សង្គម​ស៊ីវិល​គាំ​ទ្រ​វិធាន​ការ​ផ្អាក​លក់​ដូរ​គ្រឿង​ស្រវឹង​ទូទាំង​ប្រទេស​

ពលរដ្ឋមួយចំនួនមកទិញអីវ៉ាន់និងសម្ភារប្រើប្រាស់នៅក្នុងផ្សារទំនើបមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ (ហង់ សុខហុង)

មន្ត្រីសង្គមស៊ីវិលបានសម្តែងការគាំទ្រចំពោះវិធានការរបស់រដ្ឋាភិបាល ដែលតម្រូវឱ្យបិទចរាចរឬលក់ដូរគ្រឿងស្រវឹងនៅទូទាំងប្រទេស ក្នុងគោលបំណងកាត់បន្ថយការជួបជុំគ្នានាឱកាសបុណ្យចូលឆ្នាំ​ខ្មែរនិងក្រោយពេលបុណ្យចូលឆ្នាំ  ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ការលើកឡើងនេះ ក្រោយពេលប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានថ្លែងសារបន្ទាន់មួយស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ កាលពីអធ្រាត្រថ្ងៃទី១៤ ខែមេសា ដោយក្នុងនោះ​ ប្រមុខរដ្ឋាភិបាល​បានស្នើឱ្យបិទ​មិនឱ្យមានការលក់ដូរគ្រឿងស្រវឹងរយៈពេល១៤ថ្ងៃបន្ថែមទៀត ពីថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា។

ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គីមអេង មានប្រសាសន៍ថា លោកស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់រដ្ឋាភិបាលពេលនេះ និងគាំទ្រចំពោះវិធានការផ្អាកមិនឱ្យ​លក់ដូរគ្រឿងស្រវឹងនៅទូទាំងប្រទេស ដោយថា ជាវិធានការសំខាន់ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ផង និងដើម្បីសុខុមាលភាពពលរដ្ឋផង។

លោកថា មូលហេតុ​នាំឱ្យពលរដ្ឋចេះតែនាំគ្នាពិសាគ្រឿងស្រវឹងអំឡុងពេល​រីករាលដាលជំងឺកូវីដ-១៩ ដោយសារការប្រមាថ និងការទុកចិត្តគ្នាពេកថាពួកគេមិនមានឆ្លងជំងឺនេះ ប៉ុន្តែបញ្ហានេះ លោកថា ជាការយល់ខុសដែលនាំឱ្យមានការចម្លងជំងឺចូលទៅ​សហគមន៍កាន់តែច្រើន។

​លោក យង់ គីមអេង យល់ថា ដើម្បីឱ្យវិធានការនេះមានប្រសិទ្ធភាព អាជ្ញាធរមូលដ្ឋានត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ ហើយដាក់ពិន័យចំពោះពលរដ្ឋឬអាជីវករដែលល្មើសបម្រាម។

លោកបន្ថែមថា៖ «គឺត្រូវតែអនុវត្តឱ្យបាន ទោះបីជាលក់នៅតាមតូបតូចតាចក៏ដោយ ក៏មិនត្រូវឱ្យមានការលក់ដែរ បាទ! អាចហាងមានឈ្មោះមានអីហ្នឹង អត់លក់បាន! ហើយនៅតាមតូបតាមតៀមតូចៗហ្នឹង ត្រូវតែមើល តើមានលក់ដែរទេ! ហើយរឿងទីពីរ ត្រូវតែធ្វើការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយដែរ។ នៅតាមសង្កាត់ តាមឃុំមួយៗ អាចដាក់មេក្រូ ផ្សព្វផ្សាយអញ្ចឹងទៅ ដើម្បីឱ្យពួកគាត់មានការយល់ដឹង។ ហើយត្រូវមានការដាក់កម្រិតឬផាកពិន័យអី បើសិនជាអ្នកប្រព្រឹត្តនៅតែល្មើសអញ្ចឹង»។

ក្នុងសារជាសំឡេងកាលពីយប់ម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ​បច្ចុប្បន្ន​ ពលរដ្ឋនៅតាមបណ្តាខេត្តនានាបានរីករាលដាលនូវការប្រមូលផ្តុំគ្នាផឹកស៊ី ដោយមិនមានការត្រួតពិនិត្យឡើយ។ ​

បញ្ហានេះ លោកស្នើឱ្យបញ្ឈប់ការលក់ដូរគ្រឿងស្រវឹងទូទាំងប្រទេសតែម្តង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្ថែមទៀត ប៉ុន្តែការលក់ដូរគ្រឿងឧបភោគបរិភោគផ្សេងទៀត ដូចជា​ ភេសជ្ជៈ ទឹកសុទ្ធ ជាដើម ត្រូវបន្តលក់ឱ្យពលរដ្ឋដដែល។

លោកមានប្រសាសន៍ថា៖ «ហើយអ្វីដែលខ្ញុំសូមសំណូមពរ មិនមែនតែនៅក្រុងភ្នំពេញទេ នៅតាមខេត្តនានាឥលូវនេះ ការស៊ីផឹកកំពុងតែរីករាលដាល ហើយដែលគ្មានការត្រួតពិនិត្យបាន។ សម្រាប់ក្រុមស៊ីផឹក ខ្ញុំសូមអំពាវនាវ សូមឱ្យទូទាំងប្រទេសផ្អាកការលក់ដូរគ្រឿងស្រវឹង ដើម្បីបញ្ចៀសនូវការស៊ីផឹកដោយគ្មានការចាំបាច់នៅតាមទីកន្លែងខ្លះ។ ហើយនៅក្រុងភ្នំពេញ គ្រឿងស្រវឹងមិនមែនត្រូវបានចាត់ទុកជាគ្រឿងស្បៀងមួយនោះទេ។ ពិតមែនហើយ គេចាត់ទុកថាស្រាឬប៊ីយ៊ែរ គឺជាប្រភេទស្បៀង ក៏ប៉ុន្តែខ្ញុំសូមស្នើឱ្យនៅក្នុងរាជធានីភ្នំពេញផ្អាកការលក់ស្រា ផ្អាកការលក់ប៊ីយ៊ែរ នៅក្នុងរយៈពេល១៤ថ្ងៃនេះ»។

បន្ថែមពីនេះ លោកក៏បានស្នើឱ្យប្រជាពលរដ្ឋត្រូវចូលរួមគ្នាជាមួយអាជ្ញាធរ ដើម្បីបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈនេះ ខណៈលោកអះអាងថា កម្ពុជាកំពុងស្ថិតនៅមាត់ជ្រោះ​មរណៈ។

អាជីវករលក់ដូរគ្រឿងទេសឬចាបហួយនៅក្រុងភ្នំពេញមួយរូប លោក នុយ សុខឃី ​មានប្រសាសន៍ថា លោកគាំទ្រវិធានការរបស់រាជរដ្ឋាភិបាលក្នុងការផ្អាកលក់ដូរគ្រឿងស្រវឹង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បើទោះបីជាការផ្អាកលក់គ្រឿងស្រវឹងនោះនាំឱ្យលោកត្រូវខាតបង់ប្រាក់ចំណូលខ្លះក៏ដោយ។

លោកមានប្រសាសន៍ថា៖ «អត់អីទេ! [ធ្វើ]ហ្នឹងដើម្បីឱ្យយើងទប់ស្កាត់ជំងឺវារាតត្បាតតទៅមុខទៀត គាំទ្រ [លើវិធានការរបស់រាជរដ្ឋាភិបាល]។ វាប៉ះពាល់តិចតួចដែរ ប៉ុន្តែអត់អីទេ! យើងអាចលក់ភេសជ្ជៈអីផ្សេងបានទៀត»។

កាលពីថ្ងៃទី១០​ ខែមេសា ឆ្នាំ២០២១ ​រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចម្តងរួចមកហើយ ដោយតម្រូវឱ្យគ្រប់ផ្សាររដ្ឋនិងឯកជន ផ្សារទំនើប ​ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវផ្អាកជាបណ្ដោះអាសន្ននូវការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល២សប្ដាហ៍ គិតចាប់ពីថ្ងៃទី១១ ខែមេសា រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ