កសិករ​ដាំ​បន្លែ​នៅ​ខេត្ត​កណ្តាល បារម្ភ​គ្មាន​កន្លែង​លក់​ព្រោះ​ផ្សារ​មួយ​ចំនួន​នៅ​ភ្នំពេញ​ត្រូវ​បាន​បិទ​

ផ្សារអូរឫស្សី ត្រូវបានផ្អាកដំណើការជាបណ្ដោះអាសន្ន ក្រោយរកឃើញមានអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ប្រជាកសិករជាអ្នកដាំបន្លែមួយចំនួននៅខេត្តកណ្តាល បង្ហាញក្តីបារម្ភថា បន្លែរបស់ពួកគាត់អាចនឹងមិនមានទីផ្សារដោយសារតែផ្សារមួយចំនួននៅរាជធានីភ្នំពេញ ត្រូវបានបិទជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក តៃ សុង កសិករ​ដាំ​បន្លែ​នៅ​ឃុំ​ទឹកវិល ស្រុកស្អាង ប្រាប់​ វី​អូ​ឌី​ នៅ​ថ្ងៃពុធនេះ​ថា រូបលោកនិង​កសិករ​ផ្សេងទៀត​នៅក្នុង​ឃុំ កំពុង​មាន​ក្តី​បារម្ភ​ជា​ខ្លាំង ដោយសារតែ​ដំណាំ​បន្លែដែលពួក​គាត់​​ដាំបាន​ហើយនោះ ពុំមានទីផ្សារសម្រាប់លក់។

កសិកររូបនេះឱ្យដឹងថា ដំណាំបន្លែគ្រប់មុខដែលកសិករដាំបាននៅពេលនេះ គឺមិនអាចនាំយកទៅលក់នៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញបានទេ ដោយសារក្រុងមួយនេះត្រូ​វបានអាជ្ញាធរ​បិទខ្ទប់ទាំងស្រុង។ លោកអះអាងថា បន្លែសាឡាត់ប្រហែល១០តោនរបស់លោក និងបន្លែសាឡាត់ជាង២០០តោនរបស់អ្នកភូមិ កំពុងខូចចោលជាបណ្តើរៗហើយ។

លោកបន្ថែមថា៖ «ធ្លាប់តែខែហ្នឹងបន្លែត្រូវមានហាងឆេង ប៉ុន្តែដោយសារមានវិបត្តិជំងឺកូវីដ គេបិទផ្សារ អត់មានកន្លែងសម្រាប់លក់ដូរ។ អ៊ីចឹងកសិករខាតទាំងស្រុង ទឹកភ្នែកលាយបាយហើយ។ ហើយអាជីវករដែលមកប្រមូលទិញទៅលក់បន្ត គេចាប់យកទៅធ្វើចត្តាឡីស័កអស់ទៀត។ ខ្ញុំចង់ឱ្យក្រសួងកសិកម្មជួយរៀបចំកន្លែងឱ្យបានសមស្រប សម្រាប់កសិករយកបន្លែទៅលក់ក្នុងសម័យជំងឺកូវីដនេះ ដើម្បីជួយដោះស្រាយដល់កសិករដែលដាំបន្លែបានហើយ [គ្មានទីផ្សារ]»

កសិករម្នាក់ទៀតនៅឃុំព្រែកស្តី ស្រុកកោះធំ អ្នកស្រី សែម ភា និយាយថា ប្រជាកសិករនៅខាងស្រុកកោះធំ ក៏ជួបបញ្ហារឿងគ្មានទីផ្សារសម្រាប់លក់បន្លែនេះដែរ ខណៈ​ក្រុងភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានរាំងខ្ទប់​។ អ្នកស្រីថា កសិករទាំងនោះមួយចំនួនប្រឈមជំពាក់បំណុល​ ដោយសារពួកគាត់បានខ្ចីលុយនិងចងការប្រាក់គេ ដើម្បីធ្វើដើមទុនដាំបន្លែ។

អ្នកស្រីបន្ថែមថា៖ «ដល់ពេលយកទៅភ្នំពេញអត់រួច បន្លែត្រូវគរចោលនៅស្រុក។ អ្នកដែលជួបបញ្ហាខ្លាំងជាងគេ គឺម៉ូយអ្នកយកទៅលក់ភ្នំពេញ ដោយសារគាត់ត្រូវចំណាយលុយឱ្យកសិករខ្ចីធ្វើទ្រើង ទិញជី ទិញថ្នាំ និងឧបករណ៍ផ្សេងៗជាដើមហ្នឹង។ ហើយដល់ពេលដាំបានផល បានលុយសងគេវិញ ប៉ុន្តែឥលូវផលដំណាំគាត់លក់អត់ចេញ អ៊ីចឹងគាត់ជួបបញ្ហាជំពាក់គេហើយ»

អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហ៊ សុផល សុំមិនឆ្លើយតបពាក់ព័ន្ធករណីនេះ ដោយបង្វែរឱ្យទៅសួរប្រធានមន្ទីរ លោក ប៊ុ​ន ទួន​ស៊ី​ម៉ូ​ណា និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន វិញ ប៉ុន្តែ វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកទាំង២នេះបានឡើយ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿ​ន មានប្រសាសន៍​ថា កាលណាផលិតផលកសិកម្មរបស់កសិករគ្មានទីផ្សារ លក់មិនដាច់ ឬលក់មិនចេញ នឹងធ្វើឱ្យពួកគេជួបបញ្ហាប្រឈមជាច្រើន ដូចជា បញ្ហាជីវភាព និងបំណុល ជាដើម។ លោកថា ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងស្ថានភាពនេះ រដ្ឋាភិបាលគួររៀបចំឱ្យមានការដើរប្រមូលទិញបន្លែពីប្រជាកសិករយកទៅលក់នៅតំបន់បិទខ្ទប់។

លោកបន្ថែមថា៖ «ពួកគាត់អាចនឹងមានបញ្ហាខ្លាំងផងដែរទៅលើការផ្គត់ផ្គង់​ចំណូលរបស់ពួកគាត់ ប្រសិនបើអាជ្ញាធរមិនរកវិធីសាស្ត្រក្នុងការដោះស្រាយ ឬក៏ប្រមូលទិញនូវផលិតផលកសិកម្មរបស់ពួកគាត់មកកាន់ទីផ្សារ។ ហើយករណីនេះគួរសម្របសម្រួលឱ្យមានអ្នកដើរប្រមូលទិញកសិផលរបស់កសិករ មកចូលលក់ក្នុងតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញដោយមានដាក់តាំងរៀបចំកន្លែងដែលរក្សាគម្លាតពីគ្នាធំទូលាយ។ ខ្ញុំលើកឧទាហរណ៍ ដូចជា រៀបចំនៅតំបន់ដីឡូត៍ ឬតំបន់ដីវាល ជាដើមហ្នឹង»

​រដ្ឋាភិបាលបានចេញបទបញ្ជាបិទខ្ទប់ភូមិសាស្ត្រនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ-១៩។ ស្របពេលការបិទខ្ទប់នេះ ផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ក៏បានបិទជាបន្តបន្ទាប់ផងដែរ ហើយប្រជាពលរដ្ឋតម្រូវឱ្យនៅតែក្នុងផ្ទះ ប៉ុន្តែអាចចេញក្រៅបានលុះត្រាតែមានករណីបន្ទាន់ឬចាំបាច់បំផុតប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ