លោក​ ហ៊ុន សែន​ ព្រមាន​ចាត់​​ការ​មន្ត្រី​​បញ្ចេញ​សំឡេង​លោក​ពី​ការ​បិទ​ក្រុង​ភ្នំពេញ ​​​បណ្តាល​ឱ្យ​ប៉ះពាល់​ទឹក​ចិត្ត​ពលរដ្ឋ​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាត់វិធានការលើមន្ត្រីដែលធ្វើឱ្យបែកធ្លាយសំឡេងរបស់លោកកាលពីម្សិលមិញ ជុំវិញការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ បណ្តាលឱ្យប្រជាពលរដ្ឋជ្រួលច្របល់ ហើយនាំគ្នាសម្រុកទៅផ្សារដើម្បីទិញទំនិញទុកយ៉ាងគំហុក។

ការព្រមាននេះធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយសំឡេងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល២សប្ដាហ៍ ដោយអនុវត្តចាប់ពីម៉ោងសូន្យថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី២៨ ខែមេសា។

ក្រោយពីមានការបែកធ្លាយសំឡេងលោកនាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋនៅក្រុងភ្នំពេញបាននាំគ្នាសម្រុកទៅដកលុយនៅតាមទូរធនាគារ ឬ ATM  និង​ទៅផ្សារ​យ៉ាង​គំហុកដើម្បីទិញម្ហូបអាហារសម្រាប់ស្តុកទុក​ ដែលធ្វើឱ្យបម្រាមរក្សាគម្លាតសង្គមមិនត្រូវបានអនុវត្តឡើយ។

ថ្លែង​សារជា​សំឡេងកាលពីយប់ថ្ងៃទី១៤ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញការសោកស្ដាយចំពោះមន្ត្រីដែលលោកថាជាក្បាលម៉ាស៊ីនរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យបែកធ្លាយសំឡេងរបស់លោករៀបចំបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ 

លោកបន្តថា ការបែកធ្លាយសំឡេងនេះបានធ្វើឱ្យប៉ះទង្គិចដល់អារម្មណ៍ប្រជាពលរដ្ឋ ហើយនាំគ្នាសម្រុកទៅផ្សារទិញស្បៀងអាហារទុក។ លោកបញ្ជាក់ថា ទោះបីជាមានការបិទខ្ទប់តំបន់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក៏ពិតមែន ប៉ុន្តែរដ្ឋាភិបាលនឹង​រៀបចំផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាពលរដ្ឋមិនឱ្យ​ខ្វះខាតឡើយ ហើយក៏មិនមានករណីដាច់ភ្លើង ​​ទឹក នោះដែរ។  

ចំពោះមន្ត្រីនៅក្នុងក្បាលម៉ាស៊ីនគណៈរដ្ឋមន្ត្រី ដែលលោក ហ៊ុន សែន ថាបានលួចបញ្ចេញសារសំឡេងរបស់លោកមុនពេល​សេចក្តីសម្រេចចេញជាផ្លូវការនោះ លោកនាយករដ្ឋមន្ត្រីនឹងចាត់វិធានការពេលក្រោយ។

លោកថា៖ «ពិតមែនហើយ ខ្ញុំសូមអភ័យទោស ​ដោយសារតែ​រឿងរ៉ាវមិនទាន់ចេញសេចក្ដីសម្រេច ប៉ុន្តែបែរជាបានបែក​ធ្លាយទៅជាមុន​ ដោយបុគ្គលខ្វះការទទួលខុសត្រូវ​នៅក្នុងក្បាលម៉ាស៊ីនដឹកនាំ​របស់បក្សនិងរដ្ឋ។ ខ្ញុំសូមសារភាពដោយត្រង់​ថា សកម្មភាពនោះនឹងត្រូវទទួលវិន័យនៅពេលក្រោយ​ នៅពេលដែលយើងរកឃើញ»។

ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ចាត់ទុកសារព្រមានរបស់លោកនាយករដ្ឋមន្ត្រី​ទៅលើអ្នកដែលធ្វើឱ្យបែកសំឡេងជារឿងមួយ ប៉ុន្តែអ្វីដែលជាក្ដីបារម្ភនោះគឺហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈប្រជាពលរដ្ឋយ៉ាងច្រើនបាននាំគ្នាសម្រុកទៅផ្សារទិញសម្ភារនិងម្ហូបអាហារទុក ក្រោយពីទទួលបានសំឡេងនោះ។

លោកបន្តថា ប្រសិនបើមានករណីឆ្លងជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋកាន់តែច្រើន អ្នកទទួលខុសត្រូវគឺមន្ត្រីដែលធ្វើឱ្យបែកធ្លាយសំឡេងប្រមុខរដ្ឋាភិបាល​។​

លោកថា៖ «បើសិនជាបញ្ហាហ្នឹងកាន់តែរីករាលដាលកាន់តែខ្លាំង​ វាជារឿងទទួលខុសត្រូវធំណាស់​។ ហើយយើងគិតថា មិនគួរ​កើតមានចំពោះ​ការបែកធ្លាយនូវសារមិនទាន់​បានប្រើប្រាស់ចេញជាផ្លូវការ​ផង បែរជាធ្វើឱ្យបែកធ្លាយ អាហ្នឹងជាកំហុសមួយនៃការទទួលខុសត្រូវហ្នឹងហើយ»។

កាលពីយប់ថ្ងៃទី១៤ ខែមេសា រដ្ឋាភិបាលបានចេញសេចក្ដីសម្រេចដោយបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល គិតចាប់ពីម៉ោងសូន្យថ្ងៃទី១៥ ខែមេសានេះ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅដល់តំបន់ផ្សេងទៀត។

សេចក្តីសម្រេចនេះធ្វើឡើងក្រោយជំងឺកូវីដ-១៩ កំពុងឆ្លងរីករាលដាលខ្លាំងនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ។

ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ លើកឡើងលើទំព័រហ្វេសប៊ុក​របស់លោកនៅថ្ងៃនេះថា មានមេរៀនធំៗចំនួន២ ដែលកើតចេញពីព្រឹត្តិការណ៍ល្ងាចថ្ងៃទី១៤ ខែមេសា។ ក្នុងនោះ ​ការបែកធ្លាយសារផ្ទៃក្នុងចេញពីក្បាលម៉ាស៊ីនរដ្ឋាភិបាល ជាមេរៀនទី១! ហើយការយឺតយ៉ាវពេកក្នុងការចេញសារដើម្បីកុំឱ្យប្រជាជនបារម្ភរឿងស្បៀងអាហារ ​ជាមេរៀនទី២។

លោកបន្តថា ការគ្រប់គ្រងចង្កោមឆ្លងជំងឺកូវីដ-១៩ ឱ្យបានល្អ និងការពង្រឹងវិធានការរដ្ឋាភិបាល «៣កុំ ៣ការពារ» ឱ្យបានគ្រប់គ្នា ក៏ដូចជាការបង្កើនល្បឿនចាក់វ៉ាក់សាំងដល់ពលរដ្ឋជាកិច្ចការសំខាន់បំផុតដែលត្រូវរួមគ្នាធ្វើបន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ