រដ្ឋា​ភិបាល​ដាក់​ខេត្ត​ស្វាយរៀង​ ជា​ភូមិ​សាស្ត្រ​ដែល​ត្រូវ​ពាក់​ម៉ាស​និង​រក្សា​គម្លាត​

ទីតាំងមួយកន្លែងនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តស្វាយរៀង)

ក្រសួងសុខាភិបាលបានដាក់ខេត្តស្វាយរៀងមួយទៀតជាតំបន់ឆ្លងរាលដាលជំងឺកូវីដ-១៩ ដែ​​លតម្រូវឱ្យអាជ្ញាធរអនុវត្តកាតព្វកិច្ចពាក់ម៉ាសនិងរក្សាគម្លាតសុវត្ថិភាព ដើ​ម្បីទប់ស្កាត់ជំងឺឆ្លងជាសកលនេះ។

កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានដាក់​​ភូមិសាស្ត្ររាជធានី-ខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល ព្រៃវែង និងសៀមរាប ជាភូមិសាស្ត្រដែលត្រូវពាក់ម៉ាសនិងរក្សាគម្លាតសុវត្ថិភាព ក្រោយមានការឆ្លងរាលដាល​ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានលើកឡើង​ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៤ ខែមេសានេះថា មូល​ហេតុ​ដែល​ក្រសួង​ដាក់​ខេត្ត​នេះជាភូមិសាស្ត្រត្រូវអនុវត្តវិធានកាតព្វកិច្ចពាក់ម៉ាសនិងរក្សាគម្លាតបុគ្គលនេះ ដោយ​សារ​តែក្រ​សួ​​ងមើលឃើញថា ខេត្តនេះមានការឆ្លងរាលដាល​ជំងឺកូវីដ-១៩ ពា​ក់ព័​​ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ។

សេចក្តីជូនដំណឹងនោះបន្តថា ចំពោះបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាសនិងរក្សាគម្លាតបុគ្គល ត្រូវបានកំណត់​ក្នុងប្រការ៣ និងប្រការ៤ នៃប្រកាសស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ក្រសួងបានគូសបញ្ជាក់ថា៖ «អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចាត់វិធានការ ដើម្បីធានាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងសាធារណជនទាំងអស់ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩»។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួង កាតព្វកិច្ចនេះត្រូវធ្វើចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់មានការជូនដំណឹងជាថ្មី។

អភិបាលរងខេត្តស្វាយរៀង លោក តូច ប៉ូលីវា មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធបានអនុវត្តជាបន្តបន្ទាប់មក​ហើយ​នូវវិធានសុខាភិបាលនេះ ប៉ុន្តែក្រោយទទួលបានការជូនដំណឹងពីក្រសួងសុខាភិបាលនេះ ខេត្តនឹងចាប់ផ្តើម​អនុវត្តវិធានសុខាភិបាលបន្ថែមទៀត ដើម្បីពង្រឹងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

លោកថា ការដាក់ចេញនូវវិធានការពាក់ម៉ាសនិងរក្សាគម្លាតសុវត្ថិភាពរបស់ក្រសួង ធ្វើឡើង​ក្រោយ​ពីខេត្តស្វាយ​រៀង មានករណីឆ្លងជំងឺកូវីដ-១៩ នៅតំបន់​សេដ្ឋកិច្ចពិសេស ក្រុងបាវិត ពិសេសនៅក្នុងកាស៊ីណូ។

លោក តូច ប៉ូលីវា បញ្ជាក់ថា៖ «នៅក្នុងកាស៊ីណូ មកដល់ម៉ោងនេះ [ព្រឹកថ្ងៃទី១៤ ខែមេសា] ទាំងប្រជាពលរដ្ឋទាំងអីនៅក្នុងមន្ទីរពេទ្យព្យាបាលមានចំនួន១៥១នាក់ ក្រៅពីហ្នឹងជាហើយ ជិត៥០នាក់»។

ប្រការ៣ និងប្រការ៤ នៃប្រកាសរបស់ក្រសួងសុខាភិបាល​ កំណត់ថា បុគ្គលដែលវិជ្ជមាន​កូវីដ-១៩ បុគ្គលដែលមានកាតព្វកិច្ចធ្វើចត្តាឡីស័ក អ្នកបើកបរនិងអ្នករួមដំណើរលើមធ្យោបាយធ្វើដំណើររួម ឬមធ្យោបាយដឹកជញ្ជូន​សម្រាប់បម្រើឱ្យសាធារណជនគ្រប់ប្រភេទ អ្នកផ្តល់សេវាផ្ទាល់ដល់អតិថិជន និងបុគ្គលផ្សេងៗទៀតដែលកំពុងស្ថិតនៅតាមទីសាធារណៈដែលមានមនុស្សច្រើន ឬទីកន្លែង​ដែលមានការជួបជុំមនុស្សចាប់ពី២នាក់ឡើងទៅ។

ប្រកាសដដែលបន្តថា ចំពោះទីកន្លែងដែលតម្រូវឱ្យពាក់ម៉ាសវិញ ត្រូវធ្វើនៅគ្រប់ទីកន្លែងសាធារណៈនានា ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ ​សណ្ឋាគារ គ្លីនិក ឬមន្ទីរសម្រាកព្យាបាលជំងឺ ឬទីកន្លែងផ្សេងៗទៀតដែលបិទជិត។

ចំពោះកាតព្វកិច្ចត្រូវរក្សាគម្លាតសុវត្ថិភាពវិញ គឺបុគ្គលដែលស្ថិតនៅកន្លែងធ្វើការនៃសហគ្រាស ឬគ្រឹះស្ថានឯកជន ទីតាំងអាជីវកម្ម ឬទីកន្លែងសាធារណៈដែលមានមនុស្សច្រើន ត្រូវអនុវត្តគម្លាតសុវត្ថិភាពឱ្យបានយ៉ាងតិច«១ម៉ែត្រកន្លះ»ពីបុគ្គលមួយទៅបុគ្គលមួយទៀត។ ប៉ុន្តែ​ក៏លើកលែងផងដែរសម្រាប់អ្នកដែលកំពុងរស់នៅជាមួយគ្នា សម្រាប់​ការធ្វើដំណើរក្នុងមធ្យោ​បាយ​ឯកជន រវាងជនពិការ ចាស់ជរា ឬកុមារជាមួយអ្នកមើលថែទាំពួកគេ ចំពោះអ្នកផ្តល់និងទទួលសេវាកម្មណាមួយ ចំពោះការហ្វឹកហាត់ឬប្រកួតកីឡា និងរវាងកូនកំលោះនិងកូនក្រមុំ ជាដើម។

បើតាមប្រកាសរបស់ក្រសួងសុខាភិបាល​ បើសិនបុគ្គលណាមិនអនុវត្តទៅតាមកាតព្វកិច្ចដែលតម្រូវនេះទេ គឺជំហានដំបូង ពួកគេនឹងរងនូវការព្រមាននិងណែនាំពីមន្រ្តីសុខាភិបាលឬអាជ្ញាធរមានសមត្ថកិច្ច។ ប៉ុន្តែបើសិននៅតែមិនអនុវត្តទៀត គឺនឹងប្រឈមការពិន័យជាទឹកប្រាក់ពីចន្លោះពី ២០០ ០០០រៀល ទៅ ១ ០០០ ០០០ រៀល ជាកំហិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ