ពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​បារម្ភ​ពី​ការ​ដាច់​​ស្បៀង​ បើ​អាជ្ញាធរ​មិន​បាន​ផ្តល់​ឱ្យ​ទាន់​ពេល​វេលា​

បម្រាមធ្វើដំណើរឆ្លងកាត់ចេញ-ចូលនៅតំបន់មួយក្នុងខណ្ឌទួលគោក អំឡុពេលទីតាំងនេះត្រូវបានកំណត់ជាទីតាំងចត្តាឡីស័ក។ (ហ្វេសប៊ុក៖ សាលាខណ្ឌទួលគោក)

ប្រជាពលរដ្ឋមួយចំនួននៅក្នុង​តំបន់បិទខ្ទប់​រាជធានីភ្នំពេញ បានបង្ហាញការព្រួយបារម្ភពីការដាច់ស្បៀង ប្រសិនបើកិច្ចអន្តរាគ​មន៍ជួយឧ​បត្ថ​​ម្ភ​ស្បៀងអាហារពីអាជ្ញាធរនៅបន្តយឺតពេល ក្នុងអំឡុងពេលរដ្ឋាភិបាល​បន្តអនុវត្តវិធានការបិទខ្ទប់ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

ពលរដ្ឋ​​ជា​ច្រើនរយនាក់ ត្រឹមរយៈពេល២ថ្ងៃមកនេះ បានផ្ញើសារទៅកាន់ក្រុមមួយ​ក្នុងបណ្តាញសង្គម​តេឡេក្រាម (Telegram Group)  របស់រដ្ឋបាល​រាជធានីភ្នំពេញ ដើម្បីសុំ​ជំនួយស្បៀងអាហារបន្ទាន់ ក្រោយពីក្រុម​នេះបានបង្កើតឡើងកាល​ពីថ្ងៃអាទិត្យ។

ពលរដ្ឋជាច្រើនរយនាក់​ដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញ បានផ្ញើសារស្នើសុំ​ស្បៀងចូលក្នុងក្រុមតេឡេក្រាមឈ្មោះ «តម្រូវការបន្ទាន់នូវជំនួយស្បៀងចាំបាច់​»។ ក្រុមតេឡេក្រាមនេះត្រូវបានបង្កើតឡើងដោយ «​គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់» កាលពីថ្ងៃទី១៨ ខែមេសា។ អ្នកខ្វះខាតស្បៀងអំឡុងពេលនៃការបិទខ្ទប់ សូមជូនដំណឹងមកគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ.) តាមរយៈក្រុមតេឡេក្រាមនេះ។ អាជ្ញាធរ​បានតម្រូវឱ្យ​ពលរដ្ឋដែលខ្វះស្បៀង បញ្ជាក់ពី​ចំនួន​គ្រួសារ រូ​បថត ទីតាំងស្នាក់នៅ និងលេខទំនាក់ទំនង។

គណៈកម្មការនេះមានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ជាប្រធាន អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជាអនុប្រធាន។

គិតចាប់​ពីម៉ោង១០ព្រឹក​ ថ្ងៃទី១៩ ខែមេសា មកដល់ម៉ោង៤រសៀលថ្ងៃនេះ មានសារចំនួនជាង​ ៣ ៤០០ ត្រូវបានប្រជាពលរដ្ឋរស់នៅតំបន់ផ្សេងក្នុងរាជធានីភ្នំពេញ ផ្ញើចូលក្នុងក្រុមតេឡេក្រាម «តម្រូវការបន្ទាន់នូវជំនួយស្បៀងចាំបាច់​» ដើម្បីសុំជំនួយជាស្បៀងអាហារ។​

លោក អ៊ឺន ប៊ុនសេត រស់នៅបន្ទប់ជួលក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលជាតំបន់បិទខ្ទប់ ឱ្យ​ដឹងនៅថ្ងៃអង្គារ​នេះ​ថា ស្បៀងរបស់គាត់នៅសល់ត្រឹម៣ថ្ងៃទៀតប៉ុណ្ណោះ ខណៈគាត់បានផ្ញើសារសុំជំនួយបន្ទាន់រួចហើយ មិនទាន់មានការឆ្លើយតប។

លោកថា៖ «សល់អង្ករប្រហែល៤កំប៉ុង ពងទា១០គ្រាប់ ត្រីខ២កំប៉ុង។ ខ្ញុំចង់ឱ្យគេពន្លឿន កុំឱ្យដាច់ស្បៀង បង! កូវីដ​ក៏បារម្ភ តែយើងនៅផ្ទះបាន! តែដាច់ស្បៀង យើងនៅក្នុងផ្ទះអត់បាន»។

លោកបានគូសបញ្ជាក់ថា បញ្ហារបស់លោកនៅពេលនេះ គឺ​​ដោ​យ​សារតែរោងចក្រកាត់ដេរ​​ដែលគាត់ធ្វើការ បានផ្អាកដំណើរការ​ជា​​បណ្តោះអាសន្នតាំងពីមុនចូលឆ្នាំខ្មែរ ទាំងមិនបានទូរទាត់ប្រាក់ឈ្នួលឱ្យ ហើយពេលនេះរោងចក្រនៅតែ​បន្តផ្អាកដំណើរការ ព្រោះតែវិធានការបិទខ្ទប់របស់រដ្ឋាភិបាល។

អ្នកស្រី ចាន់ ស្រីលក្ខណ៍​ រស់នៅសង្កាត់ទឹកថ្លា បាននិយាយថា គ្រួសាររបស់​គាត់​មាន​សមាជិក៥នាក់ កំពុងប្រឈមនឹងការដាច់ស្បៀងដូចគ្នា ក្រោយពីអាជ្ញាធរដាក់ចេញវិធានការបិទខ្ទប់។ ស្ត្រីវ័យ៤១ឆ្នាំរូបនេះ បន្តថា កាលពីថ្ងៃ​ម្សិលមិញ កូនរបស់គាត់បានផ្ញើសារទៅកាន់ក្រុមតេឡេក្រាមរបស់គណៈកម្មការនោះ ដើម្បីសុំជំនួយ​ជា​​ស្បៀង​ដែរ តែមិន​ទាន់ទទួលបានការឆ្លើយតប។

អ្នកស្រីគូសបញ្ជាក់ថា អំឡុងនៃការបិទខ្ទប់នេះ គ្រួសារគាត់បាត់បង់ប្រាក់ចំណូល ចំណែកអង្ករដែលធ្លាប់ផ្ញើពីស្រុកមក ក៏មិនអាចនាំចូលបាន ដោយសារតែអាជ្ញាធរមិនឱ្យចូល ព្រោះតំបន់ដែលគាត់រស់នៅជាទីតាំងត្រូវបិទខ្ទប់។

អ្នកស្រីថា៖ «កូនដល់៣នាក់ ហើយប្តីខ្ញុំទៅ [ធ្វើសំណង់] នៅខេត្តកំពត ជាប់នៅហ្នឹង អត់មានការងារ! ហើយខ្ញុំអត់មានអីធ្វើ នៅតែផ្ទះ។ ​​[​អង្ករនៅសល់ប៉ុន្មាន] នៅសល់ប្រហែលជា១០គីឡូដែរ តែមួយពេល៣កំប៉ុង បើមានអីផ្ញើពីខេត្តមក ចេះតែផ្ញើហើយ តែមានអីចេញចូលកើតឥលូវ»។

កម្មការិនីធ្វើការនៅរោងចក្រកាត់ដេរមួយក្នុងសង្កាត់ទឹកថ្លា កញ្ញា សៀង ស្រីពៅ បាននិយាយប្រហាក់ប្រហែលដែរថា ស្បៀងអាហារនៅផ្ទះរបស់គាត់អាចទប់ទល់បានត្រឹម៤ថ្ងៃ​ទៀតប៉ុណ្ណោះ។

ស្ត្រីរូបនេះបញ្ជាក់ថា បញ្ហាប្រឈមនឹងដាច់ស្បៀង វាបានកើតឡើងក្រោយ​ពីរោងចក្រផ្អាកដំណើរការ ទាំងមិនទាន់បានបើកប្រាក់ឈ្នួល ហើយការចំណាយបច្ចុប្បន្នមានការកើនឡើង ដោយសារទំនិញ​ឡើងថ្លៃទ្វេដង។

កញ្ញាថា៖ «ខ្ញុំភ័យដែរហ្នឹង! ព្រោះអីនៅក្នុងផ្ទះមានគ្នា៣នាក់ ហើយសុទ្ធតែអត់ចំណូលដូចគ្នា។ ចុងក្រោយ ខ្ញុំសំណូមពរឱ្យថ្នាក់លើជួយពន្លឿនរឿងហ្នឹង ព្រោះអីវាយូរថ្ងៃដែរហើយ»។

កាលពីថ្ងៃសៅរ៍ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចថ្មីមួយទៀតណែនាំទៅអាជ្ញាធរមានសមត្ថកិច្ច ឱ្យបន្តអនុវត្តវិធានការ​បិទ​ខ្ទប់ក្នុ​ង​ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃបន្ថែមទៀត ដោយបញ្ជាក់ថា «យោងតាមតម្រូវការចាំបាច់ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩»

អភិបាលរា​ជធានីភ្នំពេញ និងជាអនុប្រធាន គ.ប.ខ លោក ឃួង ស្រេង មិនអាចទាក់ទងបានទេ នៅថ្ងៃនេះ។

ប៉ុន្តែលោកធ្លាប់ណែនាំទៅអភិបាលខណ្ឌ ឱ្យ​ឆ្លើយតបបន្ទាន់ទៅនឹងការដង្ហោយរកជំនួយ​ស្បៀងបន្ទាន់ពីប្រជាពលរដ្ឋ​នៅក្នុងតំបន់បិទខ្ទប់ ខណៈរដ្ឋាភិបាលបាន​ឧបត្ថម្ភអង្ករចំនួន១៤០តោន សម្រាប់ដោះស្រាយ​បញ្ហាស្បៀង​ជូនប្រជាពលរដ្ឋ​ក្នុង​​រាជធានីភ្នំពេញ ដែលក្នុង​មួយខណ្ឌទទួលបានអង្ករចំនួន​១០តោន។

អភិបាលរងខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ បញ្ជាក់ថា អាជ្ញាធរខណ្ឌ​កំពុងចែកអំណោយ​ដល់ប្រជាពលរដ្ឋនៅក្នុងខណ្ឌនេះដែលបានទទូចសុំជំនួយ​ស្បៀងអាហារ។

លោកថា៖ «ខ្ញុំរវល់បន្តិច រវល់ចែកអំណោយ»

ប្រធានផ្នែកសិទ្ធិមនុស្សសមាគមអាដហុក លោក នី សុខា បង្ហាញការព្រួយបារម្ភថា ការបិទខ្ទប់ដើម្បីទប់ស្កាត់ជំងឺឆ្លងសកលនេះ នឹងមិនជោគជ័យទេបើខ្វះស្បៀង ដោយថា បញ្ហាក្រពះនិងការឆ្លងជំងឺ វាប្រឈមនឹងការស្លាប់ដូចគ្នា។

លោកថា៖ «ដូច្នេះដើម្បីឱ្យការបិទខ្ទប់ហ្នឹងមានប្រសិទ្ធភាព គឺចាំបាច់ណាស់ត្រូវតែដោះស្រាយបញ្ហាជីវភាព»។

ទោះយ៉ាងណា ក្រៅពីបញ្ជូនស្បៀងទៅកាន់តំបន់បិទខ្ទប់ រដ្ឋាភិបាលក៏បានប្រកាសរួចហើយដែរពីគោលនយោបាយ​សង្គម​សម្រាប់ជួយឧបត្ថម្ភដល់អ្នករស់នៅក្នុងតំបន់បិទខ្ទប់រយៈពេលពីរខែ ដែលក្នុង​​នោះ រដ្ឋនឹង​ចេញថ្លៃទឹក ថ្លៃភ្លើង អង្ករ២៥គីឡូ និងប្រាក់៣០ម៉ឺនរៀ​លមួយខែ ក្នុងមួយគ្រួសារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ