អ្នក​ជំងឺ​កូវីដ-១៩​ជាង​១៤០០​នាក់​កំពុង​ព្យាបាល​នៅ​ផ្ទះ ​ខណៈ​មណ្ឌល​ព្យាបាល​ពេញ​

តំបន់ផ្សារអូរឫស្សីត្រូវបានបិទបណ្ដោះអាសន្នក្រោយមានករណីអ្នកឆ្លងកូវីដ-១៩ នៅផ្សារអូរឫស្សី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

មន្រ្តីសុខាភិបាល ឱ្យដឹងថា អ្នកជំងឺកូវីដ-១៩​ ជាង១​ ៤០០នាក់ដែលបានឆ្លង​កាលពីពេលថ្មីៗនេះ កំពុង​សម្រាកព្យាបាលនៅផ្ទះ រង់ចាំផ្ទេ​រទៅសម្រាក​ព្យាបាលនៅតាមមណ្ឌល ដោយសារ​តែមណ្ឌលព្យាបាលពេញ។

ក្នុងរបាយការណ៍ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកជំងឺ១ ៤៩៣នាក់ ថ្មីៗនេះកំពុងរង់ចាំបុគ្គលិកពេទ្យទាក់ទងមកទទួល ដើម្បីបញ្ជូនទៅកន្លែងឬមណ្ឌលសម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ ណាមួយដែលមានគ្រែទំនេរ។

ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង លើកឡើងថា មន្រ្តីសុខាភិបាលនិងរដ្ឋបាល​រាជធានីភ្នំពេញ បាននិងកំពុងផ្ទេរអ្នកជំងឺដែលមានលេចនូវអាការរោគឱ្យទៅសម្រាកព្យាបាលបានជាច្រើនរយនាក់រួចមកហើយក្នុងរយៈពេល២-៣ថ្ងៃចុងក្រោយនេះ។

លោក មានហេង មានប្រសាសន៍ថា៖ «យើងកំពុងតែដោះស្រាយ ដោះបណ្តើរនិងដោះ​តរហូត ពីព្រោះយើងមិនបានត្រៀមមុនសម្រាប់អ្នក១ ០០០​នាក់ អញ្ចឹងយើងអត់បានត្រៀម យើងមានត្រៀមត្រឹមរាប់រយ ដល់ព្រឹត្តិការណ៍វាកើនដល់ហ្នឹង ប៉ុន្តែយើងដោះរហូត»។​

កាលពីចុងសប្តាហ៍កន្លងទៅនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសរៀបចំមជ្ឈមណ្ឌលមហាសន្និបាតកោះពេជ្រ ធ្វើជាទីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលអាចទទួលអ្នកជំងឺបានរហូតដល់៥ ០០០នាក់។

លោកបន្ថែមថា មានតែអ្នកជំងឺស្រាលៗប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យរង់ចាំនៅផ្ទះ ឯអ្នកមានវ័យចំណាស់ឬមានអាការ​ពិ​បាកដកដង្ហើមឬក្អកខ្លាំងជាដើម ខាងមន្ទីរសុខាភិបាលនឹងបញ្ជូនបុគ្គលិកពេទ្យឱ្យទៅទទួលយកទៅសម្រាកព្យា​បា​លឯម​ណ្ឌ​លព្យាបាល​ជាបន្ទាន់។

យ៉ាងណា លោក ងី មានហេង និយាយថា បញ្ហាប្រឈមសម្រាប់អ្នកជំងឺកូវីដ-១៩ ដែលកំពុងដាក់ខ្លួនឱ្យដាច់ដោយ​ឡែកក្នុងផ្ទះ ជាញឹកញាប់គឺកើតចេញពីកា​របារម្ភខ្លាចរបស់អ្នករស់នៅជិតខាង ជាជាងក្នុងចំណោមសមាជិកក្រុមគ្រួសាររបស់ពួកគេ។

ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានផ្ទុះការឆ្លងរាលដាលខ្លាំងនៅរាជធានីភ្នំពេញ កាលពីសប្តាហ៍មុន ជាមួយតួលេខឆ្លងជាង១ ០០០ករណី ត្រូវបានរកឃើញក្នុងរយៈពេល២ថ្ងៃ ដែលភាគច្រើនលើសលុបកើតលើអ្នកធ្វើការ​នៅ​​រោងចក្រកាត់ដេរ និង​ផ្សារមួយចំនួន​ក្នុងទីក្រុង។

អ្នកនាំពាក្យរដ្ឋបាល​រាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ឱ្យដឹងថា អាជ្ញាធរក្រុងបានកំណត់អាទិភាពករណីអ្នកជំងឺកូវីដ-១៩នៅផ្ទះ ទៅតាមស្ថានភាពអាការរោគធ្ងន់ឬស្រាល ហើយទាក់ទងសួរនាំពីស្ថានភាពសុខភាពពួកគេ ថាតើត្រូ​វ​ទទួលការព្យាបាលនៅមណ្ឌលព្យាបាលឬយ៉ាងណា​។

លោក ម៉េត​ មាសភក្តី មានប្រសាសន៍ថា៖ «ស្ថានភាពខ្លះ លោកអាចគេហៅថា ឋិតក្នុងកម្រិតមួយដែលយើងកុងស៊ុលតាមទូរសព្ទក្នុងជំហានដែលមិនធ្ងន់ធ្ងរខ្លាំង ហើយស្របពេលដែលយើងកំពុងតែរៀ​បចំទីតាំងបន្ថែមទៀត។ មិនមែននៅក្នុងន័យហ្នឹង យើ​ងមានន័យថា ទុកលោកនៅផ្ទះនោះទេ ប៉ុន្តែវាមានតាមស្ថានភាព ដើម្បីឱ្យវាស៊ីជាមួយហ្នឹងទីតាំងដែលយើងកំពុងតែរៀបចំបណ្តើរៗ។ រៀបចំ[ហើយ] បានបញ្ជូនៗ»។

កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាទៅក្រសួងសុខាភិបាលឱ្យរៀបចំគោលការណ៍ណែនាំសម្រាប់អ្នកជំងឺកូវីដ-១៩​ ដែលមានស្ថានភាពជំងឺស្រាលអាចព្យាបាលនៅផ្ទះបាន។

ពលរដ្ឋរស់នៅក្នុងខណ្ឌមានជ័យ ឈ្មោះ ពេជ្រ រីយ៉ា និយាយថា ម្តាយរបស់គាត់​មានវ័យ៥១ឆ្នាំ បាននៅផ្ទះរយៈពេល៣ថ្ងៃមកហើយ ដើម្បីរង់ចាំទទួល​ការព្យា​បាលនៅមណ្ឌលព្យាបាល បន្ទាប់ពីធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅ​ថ្ងៃទី៧ ខែមេសា។ លោកថា រថយន្តសាមុយពេទ្យបានមកយកម្តាយរបស់លោកទៅព្យាបាលនៅថ្ងៃទី១១ ខែមេសា បន្ទាប់ពីលោកបង្ហោះសារលើបណ្តាញហ្វេស​ប៊ុក​ រៀបរាប់ពីកង្វល់ចំពោះអាការ​ម្តាយរបស់​លោកដែលមានបញ្ហាពិបាកដកដង្ហើមនិងឈឺក្បាលខ្លាំងបានមួយថ្ងៃ។

លោក រីយ៉ា បន្ថែមថា គាត់បានទូរសព្ទទៅគ្រូពេទ្យដើម្បីពិគ្រោះយោបល់ ហើយគ្រូពេទ្យបានណែនាំឱ្យម្តាយរបស់គាត់ប្រើថ្នាំវីតាមីនC ថ្នាំក្អក និងថ្នាំបញ្ចុះកម្តៅ ទៅតាមអាការ និងឱ្យគាត់ញាំទឹកក្តៅអ៊ុនៗឱ្យបានញឹកញាប់។

លោកនិយាយថា៖ «ខ្ញុំក៏បានព្យាយាមទាក់ទងទៅខាងគ្រូពេទ្យអញ្ចឹងទៅ ហើយខាងក្រសួងសុខាភិបាលគាត់ក៏បានឱ្យខ្ញុំព្យា​យា​ម​សង្គ្រោះបឋមខ្លួនឯងនៅផ្ទះ ប៉ុន្តែយើងអត់ដឹងថា ខ្លួនឯងអាចសង្គ្រោះបឋមខ្លួនឯងបានដល់កម្រិតណា ព្រោះអីយើងមិនមែ​នជាអ្នកជំនាញខាងហ្នឹងអញ្ចឹង»

ប្រភពដដែលបន្ថែមថា សមាជិកគ្រួសាររបស់គាត់មានគ្នា៨នាក់បានតេស្តឃើញអវិជ្ជមាននៅក្នុងការធ្វើ​តេស្តលើក​ទី១។ លោកបន្តថា ផ្ទះរបស់លោកមានជាន់លើ​ក្រោម ហើយម្តាយរបស់លោកនៅជាន់លើ ឯអ្នកដទៃស្នាក់នៅជាន់ក្រោម និងទទួលខុសត្រូវយកម្ហូបអាហារ និងរបស់របរផ្សេងៗឱ្យម្តាយ។

លោកថា ពួកគេមានការប្រុងប្រយ័ត្ននិងការពារខ្ពស់តាមដែលអាចធ្វើទៅបាន ដូចជា ពាក់ស្រោមដៃ បាញ់អាល់កុលលើរបស់របរប្រើប្រាស់ផ្សេងៗ ហើយលាងសម្អាតចានឆ្នាំងដែលម្តាយរបស់គាត់បានប្រើ រួចដាក់ដោយឡែកពីអ្នកដទៃ ជាដើម។​

លោក ពេជ្រ រីយ៉ា និយាយថា៖ «បើសិនយើងទុកគាត់នៅយូរ យើងមានហានិភ័យខ្ពស់​ក្នុងការចម្លងពីម្នាក់​ទៅម្នាក់។ បើជាអ្នកផ្ទះអត់មាន មានវិជ្ជមានតែគាត់ បើយើងនៅជាមួយគ្នាយូរ យើងអាចមានករណីឆ្លងដែរអញ្ចឹង»

គាត់បន្ថែមថា ម្តាយរបស់គាត់គឺជាអាជីវករផ្សារអូរឫស្សី និងកំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាល​ម៉ូឌែន២ ដែលជាមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ម៉ូឌែន២ ក្នុងសង្កាត់ចាក់អង្រែ ដែលត្រូវបានអាជ្ញាធររាជធានីភ្នំពេញ កែប្រែសម្រាប់ដាក់អ្នកជំងឺកូវីដ-១៩ ឱ្យ​សម្រាកព្យា​បាល។

ពលរដ្ឋជាអាជីវករលក់ទំនិញតាមអនឡាយម្នាក់ បានប្រាប់ VOD ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ម្តាយវ័យ៦១ឆ្នាំរ​ប​ស់​គាត់ដែលជាអាជីវករលក់គ្រឿងអគ្គិសនីនៅផ្សារអូរឫស្សី បានធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១១ ខែមេសា ប​ន្ទាប់ពីផ្តល់សំណាកបាន២ថ្ងៃ។

ស្រ្តីវ័យ៣៨ឆ្នាំរូបនេះនិយាយថា​ គ្រូពេទ្យបានប្រាប់ឱ្យម្តាយគាត់នៅផ្ទះរង់ចាំ បន្ទាប់ពីសាកសួរពីអាការជំងឺរបស់គាត់ ដឹងថា មានក្អ​កនិងផ្តាសាយតិចតួច។ គាត់ថា នៅថ្ងៃបន្តបន្ទាប់ អាការម្តាយគាត់វិវត្តទៅសភាព​ធ្ង​ន់ធ្ងរបន្តិចម្តងៗ រហូតដល់គាត់មានបញ្ហាពិបាក​ ថប់ខ្យ​ល់ដង្ហើមខ្លាំង នៅយប់ថ្ងៃទី១៣ ខែមេសា។

ពលរដ្ឋរូបនេះនិយាយថា៖ «ចាប់ពីព្រឹកគាត់ដកដង្ហើមពិបាករហូតដល់ពេលយប់ខ្លាំង ម៉ោង៧ គាត់ចាប់ផ្តើមពិបាកខ្លាំង ហើយពេលហ្នឹងខ្ញុំស្លន់ស្លោមែនទែនហ្មង! ខ្ញុំអស់ជម្រើស ខ្ញុំតេទៅ១១៥ ច្រើនដង គេនៅតែឱ្យខ្ញុំចាំ។ គេថាដោយសារអត់មានកន្លែងសម្រាប់អ្នកជំងឺអញ្ចឹង ហើយចាំគេទាក់ទងថ្នាក់លើ ហើយគេនឹងជូនព័ត៌មានអញ្ចឹង ហើយខ្ញុំចាំហើយចាំទៀត តែវាអត់មានលទ្ធផល»

គាត់ថា គាត់បានសម្រេចបង្ហោះសារលើបណ្តាញសង្គម Facebook ពីទុក្ខកង្វល់របស់ខ្លួន ហើយក៏មានមិត្តភក្តិផ្តល់លេខទំ​នាក់ទំនងមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ហើយគាត់ក៏ទាក់ទងសុំអន្តរាគមន៍​ជួយបញ្ជូនអ្នកជំងឺទៅសម្រាកព្យាបាលនៅ​​ម​ន្ទីរពេទ្យហ្លួងម៉ែ នៅយប់ថ្ងៃទី១៣ ខែមេសា​ ទាន់ពេល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ