មន្ត្រី​​រដ្ឋា​​ភិបាល​​​​ស្នើ​ឱ្យ​​រក្សា​​ភាព​​ស្ងៀម​​ស្ងាត់​​ ខណៈ​​ពលរដ្ឋ​​សម្រុក​ទៅ​​ផ្សា​រ​​ព្រោះ​​ខ្លាច​​បិទ​​ក្រុង​

ពលរដ្ឋជាច្រើននាក់បាននាំគ្នាសម្រុកទៅទិញអីវ៉ាន់និងសម្ភារប្រើប្រាស់នៅផ្សារទំនើបមួយកន្លែងក្នុងក្រុងភ្នំពេញ ល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ (ម៉ិច ដារ៉ា)

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលស្នើដល់ប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងចៀសវាង​សម្រុក​ទៅ​ផ្សារដែលបង្កេីតបានជាភាពកកកុញមនុស្សច្រេីន និងជំរុញនូវហានិភ័យកាន់តែខ្ពស់​ក្នុងការឆ្លង​វីរុសកូវីដ-១៩។

ការស្នើនេះបាន​ធ្វើឡើងក្រោយ​ពីមានសារ​ជាសំឡេង​ផ្ញើតៗគ្នានៅក្នុងបណ្តាញសង្គម ថានឹងមានការបិទរាជធានីភ្នំពេញ និង​ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីយប់នេះរហូតដល់២សប្តាហ៍ ដោយសា​រតែ​ស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាន់តែមានភាពធ្ងន់ធ្ងរដែលពិបាកគ្រប់គ្រង។ ​

ក្រោយពីមានការចែករំលែកតៗគ្នានូវសារជាសំឡេងនេះ ប្រជាពលរដ្ឋ​រស់​នៅក្នុងរាជធានីភ្នំពេញជាច្រើនបាននាំគ្នាសម្រុកទៅផ្សារនានា ដើម្បីទិញស្បៀងអាហារទុក។

ករណីនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បាន​អំពាវនាវតាមរយៈបណ្តាញសង្គមតេឡេក្រាម ឱ្យ​ប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងត្រូវជឿជាក់​លើ​វិធានការរបស់រដ្ឋាភិបាលដែលមានការគិតគូរត្រឹមត្រូវ និងមិនបិទជិតឈឹងមិនឱ្យមានវិធីក្នុងការរកម្ហូបអាហារទទួលទាននោះឡេីយ។

លោកស្រីបន្តថា ការសម្រុកទៅផ្សារ​របស់ប្រជាពលរដ្ឋយ៉ាងច្រើនកកកុញនេះ នឹងជំរុញនូវហានិភ័យកាន់តែខ្ពស់​ក្នុងការឆ្លងនូវវីរុសកូវីដ-១៩។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា៖ «បងប្អូនអាចនឹងឆ្លងជំងឺកូវីដ-១៩ បានគ្រប់ពេលនៅពេលដែលនៅកន្លែងប្រជ្រៀតគ្នាខ្លាំងពេកនោះ ឬកន្លែងដែលមិនមានគម្លាតគ្នាពីមួយម៉ែត្រកន្លះឡេីង ហេីយមិនមានពាក់ម៉ាស់ និងលាងដៃញឹកញាប់ទេនោះ។ សូមត្រូវចងចាំថា វីរុសកូវីដ-១៩ សប្បាយចិត្តខ្លាំង ចូលចិត្តខ្លាំង និងពេញចិត្តជាទីបំផុត ក្នុងការដេីរចម្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀតបានយ៉ាងងាយស្រួលដោយមិនមានរបាំងហាមឃាត់ ឬសម្លាប់វីរុសដ៏សាហាវនេះនោះ»។

មន្ត្រីសុខាភិបាលរូបនេះក៏បានអំពាវនាវជាថ្មីដល់​ប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការ «៣ការ​ពារ ៣កុំ» និងចាក់វ៉ាក់សាំងការពារកូវីដ-១៩ ព្រមទាំងចូលឆ្នាំនៅផ្ទះ ដេីម្បីឈ្នះនូវការវាយលុករបស់​​វីរុសកូវីដ-១៩។

ទោះជាយ៉ាងណា រហូតមកដល់ម៉ោង៩យប់ថ្ងៃពុធនេះនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយរបស់មន្ត្រីរដ្ឋាភិបាល ជុំវិញវិធានការ​បិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល នេះនៅឡើយទេ។

អ្នកនាំពាក្យ​រដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី សុំមិនទាន់អត្ថាធិប្បាយ​ជុំវិញករណីនេះ ដោយលោក​ឱ្យរង់ចាំការប្រកាសជា​ផ្លូវការរបស់រដ្ឋាភិបាល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ