ក្រសួង​ព័ត៌មាន​ឱ្យ​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ផ្អាក​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​

ស្លាកផ្សព្វផ្សាយគ្រឿងពាណិជ្ជកម្មស្រាបៀ

ក្រសួងព័ត៌មានណែនាំឱ្យម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ផ្អាកការ​ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់ពីថ្ងៃនេះ​រហូតដល់ថ្ងៃទី៣០ ខែមេសា។

សេចក្ដីប្រកាសរបស់ក្រសួងព័ត៌មានចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ឱ្យដឹងថា ក្រសួងបានណែនាំទៅម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍​ និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ត្រូវផ្អាកផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ អំឡុងពេលដែលរដ្ឋាភិបាលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

ក្រសួងព័ត៌មានបន្តថា ការណែនាំនេះធ្វើឡើងតាមអនុសាសន៍របស់ប្រមុខរដ្ឋាភិបាលដែលបានឱ្យផ្អាកលក់គ្រឿងស្រវឹងទូទាំងប្រទេស ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងថែរក្សាឱ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈ ហើយទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍នេះនាពេលឆាប់ៗខាងមុខ។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ប្រាប់ វីអូឌី នៅថ្ងៃនេះថា ម្ចាស់ស្ថានីយទាំងអស់ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន ត្រូវធ្វើការផ្អាកការផ្សព្វផ្សាយគ្រឿងស្រវឹង ប៉ុន្តែប្រសិនម្ចាស់ស្ថានីយទាំងនោះមិនអនុវត្តតាមការណែនាំ ក្រសួងនឹងចាត់វិធានការតាមច្បាប់។

លោកថា៖ «ក្រសួងបានជូនដំណឹងហើយ ហើយកន្លងមកនេះ ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយភាគច្រើនលោកបានចូលរួម​សហការគោរពទៅតាម​សេចក្ដីជូនដំណឹងរបស់ក្រសួង។ អ៊ីចឹងក្នុងករណី​ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទទួលសេចក្ដីជូនដំណឹង ហើយគាត់មិនអនុវត្តទៅតាមនីតិវិធី ដោយក្រសួងនឹងពិនិត្យមើលស្ថានភាពទូរទស្សន៍ និងវិទ្យុនីមួយៗសិន។​ យើងនឹងអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន»។

អគ្គនាយករងស្ថានីយទូរទស្សន៍ហង្សមាស ទទួលបន្ទុកផ្នែកព័ត៌មាន លោក មាស រិទ្ធី លើកឡើងថា ស្ថានីយលោកបានទទួលហើយ នឹងអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងព័ត៌មាន។

លោកថា៖ «សម្ដេចលោកប្រកាសបម្រាមនោះត្រឹមកម្រិតមិន​ឱ្យលក់គ្រឿងស្រវឹងទេ ​​​ប៉ុន្តែការផ្សព្វផ្សាយ លោកមិនបានចេញបម្រាមទេ។ អ៊ីចឹងយើងនៅបន្តផ្សព្វផ្សាយ​​ ព្រោះយើងរស់ដោយសារការផ្សាយពាណិជ្ជកម្ម ប៉ុន្តែដោយសារ​ក្រសួងព័ត៌មានលោកចេញក្រោយនេះទៀត អាហ្នឹងបិទការផ្សព្វផ្សាយពាណិជ្ជកម្ម យើងក៏អនុវត្តភ្លាមៗចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។

នាយក​ប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា លោក មុំ គង់ សាទរចំពោះវិធានការរបស់រដ្ឋាភិបាល ដោយលោកមើលឃើញថា ការជួបជុំភាគច្រើនដោយសារគ្រឿងស្រវឹង។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាលឱ្យស្ថានីយទាំងអស់​ផ្អាកការផ្សព្វផ្សាយគ្រឿងស្រវឹងរហូតតែម្ដង ជារឿងល្អ ដោយថា ការផ្សព្វផ្សាយគ្រឿងស្រវឹងនេះ គឺជាមធ្យោបាយមួយទាក់ទាញ​ឱ្យមានការប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើននៅកម្ពុជា ដែលបង្កទៅជាបញ្ហាផ្សេងៗផងដែរ។

លោកថា៖ «ការប្រើប្រាស់គ្រឿងស្រវឹងហ្នឹងផ្ដល់ផលប៉ះពាល់៤ ​មានប៉ះពាល់សុខភាព ភាពក្រីក្រ​ អំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ ជាពិសេសយើងកំពុងប្រយុទ្ធប្រឆាំងនឹងកូវីដផង ទោះបីជាយើងបិទបញ្ចប់ការបិទខ្ទប់ក៏ដោយ ​យើងគិតថា យើងនៅតែប្រឈមនឹងជំងឺកូវីដក្នុងកម្រិតណាមួយ។ អ៊ីចឹងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គួរតែ​បន្តផ្អាកទៅទៀត»។ ​

កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារបន្ទាន់មួយស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ក្រៅពីប្រកាសបិទ លោក ហ៊ុន សែន បានហាមមិនឱ្យមានការលក់ដូរគ្រឿងស្រវឹងរយៈពេល១៤ថ្ងៃបន្ថែមទៀត ពីថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា ក្នុងគោលបំណងកាត់បន្ថយការជួបជុំក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងក្រោយពេលបុណ្យចូលឆ្នាំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ