឌី យ៉ាងខ្លីថា បញ្ហានេះអាជ្ញាធរបានដោះស្រាយហើយ។

លោកបន្ថែមថា៖ «ឥលូវអត់មានករណីនេះកើតឡើងទេ។ មានបញ្ហាថ្ងៃមុនហ្នឹង ម្ចាស់ហ្នឹងភ្លេចបើកម៉ូទ័រ»

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន មានប្រសាសន៍ថា តាមព័ត៌មានដែលលោកទទួលបាន គឺមានរោងចក្រចំនួន២ ដែលមានកម្មករធ្វើចត្តាឡីស័កច្រើនជាងគេ គឺរោងចក្រ ឌីន ហាន និងរោងចក្រ ឌីឡាក់។ មេសហជីពរូបនេះបន្តថា ក្នុងករណីកម្មករដែលជាប់ធ្វើចត្តាឡីស័កជួបបញ្ហាផ្សេងៗនោះ អាជ្ញាធរពាក់ព័ន្ធគួរចុះដោះស្រាយជូនពួកគេទាន់ពេលវេលា។

លោកបន្ថែមថា៖ «ខ្ញុំគិតថា អាជ្ញាធរពាក់ព័ន្ធគួរតែរួសរាន់​ដើម្បីតទឹក ឬក៏បញ្ជូនទឹកទៅឱ្យពួកគាត់ទាំងទឹកភ្លើង អាហារនិងសម្ភារមួយចំនួនទៀត ដើម្បីជួយសម្រួលឱ្យពួកគាត់ហ្នឹងអាចធ្វើចត្តាឡីស័ក ឬក៏សម្រាកថែរក្សាខ្លួនបានល្អ»

ក្នុងពិធី​ថ្លែងសារ​ពិសេសមួយនៅថ្ងៃទី​១០​ ខែមេសា ឆ្នាំ​២០២១​នេះ ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា ​រដ្ឋាភិបាលនឹងផ្តល់​​​ការ​ឧបត្ថម្ភជា​​ប្រាក់៣០០ ០០០​រៀលក្នុងមួយគ្រួសារ​ អង្ករ​២៥គីឡូ និង​មីមួយ​កេសតូច​ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក រួម​ទាំង​ចេញ​ថ្លៃទឹកនិង​អគ្គិសនីរយៈពេល​២ខែ​​ផង​ដែរ សម្រាប់​ពលរដ្ឋ​ដែលរស់នៅក្នុងភូមិសាស្ត្រដែលអាជ្ញាធរបាន​បិទ​។

លោកនាយករដ្ឋមន្ត្រី បន្ថែមថា ចំពោះគ្រួសារ​ដែល​មាន​សមាជិក​ស្លាប់ដោយ​សារ​ជំងឺកូវីដ-​១៩ រដ្ឋ​នឹង​ជួយបង់​ជំនួស​ថ្លៃទឹកនិងអគ្គិសនី​យ៉ាង​តិច៥ខែ​​បន្ថែម​ និង​ចំពោះ​​អ្នក​ដែល​សមាជិក​ឆ្លងជំងឺ​កូវីដ-១៩ និ​ង​ធ្វើ​ចត្តាឡីស័ក រដ្ឋ​ជួយ​ចេញ​ថ្លៃទឹកនិង​អគ្គិសនី​​អប្បបរមារយៈពេល៣ខែ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ