អាជ្ញាធរ​រាជ​ធានី​នឹង​ផ្តល់​បណ្ណ​ទៅ​ផ្សារ​ឱ្យ​ម្នាក់​ក្នុង​មួយ​គ្រួសារ​ ខណៈ​ពលរដ្ឋ​ខ្លះ​ថា​ពិបាក​ធ្វើ​ដំណើរ​ឆ្លង​ខណ្ឌ​ទៅ​ទិញ​ម្ហូប​

មន្ត្រីនិងអាជ្ញាធរមូលដ្ឋានចុះអនុវត្តតាមការណែនាំពីរដ្ឋាភិបាល បិទខ្ទប់ការធ្វើដំណើរចេញចូលនៅតំបន់មួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាទៅអាជ្ញាធរមូលដ្ឋានឱ្យ​​ចេញបណ្ណជូនប្រជាពលរដ្ឋម្នាក់ក្នុងមួយគ្រួសារ ដើម្បីអាចធ្វើដំណើរទៅផ្សារទិញម្ហូបអាហារ​ ខណៈពលរដ្ឋមួយចំនួនត្អូញត្អែរពីផលលំបាកក្នុងការធ្វើដំណើរឆ្លងខណ្ឌ ដោយ​សារតែផ្សារដែលនៅក្បែរផ្ទះរបស់ពួកគាត់បានបិទបណ្តោះអាសន្នជាបន្តបន្ទាប់ ក្នុងអំឡុងពេលទប់ស្កាត់ការឆ្លងរាលដាល​ជំងឺកូវីដ-១៩។

កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១៤ថ្ងៃ ដោយអនុវត្តចាប់ពីម៉ោងសូន្យ ថ្ងៃទី១៥ ខែឆ្នាំដដែល។

ស្របពេលគ្នានេះដែរ ផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ដូចជា ផ្សារអូរឫស្សី ផ្សារអូឡាំពិក ផ្សារដើមគរ ផ្សារកណ្តាល ផ្សារត្រពាំងថ្លឹង ផ្សារឯករាជ្យ៣ ផ្សារបឹងត្របែកផ្លាហ្សា និងផ្សារទួលសង្កែ ជាដើម បាន​បិទជាបណ្តោះអាសន្នជាបន្តបន្ទាប់ ក្រោយពីបានរកឃើញអាជីវករនិងពលរដ្ឋមួយចំនួនដែលវិជ្ជមានវីរុសកូវីដ-១៩ បានទៅទីនោះ។

តែយ៉ាងណា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីថ្ងៃទី១៩ ខែមេសា ម្សិលមិញ បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានតាមខណ្ឌទាំង១៤ ចេញបណ្ណសម្គាល់ខ្លួនឱ្យប្រជាពលរដ្ឋម្នាក់ក្នុងមួយគ្រួសារ​ ដើម្បីអាចចេញពីលំនៅដ្ឋានទៅផ្សាររដ្ឋនិងឯកជន ទិញម្ហូប បន្លែ ត្រីសាច់ សម្រាប់ជីវភាពក្នុងគ្រួសារ។

អភិបាលរាជធានីរូបនោះ បញ្ជាក់ថា ផ្សាររដ្ឋនិងផ្សារឯកជនទាំងអស់ត្រូវអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់ប្រមុខរដ្ឋាភិបាល «៣ការពារ និង៣កុំ» ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ប្រជាពលរដ្ឋនៅភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ អ្នកស្រី ឃួន ម៉ូលីកា មានប្រសាសន៍នៅថ្ងៃអង្គារនេះ​ថា គ្រួសារអ្នកស្រីមានការ​ពិបាកចេញទៅផ្សារ ពីព្រោះនៅតំបន់ដែលគាត់រស់នៅកំពុងជួបបញ្ហាប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយសារមានអ្នកខ្លះឆ្លងជំងឺនេះផងដែរ ខណៈជីវភាពគ្រួសារកំពុងខ្វះខាត។

អ្នកនាងបង្ហាញក្តីបារម្ភថា៖ «ចង់ទៅផ្សារ ទាល់តែសុំគេនៅកន្លែងគេបិទហ្នឹង សុំថ្ងៃណាបានក៏បានទៅ។ ថ្ងៃខ្លះ គេអត់ឱ្យ​ចេញទេ គេការពារកូវីដអញ្ចឹង។ សុំបានទាល់តែមានមូលហេតុច្បាស់លាស់ ហើយផ្សារក៏គេមើលតាមហ្នឹងដែរ គេមិនចង់ឱ្យ​ចេញទេ ព្រោះខ្លាចកូវីដ ហើយរបស់របរថ្លៃតែម្តង»។

លោក ហេង សេរីវិសាល​ ដែលអះអាងថា ស្នាក់នៅម្តុំខណ្ឌចំការមន និយាយថា អាជ្ញាធរបានបិទផ្សារអូឡាំពិក ក្រោយពីរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩។ ករណីនេះ លោកថា ធ្វើឱ្យគាត់ពិបាកទៅផ្សារទិញម្ហូប ពីព្រោះសុំសមត្ថកិច្ចដែលយាមនៅតំបន់នោះ គេអនុញ្ញាតឱ្យតែទៅទិញជិតៗផ្ទះឬនៅក្នុងខណ្ឌ មិនឱ្យឆ្លងខណ្ឌនោះទេ។

លោកនិយាយថា៖ «ពេលដែលយើងសុំឆ្លងពីខណ្ឌមួយទៅខណ្ឌមួយ គាត់ [សមត្ថកិច្ច] សួរយើងថា ទៅណា? សួរហើយ សមត្ថកិច្ចដែលគាត់ប្រចាំការមួយចំនួន គាត់បានតែសួរយើង ហើយគាត់អត់ឱ្យយើងទៅទេ គាត់ថាយើងមិនគោរពបម្រាមគោចរ គាត់អត់អនុញ្ញាតឱ្យបានទេ។ ពិបាកបំផុតគឺយើងទៅទិញម្ហូបអាហារអត់បាន យើងអត់អីហូប ដាច់ស្បៀង តាំងពីលុយកាក់ ម្ហូបអាហារយើងអត់ទាំងអស់ បើយើងចេញអត់បាន មានតែប៉ុណ្ណឹង»។

លោក ឌៀប រ៉ានុត ដែលអះអាងថា រស់នៅម្តុំផ្សារអូរឫស្សី និយាយថា គាត់ចង់ឱ្យរដ្ឋបាលរាជ​ធានីភ្នំពេញ ជំរុញទៅអាជ្ញាធរខណ្ឌពន្លឿនការធ្វើបណ្ណសម្គាល់ខ្លួនឱ្យពលរដ្ឋបានយកទៅបង្ហាញអាជ្ញាធរនៅពេលចេញទៅទិញម្ហូប បន្លែ និងសាច់ ដោយកំណត់ពីវិសាលភាពនៃទីតាំងផ្សារដែលត្រូវទៅទិញ ដើម្បីកុំឱ្យល្មើសនឹងបម្រាមរបស់រដ្ឋាភិបាល។

លោក រ៉ានុត បន្តថា បើមិនកំណត់ពីវិសាលភាពឱ្យបានច្បាស់លាស់ទេ លោកខ្លាចអាជ្ញាធរចោទប្រកាន់ថា ល្មើសនឹងបម្រាមរដ្ឋាភិបាលនៅពេលចេញទៅទិញម្ហូប បន្លែ និងសាច់។

លោកនិយាយថា៖ «ខ្ញុំមិនហ៊ានទៅទេ ទី១ ខ្ញុំខ្លាចល្មើសច្បាប់ ខ្លាចគាត់ពិន័យជាទឹកប្រាក់ ទី២ ខ្លាចគាត់នាំខ្លួនទៅតុលាការ ទី៣ ខ្លាចគាត់នាំយកទៅធ្វើចត្តាឡីស័ក ខ្ញុំមើលព័ត៌មានខ្លាច ពួកគាត់ចាត់ការតាមផ្លូវច្បាប់ ធ្វើឱ្យមានផលវិបាកដល់ខ្ញុំ ដោយសារតែរឿងទៅទិញម្ហូប»។

តែយ៉ាងណា លោក ឃួង ស្រេង មានប្រសាសន៍ថា ប្រជាពលរដ្ឋមានបំណងចង់ទៅទិញម្ហូបអាហារនៅផ្សារ គាត់អាចស្នើសុំទៅអាជ្ញាធរដែលយាមនៅច្រកចេញចូលក្បែរផ្ទះរបស់គាត់ ឬទៅខណ្ឌស្នើសុំចេញលិខិតអនុញ្ញាតឱ្យគាត់ចេញទៅផ្សារបានក្នុងមួយសប្តាហ៍ចំនួន៣ដង ដើម្បីទិញម្ហូបនិងបង្ហាញពីតម្លាភាពក្នុងការចេញទៅផ្សារ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំចង់បានសុក្រឹត ខ្ញុំបានណែនាំឱ្យអាជ្ញាធរខណ្ឌចេញបណ្ណឱ្យគាត់តែម្តង។ នៅពេលដែលគាត់ចេញទៅ អាជ្ញាធរដែលនៅជិតបំផុតគាត់កិប ចោះមួយទៅដឹងថា សប្តាហ៍ហ្នឹងគាត់ចេញបានមួយដង អញ្ចឹងចេញម្តងទៀតចោះទៅ បានគ្រប់បីដង បាន១សប្តាហ៍។ ខ្ញុំធ្វើអញ្ចឹងដើម្បីងាយស្រួលកុំឱ្យគ្រួសារខ្លះចេញបានច្រើន គ្រួសារខ្លះអត់បានចេញ ឱ្យវាមានសមធម៌ក្នុងការចេញចូល»។

នៅពេលសួរថា ពលរដ្ឋមួយចំនួនអះអាងថា ពួកគេមានការលំបាកនៅពេលស្នើសុំអាជ្ញាធរចេញទៅផ្សារក្នុងខណ្ឌផ្សេងក្រៅពីទីលំនៅដែលគាត់ស្នាក់នៅ ដោយសារផ្សារនៅក្នុងតំបន់គាត់ត្រូវបានបិទ? លោក ឃួង ស្រេង សុំមិនធ្វើការបកស្រាយជុំវិញករណីនេះទេ ដោយថាជាប់រវល់។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ គាំទ្រនឹងការលើកឡើងរបស់លោក ឃួង ស្រេង ដែលជំរុញទៅអាជ្ញាធរខណ្ឌធ្វើបណ្ណសម្គាល់ខ្លួនឱ្យពលរដ្ឋយកទៅប្រើប្រាស់ ដើម្បីចេញទៅទិញម្ហូប។ ប៉ុន្តែលោកថា ដំណាក់កាលនេះ រដ្ឋាភិបាលអាចរៀបចំផ្សារដែលធ្លាប់ឆ្លងកូវីដឬមិនធ្លាប់ឆ្លង ឱ្យមានគម្លាតសុវត្ថិភាព ឬរដ្ឋត្រូវផ្គត់ផ្គង់ម្ហូបអាហារ បន្លែ និងសាច់ ជូនប្រជាពលរដ្ឋនៅតំបន់ដែលងាយរងគ្រោះ។

លោកផ្តល់ជា​អនុសាសន៍ថា៖ «អាជ្ញាធរគួរតែមានវិធានការធ្វើយ៉ាងណាឱ្យអ្នកលក់ដូរមានចំណីអាហារទាំងអស់ ឱ្យមានលក់នៅផ្សារនៅក្នុងតំបន់ lockdown ក្តី [តំបន់បិទខ្ទប់] នៅតំបន់ក្រហមក្តី ដើម្បីងាយស្រួល ដើម្បីគាត់បានទិញនៅជិតផ្ទះរបស់គាត់ ប៉ុន្តែធ្វើយ៉ាងណាឱ្យមានសុវត្ថិភាព កុំឱ្យរីករាលដាលជំងឺកូវីដ-១៩។ ចំណុចមួយទៀត រដ្ឋាភិបាលគួរតែផ្គត់ផ្គង់បន្លែ ត្រី សាច់ ដូចក្នុងសេចក្តីប្រកាសម្សិលមិញអញ្ចឹង ឱ្យទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលនៅក្នុងតំបន់ក្រហម បើសិនជាដោះស្រាយបញ្ហាបាន អាចធ្វើឱ្យជោគជ័យ ប្រទេសយើងអាចដំណើរការសេដ្ឋកិច្ចធម្មតាវិញ អាចបើកក្រុង បើកប្រទេស បើកខេត្តឡើងវិញ»។

កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពីការផាកពិន័យចំពោះបុគ្គលដែលមិនគោរព​នូវវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ជាពិសេស​អ្នកដែលមិនគោរពការហាមឃាត់ការធ្វើដំណើរក្នុងអំឡុងពេលបិទខ្ទប់ ដោយ​ការ​​ផាកពិន័យជាប្រាក់ចន្លោះចាប់​ពី ២ ០០០ ០០០រៀល ទៅ ៥ ០០០ ០០០រៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ