ក្រសួង​ណែនាំ​ឱ្យ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្អាក​ផ្សាយ​គ្រឿង​ស្រវឹង​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​

មន្ត្រីនិងអាជ្ញាធរមូលដ្ឋានចុះអនុវត្តតាមការណែនាំពីរដ្ឋាភិបាល បិទខ្ទប់ការធ្វើដំណើរចេញចូលនៅតំបន់មួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងព័ត៌មាន ណែនាំទៅម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវផ្អាក​ការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងអំឡុងពេលអនុវត្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

យោងតាមលិខិតក្រសួងព័ត៌មាន ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ផ្ញើទៅកាន់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វ​ផ្សាយ​តាម​អន​ឡាញ​ទាំង​អស់ បាន​លើកឡើងថា​ កាលពីសប្តាហ៍មុន​ រដ្ឋាភិបាលបាន​ដាក់ចេញនូវ​វិធានការហាមលក់គ្រឿងស្រវឹង​នៅទូទាំងប្រទេសក្នុងអំឡុងពេល​បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ និងតំបន់​មួយចំនួន​នៅតាមបណ្តាខេត្ត ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងឈានទៅបញ្ចប់ព្រឹតិ្តការណ៍ថ្ងៃទី២០កុម្ភៈឆាប់ៗខាងមុខនេះ។

ករណីនេះ ក្រសួង​ណែនាំឱ្យម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ ផ្អាកការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់ពីថ្ងៃនេះ​រហូតដល់ថ្ងៃទី៣០​ ខែមេសា ឆ្នាំ​២០២១។

កាលពីអធ្រាត្រថ្ងៃទី១៤ ខែមេសា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារមួយស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពីថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា ក្នុងនោះ លោក​បាន​បញ្ជាឱ្យ​បិទមិន​ឱ្យ​មានការលក់ដូរគ្រឿងស្រវឹងផងដែរ។

ការបញ្ជានេះ ធ្វើឡើងក្រោយពីលោក​សង្កេតឃើញថា​ ​បច្ចុប្បន្ន​ ពលរដ្ឋនៅតាមបណ្តាខេត្តនានានៅតែបន្ត​ប្រមូលផ្តុំគ្នាផឹកស៊ី ដោយមិនមានការត្រួតពិនិត្យឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ