លោក​ វន់ ពៅ​ ស្នើ​រដ្ឋា​ភិបាល​បង្កើន​ថ្ងៃ​​ចាក់​វ៉ាក់សាំង​ឱ្យ​អ្នក​បើក​បរ​ត្រី​ចក្រ​យាន​យន្ត​បន្ថែម​ទៀត​

ម៉ូតូ​កង់​បី​បំពាក់​ដោយ កម្មវិធី​កក់​សំបុត្រ​តាម​ទូរសព្ទ ចត​តម្រៀប​គ្នា​រង់ចាំ​អ្នកដំណើរ​ហៅ​ជិះ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។ (បញ្ញា ឆពណ្ណ​)

មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារស្និទ្ធជាមួយពលរដ្ឋប្រកបរបរក្រៅប្រព័ន្ធ បានស្នើទៅកាន់រដ្ឋាភិបាលឬអាជ្ញាធររាជធានីភ្នំពេញ ឱ្យបង្កើនចំនួនថ្ងៃចាក់វ៉ាក់សាំងជូនអ្នកបើកបរត្រីចក្រយានយន្តឬរ៉ឺម៉កកង់បីបន្ថែមទៀត ត្បិតចំនួនថ្ងៃដែលអាជ្ញាធរកំណត់សម្រាប់ចាក់ជូនពួកគេនៅមិនទាន់គ្រប់គ្រាន់នៅឡើយ។

ការស្នើនេះ ក្រោយពេលរដ្ឋបាលរាជធានីភ្នំពេញបានចេញលិខិតមួយកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បញ្ជាក់ពីការរៀបចំការចាក់វ៉ាក់សាំងជូន​ប្រជាពលរដ្ឋដែលជាអ្នកបើកបរត្រីចក្រយានយន្តក្នុងរាជធានីភ្នំពេញ។ យុទ្ធនាការនេះធ្វើឡើងតែរយៈពេល៥ថ្ងៃប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី១៤ ដល់ត្រឹមថ្ងៃទី១៨ ខែមេសា​​ ​​តាមទីតាំងចំនួន៣២មណ្ឌលក្នុងខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ។ 

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា លោកគាំទ្រលើយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចំពោះអ្នករត់រ៉ឺម៉កកង់បីគ្រប់ប្រភេទ ខណៈសមាជិកសមាគមរបស់លោក ដែលជាអ្នកប្រកបរបរក្រៅប្រព័ន្ធមានចំនួន ៣០% ​ហើយបានចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី១។

លោកមានប្រសាសន៍ថា៖ «វាជាចំណុចល្អដែលសាលាក្រុងបានអំពាវនាវឱ្យចាក់វ៉ាក់សាំង ព្រោះជាចំណុចមួយដែលការពារគាត់ ព្រោះពួកគាត់ជាមនុស្សជួរមុខដែលប្រឈមខ្លាំង។ ការអំពាវនាវឱ្យអ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធចាក់វ៉ាក់សាំង ជាការរួមចំណែកមួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមសហគមន៍ផងដែរ»។

ទោះជាយ៉ាងណាក៏ដោយ លោកស្នើទៅរដ្ឋាភិបាលឱ្យ​ពន្យារពេលឬបង្កើនចំនួនថ្ងៃនៃការចាក់វ៉ាក់សាំងនេះបន្ថែមទៀត ដោយលោកអះអាងថា ប្រជាពលរដ្ឋដែលជាអ្នករត់រ៉ឺម៉កកង់បីមួយចំនួនពិបាកក្នុងការធ្វើលិខិតស្នើសុំអាជ្ញាធរដើម្បីទទួលបានការចាក់វ៉ាក់សាំង និងខ្លះទៀត​កំពុងនៅឯស្រុកកំណើតនៅឡើយ។

លោកបន្តថា៖ «ខ្ញុំសូមអំពាវនាវទៅរដ្ឋាភិបាល ក៏ដូចជាសាលាក្រុងភ្នំពេញដែរ អញ្ចឹងសូមមេត្តាជួយពង្រីកវិសាលភាព បង្កើនថ្ងៃថែមទៀត ព្រោះត្រឹមថ្ងៃទី១៨ អត់អាចគ្រាន់ទេ បន្ថែមរហូតដល់ថ្ងៃ២០អញ្ចឹង ព្រោះប្រទេសយើងកំពុង Lockdown [បិទខ្ទប់] អញ្ចឹងអាចបន្ថែមរហូតដល់ដាច់ខែ៤ ចូលខែ៥ ពីព្រោះអ្នកមួយចំនួនគាត់ធ្វើដំណើរទៅស្រុកកំណើត គាត់នៅជាប់នៅខេត្ត អត់អត់អាចមកក្រុងបាន អញ្ចឹងវាពិបាកចាក់។ អញ្ចឹងហើយបានខ្ញុំសូមពន្យារតទៅទៀត»។

​វីអូឌី នៅមិនទាន់សុំការឆ្លើយតបពីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី និងអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានទេ នៅថ្ងៃទី១៥ ខែមេសា ជុំវិញការស្នើនេះ។

យ៉ាងណា លិខិតរដ្ឋបាលរាជធានីភ្នំពេញដដែលបានតម្រូវឱ្យ​ សមាគមរួមគ្នាអភិវឌ្ឍន៍ដើម្បីសន្តិភាព ចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពផ្សារដើមថ្កូវ-ទួលគោក និងមន្ទីរពេទ្យចតុមុខ។

ដោយឡែក ក្រុមហ៊ុន WEGO ចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពជ្រោយចង្វារ-គីឡូម៉ែត្រលេខ៩ និងមណ្ឌលសុខភាពសាមគ្គី និងក្រុមហ៊ុន TADA ត្រូវចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពបឹងធំ មណ្ឌលសុខភាពព្រែកឯង មណ្ឌលសុខភាពស្ទឹងមានជ័យ មណ្ឌលសុខភាពឃ្មួញ និងមណ្ឌលសុខភាពព្រៃវែង។

ប្រភពដដែលថា ក្រុមហ៊ុន GRAB ចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពពញាពន់ មន្ទីរពេទ្យបង្អែកច្បារអំពៅ មន្ទីរពេទ្យបង្អែកច្បារអំពៅព្រែកព្នៅ មន្ទីពេទ្យបង្អែកច្បារអំពៅដង្កោ មន្ទីពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ ជាដើម។ ​

សម្រាប់ក្រុមហ៊ុន PASS APP ចាក់នៅបឋមសិក្សាជាស៊ីមសន្ធរម៉ុក បឋមសិក្សាឫស្សីកែវ បឋមសិក្សាជម្ពូវ័ន្ត ព្រមទាំងតាមសាលារៀននិងមណ្ឌលសុខភាពនារាជធានីភ្នំពេញមួយចំនួនទៀត។ ​

តាមរយៈសារជា​សំឡេង នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានណែនាំក្រសួងពាក់ព័ន្ធឱ្យរៀបចំចាក់វ៉ាក់សាំង​ជូនពលរដ្ឋដែលងាយរងគ្រោះ ក្នុងរាជធានីភ្នំពេញ ចំនួន២០ម៉ឺននាក់បន្ថែមទៀត សម្រាប់អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមហេតុផលដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល​ជំងឺកូវីដ-១៩។

លោកបញ្ជាក់ថា រាជធានី​ភ្នំពេញ បច្ចុប្បន្ន បានក្លាយជាចំណុច​សំខាន់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ និង​ជាទីកន្លែងដែលត្រូវទប់ស្កាត់ជាបន្ទាន់។

លោកនាយករដ្ឋមន្ត្រី ឱ្យដឹងថា អ្នកប្រកបរបរ​សេដ្ឋកិច្ចក្រៅប្រព័ន្ធដែលត្រូវទទួលបានការចាក់វ៉ាក់សាំងបន្ទាន់នេះ រួមមានអ្នករត់រ៉ឺម៉កកង់បី អ្នកដឹកអីវ៉ាន់​តាម​អនឡាញ អ្នកលក់បន្លែ-ផ្លែឈើ និងអ្នកលក់ដូរមួយចំនួននៅតាមទីផ្សារ ជាដើម ដោយលោកព្រួយបារម្ភថា ពួកគេអាចនឹងក្លាយជាអ្នកចម្លងជំងឺដ៏កាចសាហាវនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ