ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ថា​ ការ​បិទ​ក្រុង​​​​ភ្នំពេញ​​និង​តាខ្មៅ​លឿន​ពេក​ធ្វើ​ឱ្យ​ភ្លេច​គិត​រឿង​កូវីដ-១៩​

អាជ្ញាធរសមត្ថកិច្ចដាក់របាំងនិងយាមកាមលើការធ្វើការដំណើររបស់ពលរដ្ឋនៅម្ដុំស្ពានជ្រោយចង្វារ ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ពលរដ្ឋនិងសង្គមស៊ីវិល លើកឡើងថា រដ្ឋាភិបាលគួរតែប្រកាសជាមុន៣ថ្ងៃ ដើម្បីទុកពេលឱ្យពួកគាត់បានត្រៀមខ្លួនជាជាងប្រកាសបិទភ្លាមៗ ដែលប្រឈមហានិភ័យឆ្លងជំងឺកូវីដ-១៩ កាន់តែខ្លាំង ដោយសារការជ្រួលច្របល់ហើយសម្រុកនាំគ្នាទៅទិញស្បៀងអាហារ ភ្លេចគិតពីរឿងសុវត្ថិភាពសង្គម។

អ្នកលក់មីឆានៅម្ដុំជ្រោយចង្វារ អ្នកនាង ស៊ុំ សូនី និយាយថា នៅពេលរដ្ឋាភិបាលប្រកាសបិទភ្លាមៗ គ្រួសារគាត់បារម្ភនិងភ័យ​ខ្លាចអត់មានអីហូប ខណៈគាត់មិនទិញអ្វីទុក ហើយចំណូលដែលរកបាននោះសម្រាប់តែដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះ។

ពលរដ្ឋជាច្រើននាក់ដែលធ្វើដំណើរនៅម្ដុំស្ពានជ្រោយចង្វារ ជាប់កកស្ទះនៅលើផ្លូវត្រង់ចំណុចដែលអាជ្ញាធរដាក់របាំងឃាំងមិនឱ្យមានការចេញចូល ព្រឹកថ្ងៃទី១៥​ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

លោកថា៖ «ជាអាជីវករលំបាកខ្លាំងមែនទែន! ទៅណាក៏អត់កើតដែរ​​ ​លក់ក៏អត់កើត អ្វីដែលលំបាកគឺខ្វះខាតអាហារប្រចាំថ្ងៃ ព្រោះយើងបាត់ប្រាក់ចំណូលទាំងអស់ហើយ»។

ពលរដ្ឋលក់ម្ហូបអាហារពេលល្ងាចនៅក្រុងភ្នំពេញម្នាក់ទៀត លោក ស៊ុន ខេង និយាយថា រូបគាត់មិនជំទាស់វិធានការបិទខ្ទប់របស់រដ្ឋាភិបាលទេ ប៉ុន្តែការសម្រេចបិទធ្វើឡើងលឿនពេក ដែលធ្វើឱ្យពួកគាត់មិនបានត្រៀមខ្លួនទុកជាមុន។​

លោកថា៖ «​​និយាយទៅ បើគាត់ផ្ដល់ព័ត៌មានបានមុនយ៉ាងយូរមួយថ្ងៃ ក៏យើងបានត្រៀមនិងទិញអីទុកដែរ ប៉ុន្តែនេះ យើងដឹងតិចម៉ោងពេក»។

និសិ្សតរៀននៅសាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោក មុនី សុធារិទ្ធ រៀបរាប់ថា នៅពេលដែលពួកគាត់ទទួលបានសារសំឡេងរបស់ប្រមុខរដ្ឋាភិបាលចែករំលែកតៗគ្នាមក ពួកគាត់មានក្ដីបារម្ភ ទើបធ្វើឱ្យមានការជ្រួលច្របល់បែបនេះ ខណៈព័ត៌មានផ្លូវការដែលចេញពីអាជ្ញាធរមានសមត្ថកិច្ចនៅមានភាពយឺតយ៉ាវ។

លោកបន្តថា ភាពជ្រួលច្របល់នេះ មកពីពួកគាត់គិតថា រដ្ឋាភិបាលនឹងបិទទាំងស្រុង ដោយមិនឱ្យដើរហើរឬមានអ្នកលក់ដូរ ទើបនាំគ្នាសម្រុកទៅផ្សារ ដើម្បីទិញស្បៀងអាហារស្ដុក ហើយភ្លេចគិតពីការឆ្លងជំងឺកូវីដ-១៩។

លោក៖ «ខ្ញុំ​គិតថា ប្រកាសមុន៣ថ្ងៃ ហើយបញ្ជាក់ពីការបិទឱ្យបានច្បាស់អំពីគោលបំណងនៃការបិទហ្នឹងរបៀបម៉េច ហើយថា តើត្រូវផ្អាកចេញនៅម៉ោងប៉ុន្មាន​ អ្នកធ្វើការម៉េច ​អ្នកដឹកជញ្ជូនអីវ៉ាន់ត្រូវធ្វើម៉េច​​​។ អ្នកនៅរាជធានីភ្នំពេញ គាត់អត់ច្បាស់ថា គោលបំណងនៃការបិទ១៤ថ្ងៃហ្នឹងយ៉ាងម៉េចខ្លះ ​វាអត់ច្បាស់ បើចេញគោលបំណង៣ទៅ៤ឱ្យបានច្បាស់ៗទៅ ​ដើម្បីងាយស្រួលឱ្យប្រជាពលរដ្ឋអនុវត្តតាម»។

អ្នក​នាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណ សង្កេតឃើញថា រាល់ការដាក់ចេញនូវវិធានការរបស់រដ្ឋាភិបាលធ្វើឡើងលឿនពេក ដែលធ្វើឱ្យប្រជាពលរដ្ឋជ្រួលច្របល់គិតរឿងស្បៀងអាហារ ដោយភ្លេចគិតវិធានការ​សុខាភិបាលបង្ការជំងឺកូវីដ-១៩។

លោកបន្តថា ការប្រកាសអនុវត្តភ្លាមៗ និងភាពជ្រួលច្របល់របស់ប្រជាពលរដ្ឋ ដោយសារពួកគាត់នៅមិនទាន់មានជំនឿទៅលើរដ្ឋាភិបាលក្នុងការរដោះស្រាយបញ្ហាជូនពួកគាត់អំឡុងពេលបិទខ្ទប់នោះ។

លោកបន្តថា រដ្ឋាភិបាលក៏ដូចជាអាជ្ញាធរគួរតែធ្វើការសិក្សាឬត្រៀមរៀបចំក្រុមការងារដោះស្រាយបញ្ហាផ្សេងៗជូនដល់ប្រជាពលរដ្ឋឱ្យច្បាស់​លាស់ មុននឹងសម្រេចបិទខ្ទប់ ដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ-១៩ និងដើម្បីឱ្យពលរដ្ឋ​មានភាពកក់ក្ដៅផងដែរ។

លោកថា៖ «ពាក់ព័ន្ធនឹងការរាំងខ្ទប់នេះ គួរតែមានការប្រកាសព័ត៌មានឱ្យជាក់លាក់ដែរ​ ដើម្បីកុំឱ្យពួកគាត់មានភាព​ជ្រួលច្របល់​។ អ៊ីចឹងអាចប្រកាសទៅថា យប់ហ្នឹងមានការបិទ​ហើយ បងប្អូនដែលទៅរកទិញម្ហូបអី សូមកុំឱ្យព្រួយបារម្ភ ព្រោះមិនមានការបិទចរាចរណ៍ដល់ថ្នាក់មិនឱ្យទៅទិញម្ហូប​អាហារសម្រាប់ទទួលទានទេ។ ​យើងប្រកាសជាមុន ដើម្បីកុំឱ្យមានការជ្រួលច្របល់»។

កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាផ្លូវការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី១៥ ខែមេសានេះ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ សេចក្តីសម្រេចនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនឱ្យទៅតំបន់ផ្សេងទៀតដែលធ្វើឱ្យពិបាកគ្រប់គ្រង។

មុនសេចក្តីសម្រេចចេញជាផ្លូវការនោះ សំឡេងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេចែកចាយ​ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភ ហើយមនុស្សជាច្រើន​សម្រុកទៅផ្សារឬផ្សារទំនើបផ្សេងទៀត តាមតំបន់ពួកគេរស់នៅរៀងៗខ្លួន ​ដើម្បីទិញស្បៀងឬសម្ភារមួយចំនួន​សម្រាប់ស្តុកទុកបរិភោគនិងប្រើប្រាស់។

ទិដ្ឋភាពពលរដ្ឋសម្រុកទៅទិញស្បៀងទុក ​បានចែកចាយពាសពេញក្នុងបណ្តាញសង្គមនោះ បង្ហាញពីការ​ប្រាសចាកពីគោលការណ៍រក្សាគម្លាតសង្គម បណ្តាលឱ្យក្តីបារម្ភ​ពាក់ព័ន្ធការឆ្លងរីករាលដាលជំងឺកូវីដ-១៩ផងដែរ។  

បញ្ហានេះ ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន កាលពីអធ្រាត្រថ្ងៃទី១៤ ខែមេសា បានចេញមុខសុំទោសចំពោះការលួចបញ្ចេញសំឡេងរបស់លោកអំពីការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មុនសេចក្តីសម្រេចចេញជាផ្លូវការ ដែលបណ្តាលឱ្យប៉ះពាល់​ដល់អារម្មណ៍​ពលរដ្ឋ។

លោកថា នេះជាទង្វើខ្វះការទទួលខុសត្រូវ​របស់បុគ្គល​នៅក្នុង​គណៈរដ្ឋមន្ត្រី ​ដែលត្រូវចាត់វិធានការពេលក្រោយ

លោកថា៖ «ពិតមែនហើយ ខ្ញុំសូមអភ័យទោស ​ដោយសារតែ​រឿងរ៉ាវមិនទាន់ចេញសេចក្ដីសម្រេច ប៉ុន្តែបែរជាបានបែក​ធ្លាយទៅជាមុន​ ដោយបុគ្គលខ្វះការទទួលខុសត្រូវ​នៅក្នុងក្បាលម៉ាស៊ីនដឹកនាំ​របស់បក្សនិងរដ្ឋ។ ខ្ញុំសូមសារភាពដោយត្រង់​ថា សកម្មភាពនោះនឹងត្រូវទទួលវិន័យនៅពេលក្រោយ​ នៅពេលដែលយើងរកឃើញ»។

យ៉ាងណា សេចក្តីសម្រេចបិទភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល២សប្ដាហ៍ ដោយអនុវត្តចាប់ពីម៉ោងសូន្យថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី២៨ ខែមេសា បាន​បញ្ជាក់ថា ការធ្វើដំណើរចេញក្រៅពីលំនៅឋានអាចត្រូវបានអនុញ្ញាតករណីចាំបាច់ ដូចជា ទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្ម​មួយចំនួន ដោយមានភ្ជាប់ឯកសារបញ្ជាក់ពីការងារ មុខរបរ ឬអាជីវកម្ម ដែលចេញដោយទីកន្លែងអាជីវកម្មពាក់ព័ន្ធ ឬអាជ្ញាធរដែនដីដែលនៅទីតាំងជិតបំផុត។

ចំណែកការធ្វើដំណើរទៅកន្លែងលក់ម្ហូបអាហារឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដែលអនុញ្ញាតឱ្យ​បើកដំណើរការដោយអាជ្ញាធរ ប៉ុន្តែការធ្វើដំណើរនោះ អាចធ្វើឡើងដោយសមាជិកយ៉ាងច្រើន២នាក់ក្នុងមួយលំនៅឋាន និងមិន​ឱ្យចេញលើសពី៣ដងក្នុងមួយសប្តាហ៍ ក្នុងភូមិសាស្ត្រក្រុងឬខណ្ឌដែលខ្លួនរស់នៅ ដោយត្រូវយកតាមខ្លួននូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឬបណ្ណសម្គាល់ខ្លួន។

សេចក្តីប្រកាសឬសេចក្តីសម្រេចរបស់រដ្ឋាភិបាល និងអាជ្ញាធរក្រុងភ្នំពេញ ​រយៈពេលចុងក្រោយនេះ បានចេញជាបន្តបន្ទាប់ ដូចជា ការដាក់បម្រាមគោចរមិនឱ្យមានការធ្វើដំណើរ និងមិនឱ្យមានការជួបជុំចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺក្នុងភូមិសាស្ត្រក្រុងភ្នំពេញ។

ការ​សម្រេចបិទមិនឱ្យមានការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយលើកលែងករណីចាំបាច់មួយចំនួន និងបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៧ ​រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ។

សេចក្តីសម្រេចទាំងនេះ រដ្ឋាភិបាលបញ្ជាក់ថា ធ្វើឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពីតំបន់មួយទៅកាន់តំបន់មួយទៀតតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ