អាជ្ញាធរ​ណែនាំ​​ប្រធាន​ផ្សារ​ឱ្យ​ពិនិត្យ​ការ​លក់​ទំនិញ​របស់​អាជីវករ​ ចៀសវាង​​ដំឡើង​ថ្លៃ​គ្មាន​ហេតុផល​

ទិដ្ឋភាពច្រកចូលមុខផ្សារបឹងកេងកង ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០។ (ហង់ សុខហុង)

អភិបាលរាជធានីភ្នំពេញ អះអាងថា អាជ្ញាធរបានឱ្យគណៈកម្មការនៅតាមផ្សារនីមួយៗ ត្រូវត្រួតពិនិត្យនិងតាមដានអាជីវករដែលលក់ដូរទំនិញតាមផ្សារទាំងនោះ ដើម្បីកុំឱ្យពួកគេឆ្លៀតឱកាសដំឡើងថ្លៃគ្មានហេតុផល។

កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ប្រជាពលរដ្ឋបាននាំគ្នាសម្រុកទៅផ្សារ ដើម្បីទិញសម្ភារប្រើប្រាស់និងស្បៀងអាហារស្តុកទុក ក្រោយសារសំឡេងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេចែកចាយ​ក្នុងបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងការបិទភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ។

ការសម្រុកនាំគ្នាទៅផ្សារទិញសម្ភារប្រើប្រាស់និងស្បៀងអាហារស្តុកទុកយ៉ាងគំហុកនោះ ​បណ្តាលឱ្យត្រី សាច់ បន្លែ ផ្លែឈើ ជាដើម ឡើងថ្លៃទ្វេដង។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ប្រាប់ វីអូឌី នៅថ្ងៃនេះថា អាជីវករបានលក់ទំនិញតាមថ្លៃដើមវិញ បន្ទាប់ពីលោកបានអំពាវនាវទៅពួកគេមិនឱ្យដំឡើងថ្លៃគ្មានហេតុផល ក្នុងអំឡុងពេល​អាជ្ញាធរបិទភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ​។

លោកបន្តថា បច្ចុប្បន្ន អាជ្ញាធរបានឱ្យគណៈកម្មការនៅតាមផ្សារនីមួយៗ​តាមដានបន្ថែមទៀត ដោយថា បើសិនជាអាជីវករមិនអនុវត្តតាមទេនោះ អាជ្ញាធរនឹងចាត់វិធានការ។

លោកថា៖ «ក្រោយពីខ្ញុំផ្សព្វផ្សាយទៅអាជីវករ គាត់អនុវត្ត​តាម ហើយគាត់លក់តាមថ្លៃដើមមុនពេលបិទខ្ទប់ [តាមការអំពាវនាវរបស់]សាលារាជធានីភ្នំពេញវិញ។ អាហ្នឹង យើងក៏ទទួលយកបាន ​យើងទៅធ្វើទោសអីគេ បើឧបមាថា គ្នាខុស​ ប៉ុន្តែគ្នាកែខ្លួនហើយ ​ធ្វើទោសគ្នាម៉េចកើតអាហ្នឹង យើងរដ្ឋបាល! ព័ត៌មានអ្នកចុះមានអីច្បាស់ជាងខ្ញុំទៀត ​ខ្ញុំអ្នកធ្វើកិច្ចការងារនេះផ្ទាល់ដៃខ្ញុំ​ ហើយខ្ញុំមានភ្នាក់ងារខ្ញុំរហូតដល់គណៈកម្មការផ្សារ ដើម្បីត្រួតពិនិត្យរឿងនេះ ដូចជាមិនមានបញ្ហាហ្នឹងកើតឡើងទេ ព្រោះខ្ញុំបានណែនាំគ្រប់ជ្រុងជ្រោយហើយ»។ ​

កាលពីថ្ងៃទី១៤ ខែមេសា រដ្ឋាភិបាលបានចេញសេចក្តីសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀតដែលធ្វើឱ្យពិបាកគ្រប់គ្រង។

ភ្លាមៗនោះ ​ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានចេញមុខបញ្ជាក់ថា វិធានការនេះ​ដាក់ចេញពិតមែន ប៉ុន្តែបញ្ហាស្បៀងអាហារ សេវាទឹក ភ្លើង ជាដើម សម្រាប់ពលរដ្ឋក្នុងតំបន់បិទខ្ទប់ នឹងមិនចោទជាបញ្ហាឡើយ។

លោកក៏បានបញ្ជាទៅរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់និងផ្តល់នូវជំនួយសង្គ្រោះជួយដល់​ប្រជាពលរដ្ឋនៅតំបន់ក្រីក្រ និងឱ្យ​ក្រសួងស្ថាប័នពាក់ព័ន្ធពិនិត្យនិងទប់ស្កាត់កុំឱ្យ​ឈ្មួញឆ្លៀតឱកាសដំឡើងថ្លៃទំនិញនៅលើទីផ្សារក្នុងស្ថានភាពប្រទេសជាតិជួបការលំបាក។

កាលពីថ្ងៃ​ទី១៥ ​ខែមេសា ក្រសួង​ពាណិជ្ជកម្ម ​បាន​ប្រកាសថា ខ្លួនត្រៀម​បញ្ចេញ​ស្បៀង​មួយ​ចំនួនដើម្បីទប់ស្កាត់​ការ​ឡើង​ថ្លៃ​ទំនិញ​លើ​ទីផ្សារ។ ​​ក្រសួង​ពាណិជ្ជកម្ម ឱ្យដឹងថា ក្រសួងមានស្បៀងគ្រប់គ្រាន់សម្រាប់បញ្ចេញនាពេលនេះ ​ ត្រៀមទុកទម្រាំបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈផងដែរ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា ក្រសួងបានចាប់ផ្ដើមលក់អង្ករនិងមីចល័តក្នុងរាជធានីភ្នំពេញ ដូចជា ផ្លូវវេងស្រេង ស្ទឹងមានជ័យ ជាដើម ហើយការលក់នេះមានតម្លៃទាបជាងទីផ្សារ ដើម្បជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងអំឡុងពេល​វិបត្តិជំងឺកូវីដ-១៩នេះ។

លោកថា៖ «យើងមានស្បៀងគ្រប់គ្រាន់​ ហើយទន្ទឹមពីនេះ យើងក៏មិនមែនអាងតែស្បៀងក្នុងឃ្លាំងដែរ ​យើងក៏មានប្រភពផលិតបន្តដែរ ​រដូវប្រមូលផលទើបកន្លងផុត យើងមានសល់ស្រូវ សល់អង្ករច្រើន​ យើងអាចប្រើប្រាស់ស្បៀងជាអង្ករហ្នឹង គឺមិនភ័យខ្វះខាតទេ។ អ៊ីចឹងយើងប្រើប្រាស់ក្នុងស្រុកយើងមានប្រើប្រាស់គ្រប់គ្រាន់ ​សម្រាប់ទប់ទល់ការខ្វះខាតក្នុងគ្រានេះ។ រោងចក្រមីយើងក៏មានលទ្ធភាពផលិត​ រោចក្រផលិតត្រីខផ្សេងៗក៏យើងមានប្រភពទទួលទិញ បន្លែក៏នៅមានប្រភពផ្គត់ផ្គង់ដែរ»។​

លោក ប៉ែន សុវិជាតិ បានឱ្យដឹងថា តម្លៃអង្ករផ្កាម្លិះ ១៧៥,០០០រៀល ក្នុងមួយបាវ, អង្ករផ្កាខ្ញី ១២០,០០០រៀល ក្នុងមួយបាវ, អង្ករនាងខុន ១១០,០០០រៀល ក្នុងមួយបាវ, អង្ករនាងមិញ ១០០,០០០រៀល ក្នុងមួយបាវ និងតម្លៃមីជាតិ ១កេស (២៤កញ្ចប់) ១៦,០០០រៀលក្នុងមួយកេស។

​ប្រជាពលរដ្ឋម្នាក់រស់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោក ឌី សំណាង យល់ថា ការបញ្ជាឱ្យគណៈកម្មការផ្សារ​ត្រួតពិនិត្យនិងតាមដានអាជីវករមិនឱ្យលក់ទំនិញឡើងថ្លៃនៅតាមផ្សារ ជារឿងល្អ ប៉ុន្តែលោកថា វិធានការនេះធ្វើឡើង​យឺតពេលបន្តិច

លោកបន្តថា ពួកគាត់មិនជំទាស់ចំពោះវិធានការរបស់រដ្ឋាភិបាលក្នុងការបិទខ្ទប់ភ្នំពេញនិងតាខ្មៅនោះទេ ប៉ុន្តែលោកចង់ឱ្យរដ្ឋាភិបាល​ជូនដំណឹងដល់ប្រជាពលរដ្ឋជាមុន ហើយត្រូវប្រកាសហាមមិនឱ្យអាជីករលក់ទំនិញឡើងថ្លៃ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលទិញទំនិញបម្រុងទុក​ជាមុន។

លោកថា៖ «បើសិនជាគាត់ជូនដំណឹងមុន២ទៅ៣ថ្ងៃមុនទៅ ល្អ! សម្រាប់យើងជាប្រជាពលរដ្ឋ គ្រាន់យើងត្រៀមទិញទុក ណាមួយគេលក់មិនសូវថ្លៃ ដល់ពេលប្រកាសបិទភ្លាមៗអ៊ីចឹង ទាំងគេ ទាំងខ្ញុំ ទៅទិញ ហើយអាជីវករគាត់លក់ឆ្លៀតឱកាសពេលហ្នឹង គាត់ចាប់ផ្ដើមលក់ឡើងថ្លៃ។ ប្រពន្ធខ្ញុំធ្លាប់ទិញត្រី និងមី ថ្ងៃធម្មតាតែ ១៨ ០០០ ទៅ ២០ ០០០រៀលដល់ថ្ងៃហ្នឹង [ថ្ងៃប្រកាសបិទ] ឡើងដល់ ៣៥ ០០០ ទៅ ៤០ ០០០រៀល»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ