ពលរដ្ឋ​មួយ​ចំនួន​ក្នុង​តំបន់​បិទ​ខ្ទប់​ ​ស្នើ​រដ្ឋា​ភិបាល​​បញ្ចេញ​រថយន្ត​ចល័ត​លក់​ស្បៀង​បន្ថែម​ទៀត​

រថយន្តដឹកស្បៀងចែកជូនដល់ពលរដ្ឋដែលរងគ្រោះដោយការបិទខ្ទប់តំបន់មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ក្នុងបំណងបង្ការនិងទប់ស្កាត់ការរាតត្បាតមេរោគកូវីដ-១៩ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលរាជធានីភ្នំពេញ)

ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ អំពាវនាវទៅរដ្ឋាភិបាលបញ្ចេញរថយន្តចល័តដែលលក់អង្ករ បន្លែ ត្រី សាច់ និងគ្រឿងបរិភោគបន្ថែមទៀត ក្នុងអំឡុងពេលមានការបិទខ្ទប់ និង​ស្របពេលដែល​ផ្សារជាច្រើនបានផ្អាកដំណើរការជាបណ្តោះអាសន្ន ដោយសារតែវិបត្តិជំងឺកូវីដ-១៩។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាល កាលពីថ្ងៃទី១៩ ខែមេសា បានបញ្ជាទៅក្រសួងពាណិជ្ជកម្មបញ្ចេញរថយន្តចល័តជិត១០គ្រឿង ដើម្បី​ជួយសម្រួលជាបន្ទាន់ឱ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង រួមមាន លក់អង្ករ ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី មី និងត្រីខកំប៉ុង ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ឬអនុវត្តសេវាលក់តាមប្រព័ន្ធទូរសព្ទ ឬអនឡាញ រួមទាំងដឹកជញ្ជូនចែកចាយដល់មុខផ្ទះ ជាដើម។

អ្នកស្រី ចាន់ ស្រីណែត រស់នៅម្តុំខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានប្រសាសន៍នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១​នេះ​ថា តំបន់ដែលគាត់រស់នៅមិនទាន់មានរថយន្តចល័តរបស់ក្រសួងពាណិជ្ជកម្ម លក់អង្ករ ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី មី និងត្រីខកំប៉ុង នៅឡើយ។ ករណីនេះធ្វើឱ្យគាត់ពិបាកទៅទិញម្ហូបនៅផ្សារ ព្រោះខ្លាចឆ្លងជំងឺកូវីដ-១៩ និងល្មើសបម្រាមរបស់រដ្ឋាភិបាល។

អ្នកស្រីនិយាយថា៖ «នៅពេលយើងទៅផ្សារទិញអីវ៉ាន់ យកម្ហូប យើងមើលមិនឃើញទេ ខ្លាចវាឆ្លងតាមខ្យល់ ដូចថាយើងប៉ះដៃគ្នាក៏ឆ្លង វាពិបាក ដូចថាខ្លាចឆ្លងរោគមកដល់ផ្ទះយើង មកដល់ក្រុមគ្រួសារយើង»។

អ្នកនាង ភារម្យ វត្តី ​ដែលអះអាងថា រស់នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និយាយប្រហាក់ប្រហែលគ្នាដែរ​ថា បើរដ្ឋាភិបាលមិនបញ្ចេញរថយន្តចល័តបន្ថែមដែលមានលក់​គ្រឿងឧបភោគបរិភោគ និងបន្លែ ត្រី សាច់ ទៅតាមផ្ទះប្រជាពលរដ្ឋទេ នឹងធ្វើឱ្យពួកគេជួបបញ្ហាប្រឈមច្រើន ជាពិសេសបញ្ហាសុខភាព ដោយសារបរិភោគតែមីនិងត្រីខកំប៉ុង​ស្ទើរជារៀងរាល់ថ្ងៃ។

អ្នកនាងនិយាយថា៖ «ដូចថារាល់ថ្ងៃហូបតែត្រីខ ហូបតែមី! រាល់ថ្ងៃមិនមានជាតិបន្លែ ចេញទៅណាក៏មិនកើត។ ចេញទៅខ្លាចឆ្លងជំងឺកូវីដ ញ៉ាំតែមី ត្រីខ រាល់ថ្ងៃ ព្រោះញ៉ាំមីខ្លាចស្អិតពោះវៀនទៀត មីហ្នឹងវាមានជាតិគីមីច្រើន ប៉ះពាល់សុខភាព»។

អ្នកនាង ចាន់ សុថុន ជាពលរដ្ឋម្នាក់ទៀត​​រស់នៅម្តុំខណ្ឌចំការមន រាជធានីភ្នំពេញ អំពាវនាវទៅរដ្ឋាភិបាលជួយឱ្យ        រថយន្តចល័តដឹកអង្ករ ទឹកសុទ្ធ បន្លែ ត្រី និងសាច់ រួមទាំងគ្រឿងឧបភោគបរិភោគគ្រប់មុខ យកទៅលក់តាមផ្ទះប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ ដើម្បីងាយស្រួលពួកគេទៅទិញយកមកបរិភោគ ដើម្បីកុំឱ្យមានបញ្ហាសុខភាពក្នុងអំឡុងពេលបិទខ្ទប់។

អ្នកនាងនិយាយថា៖ «បើសិនជាក្រសួងពាណិជ្ជកម្មលក់ចល័ត យើងអាចទិញនៅមុខផ្ទះរបស់យើងបាន។ យើងមិនបាច់ដើរចេញទៅក្រៅ បើសិនជារដ្ឋលក់អញ្ចឹងតែម្នាក់ យើងទិញគឺថាអាចទប់ស្កាត់ជំងឺកូវីដ ដើម្បីងាយស្រួលឱ្យយើងបានហូបបន្លែឱ្យមានសុខភាពល្អ ពេលនេះជំងឺច្រើនអញ្ចឹង បើយើងអត់បានហូបបន្លែ វាពិបាកក្នុងខ្លួន»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក ស៊ាង ថៃ បានទេនៅថ្ងៃនេះ ដោយលោកថាជាប់រវល់ប្រជុំ។

កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១៤ថ្ងៃ ដោយអនុវត្តចាប់ពីម៉ោងសូន្យ ថ្ងៃទី១៥ ខែឆ្នាំដដែល។

ស្របពេលគ្នានេះដែរ ផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ដូចជា ផ្សារអូរឫស្សី ផ្សារអូរឡាំពិក ផ្សារដើមគរ ផ្សារកណ្តាល ផ្សារត្រពាំងថ្លឹង ផ្សារឯករាជ្យ៣ ផ្សារដេប៉ូ ផ្សារបឹងត្របែកផ្លាហ្សា និងផ្សារទួលសង្កែ ជាដើម បាន​បិទជាបណ្តោះអាសន្នជាបន្តបន្ទាប់ ក្រោយពីបានរកឃើញអាជីវករនិងពលរដ្ឋមួយចំនួនដែលវិជ្ជមានវីរុសកូវីដ-១៩ បានទៅទីនោះ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍ថា បច្ចុប្បន្ននេះ រដ្ឋបានបញ្ចេញរថយន្តចល័តចំនួន៧គ្រឿង ដើម្បីលក់អង្ករ ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី មី និងត្រីខកំប៉ុង ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម។

លោក ឃួង ស្រេង បន្តថា ក្រុមការងារជំនាញកំពុងពិនិត្យនិងត្រៀមបញ្ចេញរថយន្តបន្ថែមសម្រាប់លក់បន្លែ ត្រី សាច់ និងគ្រឿងទេសមួយចំនួនទៀតជូនប្រជាពលរដ្ឋផងដែរ។

លោកមានប្រសាសន៍ថា៖ «យើងមិនអាចជប់កើតទេ! ឥលូវរថយន្តកំពុងចេញទៅ! ហើយបន្លែ យើងកំពុងរៀបចំឱ្យគាត់ យើងកំពុងធ្វើហើយ មិនមែនមានតែរថយន្តទេ កន្លែងដាក់ស្នាក់ការលក់ យើងមានទៀត»។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព បានឱ្យដឹងថា គាត់ក៏ជាអ្នករងគ្រោះក្នុងការបិទខ្ទប់នៅក្នុងតំបន់ក្រហម ដូចប្រជាពលរដ្ឋមួយចំនួនទៀតដែរ។ លោកស្រីបន្តថា ពួកគាត់ពិបាកធ្វើដំណើរទៅក្រៅទិញម្ហូបអាហារ ហើយអ្នកដែលរងគ្រោះជាងគេគឺពលរដ្ឋដែលមានជីវភាពទ័លក្រ។

ករណីនេះ លោកស្រីអំពាវនាវទៅរដ្ឋាភិបាលពន្លឿនការយកចិត្តទុកដាក់ និងបញ្ចេញរថយន្តចល័តនៅទូទាំងរាជធានីភ្នំពេញ ជាពិសេសនៅតំបន់ក្រហម ឬតំបន់ដែលងាយរង​គ្រោះដោយសារជំងឺកូវីដ-១៩ ដើម្បីឆ្លើយតបឱ្យបានទាន់ពេល ក្នុងការលក់បន្លែ ត្រី សាច់ និងគ្រឿងទេសគ្រប់ប្រភេទជូនដល់ពលរដ្ឋ ទើបទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដបានប្រសិទ្ធភាពខ្ពស់។

លោកស្រីអំពាវនាវដូច្នេះថា៖ «សម្រាប់អ្នករៀបចំក៏មានផលលំបាក មិនខុសពីយើងទាមទារហ្នឹងទេ មានតែការអធ្យាស្រ័យ ហើយធ្វើយ៉ាងម៉េចផ្តល់ជាមតិជាស្ថាបនា ដើម្បីឱ្យមានការរៀបចំឱ្យមានការប្រសើរនៅក្នុងកាលៈទេសៈនេះ។ អញ្ចឹងមានតែធ្វើយ៉ាងម៉េចឱ្យខាងក្រសួងគាត់ឆ្លើយតបចំពោះតម្រូវការនេះឱ្យបានទាន់ពេល និងរៀបចំដំណើរការឱ្យបានងាយស្រួល ដើម្បីអាចឱ្យពលរដ្ឋគាត់ចូលរួមសហការឱ្យបានពេញលេញ ដើម្បីសុវត្ថិភាពទាំងអស់គ្នា»។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ចាប់​ពី​ថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែ​មេសា ឆ្នាំ២០២១ គឺមាន​រយៈពេល៥ថ្ងៃហើយដែល​រថ​យន្ដ​​ចល័ត​របស់​ក្រសួង​ពាណិជ្ជកម្ម​ បាន​លក់​អង្ករ​សរុបចំនួន២៩៧បេ មី​ជាតិ​ចំនួន១ ៩៧៥ កេស ​ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​សរុប​ចំនួន១៣៦យួរ ជូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​បិទ​ខ្ទប់​នៃ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ (ខេត្ត​កណ្តាល)។

ក្រោយមក នៅថ្ងៃទី២០ ខែមេសា ក្រសួងពាណិជ្ជកម្ម បាន​បញ្ចេញរថយន្តចល័ត៥គ្រឿង ដើម្បីបន្តដឹក​ស្បៀង​លក់​ជូន​ប្រជាជន​នៅ​តំបន់​ក្រហម​ចំនួន៧ទីតាំងបន្ថែមទៀត​ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ចំនួន៣ រួមមាន ខណ្ឌ​មានជ័យ ខណ្ឌ​ពោធិ៍​សែនជ័យ និងខណ្ឌ​ទួលគោក ដែលស្បៀង​ទាំងនោះស្ថិតក្រោមតម្លៃ​ក្នុង​​​ទីផ្សារ ដើម្បី​សម្រួល​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់នៅ​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ (ខេត្ត​កណ្តាល) ទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ