រដ្ឋា​ភិបាល​បញ្ជូន​ស្បៀង​ទៅ​កាន់​តំបន់​បិទ​ខ្ទប់​ក្នុង​រាជ​ធានី​ភ្នំពេញ​

ស្បៀងដែលអាជ្ញាធររាជធានីភ្នំពេញរៀបចំសម្រាប់ចែកជូនដល់ពលរដ្ឋដែលខ្វះខាតក្នុងអំឡុងពេលបិទខ្ទប់ក្រុងភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលរាជធានីភ្នំពេញ)

អាជ្ញាធររាជធានីភ្នំពេញ បង្កើតក្រុមការងារ​ជួយបញ្ជូន​ស្បៀង​ដល់​ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ក្នុងខណ្ឌដែលត្រូវ​បន្តបិទខ្ទប់ ខណៈអាជ្ញាធរបន្តអនុវត្តវិធានសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺ​ឆ្លងជា​សកលនេះ។

ភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានរដ្ឋាភិបាលចេញបញ្ជាទៅអាជ្ញាធរមានសមត្ថកិច្ចឱ្យអនុវត្តវិធានការបិទខ្ទប់ចាប់ពីមុនចូលឆ្នាំ ដែលវិធានការនេះនៅបន្តមិនអនុញ្ញាតឱ្យចេញពីផ្ទះមួយទៅផ្ទះមួយ​ ឬធ្វើដំណើរឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយ រួមទាំងការធ្វើអាជីវកម្មមួយចំនួនផងដែរ លើកលែងតែករណីចាំបាច់សម្រាប់បុគ្គលមួយចំនួន ក្រោយពីជំងឺកូវីដ-១៩ បន្តឆ្លងរាលដាលដល់អាជីវករលក់ដូរនៅ​ផ្សារ និងរោងចក្រដែលជាបណ្តុំមនុស្សច្រើន។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បាននិយាយតាមរយៈសារជា​សំឡេង​​កាលពីម្សិលមិញ​ថា រដ្ឋាភិបាលបាន​ផ្តល់​អង្ករចំនួន១៤​០​​តោន និងគ្រឿងឧបភោគ​បរិភោគមួយចំនួនទៀត​សម្រាប់រាជធានីភ្នំពេញ ដែល​ខណ្ឌ​នីមួយ​ៗត្រូវ​ទទួល​បានអង្ករ១០តោន សម្រាប់ជួយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋដែលដាច់ស្បៀង។

លោកបានគូសបញ្ជាក់ថា ក្រុមការងាររបស់អាជ្ញាធរខណ្ឌត្រូវតាមដានលើបណ្តាញសង្គម ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ពលរដ្ឋ ក្នុងការនាំស្បៀងទាំងនោះទៅចែកជូនពួកគេដល់លំនៅឋាន។

លោកថា៖ «សូមអភិបាលខណ្ឌទាំងអស់រៀបចំស្បៀង អង្ករ មី ត្រូវចុះដល់ផ្ទះគាត់ជាបន្ទាន់ ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលា។ ខ្ញុំនឹ​ង​ដាក់អង្ករគ្រប់ខណ្ឌទាំងអស់ដល់អភិបាលខណ្ឌ ដើម្បីធ្វើការទាន់ហេតុការណ៍ជូនដល់ប្រជាពលរដ្ឋដែលខ្វះខាតស្បៀងអាហារ»។

អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ មានប្រសាសន៍ថា សម្រាប់ពល​រដ្ឋ​​ដែលបានស្នើសុំ នឹងមិនតម្រូវឱ្យ​មាន​លក្ខខណ្ឌអ្វីនោះទេ បើពួកគេពិតជាគ្មាន​​ស្បៀងមែននោះ។

លោកថា៖ «សម្រាប់ខណ្ឌពោធិ៍សែនជ័យយើង មិនមានលក្ខខណ្ឌ​អីទេ សម្រាប់ពលរដ្ឋណាដាច់ស្បៀង រដ្ឋបាល​ខណ្ឌ-សង្កាត់​ ត្រូវតែផ្តល់អំណោយជូ​នពួកគាត់ ហើយបើពាក់ព័ន្ធនឹងជំងឺកូវីដ ដូចជា កម្មករយកសំណាកដែលយើងឱ្យគាត់ធ្វើចត្តាឡីស័ក យើងផ្តល់អំណោយជូនពួកគាត់មួយគ្រួសារអង្ករ​មួយ​បេ មានមី មានត្រីខ [អង្ករមួយ​បេទម្ងន់ប៉ុន្មាន] ពី២៥ ទៅ៣០គីឡូ»។

លោកបន្តថា ការស្នើសុំស្បៀងបន្ទាន់នេះ ពលរដ្ឋអាចធ្វើតាមរយៈការ​បង្ហោះសារលើបណ្តាញសង្គម​​ហ្វេសប៊ុក តាម​រយៈ​អាជ្ញាធរភូមិ-សង្កាត់​​ ឬ​តាមបណ្តាញ​ផ្ស​ព្វផ្សាយ ដោយឡែក អ្នកដែលបានធ្វើចត្តាឡីស័ក អាជ្ញាធរមានរបាយការណ៍នៅក្នុង​ដៃហើយ​ក្នុងការផ្គត់ផ្គង់ស្បៀងនេះ។

កាលពីថ្ងៃសៅរ៍ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចថ្មីមួយទៀតណែនាំទៅអាជ្ញាធរមានសមត្ថកិច្ច ឱ្យបន្តអនុវត្តវិធានការ​បិទ​ខ្ទប់ក្នុង​ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃបន្ថែមទៀត ដោយបញ្ជាក់ថា «យោងតាមតម្រូវការចាំបាច់ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩»

អ្នករត់កង់បីម្នាក់នៅភូមិ១ ក្រុម២ សង្កាត់បឹងសាឡាង ខណ្ឌមានជ័យ លោក ហេង សុភក្ត្រា និយាយថា ការបិទខ្ទប់មួយរយៈមកនេះ ធ្វើឱ្យជីវភាពគ្រួសារគាត់ប្រឈមនឹងការខ្វះស្បៀង ព្រោះមិនអាចចេញទៅប្រកបមុខរបរបាន ខណៈ​ការរកទទួលទានកន្លងមក បានសម្រាប់តែការហូបប្រចាំថ្ងៃ និងសងទៅធនាគារ ។

បុរសវ័យ៤១ឆ្នាំរូបនេះបន្ថែមថា កាលពីម្សិលមិញ គាត់បាន​សុំជំនួយស្បៀងពីមេភូមិដែរ ប៉ុន្តែថា មកដល់ថ្ងៃនេះនៅ​មិនទាន់ទទួលបាននៅឡើយ ។

លោកថា៖ «៦នាក់ក្នុងបន្ទុកគ្រួសារ បង! ទប់អត់ជាប់ទេ ហូបផងអីផង ទប់អត់ជាប់ទេដល់១៤ថ្ងៃ! ឥលូវទើបបាន៣ថ្ងៃ ៤ថ្ងៃហ្នឹង។ ដូចយ​ប់មិញអី មានតែឪឡឹកនិងទឹកត្រីទេ ហូបជាមួយបាយបន្លប់ៗ ឱ្យតែឆ្អែត ហូបទឹកហើយដេកទៅ សន្សំសំចៃទៅ ព្រោះយើងអត់បា​ន​​រកអីទេ ពិតជាកំពុងពិបាកមែនទែន»

ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា ពលរដ្ឋដែលប្រឈមនឹងបញ្ហាស្បៀង ពិតជាសាទរចំពោះ​វិធានការជួយឧបត្ថម្ភស្បៀងបន្ទាន់ អំឡុងនៃវិធានការបិទខ្ទប់នេះ។

ប៉ុន្តែលោកជំរុញឱ្យអាជ្ញាធរ​​ពន្លឿនវិធានការនេះ ដើម្បីឱ្យពលរដ្ឋខ្លះខ្វះស្បៀង និងមិន​សូវចេះប្រើ​​បណ្តាញទំនាក់​ទំនងសង្គម អាចទទួលបានស្បៀងសង្គ្រោះបន្ទាន់ពីរដ្ឋាភិបាលនេះបានស្មើៗ​គ្នា។

លោកថា៖ «បើសិនជាធ្វើឱ្យទាន់ពេលវេលា ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងតម្រូវការ វាជារឿងសំខាន់។ តែបើសិនជាអាជ្ញាធរមូលដ្ឋានមានការយឺតយ៉ាវទាក់ទងនឹងប្រព័ន្ធជំនួយសង្គមហ្នឹងទេ ពលរដ្ឋនឹងជួបការលំបាក។ ហើយមួយទៀត រដ្ឋគួរអន្តរាគមន៍រឿងថ្លៃទឹក ថ្លៃភ្លើង ថ្លៃផ្ទះជួលអីហ្នឹង រដ្ឋគួរអន្តរាគមន៍បន្ថែមទៀត ព្រោះឥលូវហ្នឹងមិនទាន់មាននរណាគិតថ្លៃទឹកថ្លៃភ្លើងអីយ៉ាងម៉េចទេ»៕

យ៉ាងណា ក្រៅពីបញ្ជូនស្បៀងទៅកាន់តំបន់បិទខ្ទប់នេះ រដ្ឋាភិបាលក៏បានប្រកាសរួចហើយដែរពីវិធានការជួយឧបត្ថម្ភអ្នក​ដែលរស់នៅក្នុងតំបន់បិទខ្ទប់រយៈពេលពីរខែ ដែលនោះគឺ រដ្ឋចេញថ្លៃទឹក ថ្លៃភ្លើង អង្ករ២៥គីឡូ និងប្រាក់៣០ម៉ឺនរៀ​លមួយខែ ក្នុងមួយគ្រួសារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ