ប្រជា​សហ​គមន៍​នៅ​ខេត្ត​មួយ​ចំនួន​ត្អូញត្អែរ​ពី​បញ្ហា​ជីវភាព​អំឡុង​វិបត្តិ​កូវីដ-១៩​

ផ្សារក្រោម ស្ថិតនៅក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ត្រូវបានផ្អាកការចេញចូលបណ្ដោះអាសន្ន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)

ប្រជាសហគមន៍ក្រីក្រនៅតាមបណ្តាខេត្តមួយចំនួនបានត្អូញត្អែរពីបញ្ហាប្រឈមជីវភាព ខណៈដែលរដ្ឋាភិបាលបិទចរាចរណ៍មិនឱ្យមានការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ ដើម្បីគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩។

លោក យៀង រ៉េន ដែលអះអាងថាជាតំណាងសហគមន៍ស្ពានឆេះ ស្ថិតក្នុងសង្កាត់១ ក្រុងព្រះសីហនុ ប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍នេះថា ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងសហគមន៍មួយនេះ ​កំពុងជួបបញ្ហាជាច្រើន ដូចជា កង្វះស្បៀងអាហារ អីវ៉ាន់ឡើងថ្លៃ ការបាត់បង់មុខរបរ និងគ្មានលទ្ធភាពសងបំណុលធនាគារនិងមីក្រូហិរញ្ញវត្ថុ ជាដើម ដោយសារវិបត្តិជំងឺកូវីដ-១៩។

តំណាងសហគមន៍រូបនេះបន្តថា ការផ្ទុះកូវីដ-១៩ លើកនេះ នៅខេត្តព្រះសីហនុក៏មានអ្នកឆ្លងជំងឺច្រើនដែរ ហើយតំបន់ខ្លះត្រូវបានបិទខ្ទប់ ស្របពេលអ្នកភូមិមិនហ៊ានចេញក្រៅផ្ទះឬទៅប្រកបមុខរបរអ្វីឡើយ។

លោកបន្ថែមថា៖ «ពេលការងារអត់មានធ្វើ ហើយយើងអត់ហ៊ានចេញទៅខាងក្រៅទៀត វាធ្វើឱ្យយើងជួបបញ្ហាខ្វះខាតក្នុងជីវភាពគ្រួសារ ដូចជា យើងអត់មានអង្ករ អត់មានបន្លែ ត្រីសាច់ ហូបគ្រាន់គ្រាន់ទេ។ ហើយម្យ៉ាងទៀត ពេលដែលរកប្រាក់ចំណូលអត់បានហើយ នៅកំពង់សោមអីវ៉ាន់ផ្សេងៗហ្នឹងឡើងថ្លៃទៀត។ អ៊ីចឹងហើយយើងនៅក្នុងសហគមន៍ជួបបញ្ហាប្រឈមខ្លាំងមែនទែន»

លោក យៀង រ៉េន បន្ថែមថា ពាក់ព័ន្ធបញ្ហានេះ លោកធ្លាប់និយាយប្រាប់ទៅអាជ្ញាធរភូមិឱ្យជួយដោះស្រាយដែរ ប៉ុន្តែពុំមានការឆ្លើយតបណាមួយពីអាជ្ញាធរឡើយ។

ប្រជាពលរដ្ឋមួយចំនួនរស់នៅសហគមន៍ចេកមាស ស្ថិតក្នុងឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ក៏កំពុងជួបបញ្ហាប្រឈមប្រហាក់ប្រហែលគ្នានេះដែរ។ អ្នកស្រី យស់ សោភ័ណ្ឌ ដែលអះអាងថាជាតំណាងសហគមន៍នេះ ប្រាប់​ថា ប្រជាពលរដ្ឋបានបាត់បង់ប្រាក់ចំណូល ដោយសារភូមិរបស់គាត់ត្រូវបានបិទ ហើយពលរដ្ឋមិនអាចចេញទៅប្រកបមុខរបរនៅខាងក្រៅបាន ម៉្យាងកសិផលរបស់ពួកគាត់ក៏ខ្វះទីផ្សារសម្រាប់លក់ដូរថែមទៀត។ អ្នកស្រីថា ប្រជាពលរដ្ឋមួយចំនួនប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិពីធនាគារ ដោយសារពួកគេពុំមានលទ្ធភាពសងបំណុល។

អ្នកស្រីបន្ថែមថា៖ «អ្នកមានបណ្ណក្រីក្រ គេទទួលបានការឧបត្ថម្ភតែអ្នកដែលជាសែស្រឡាយបក្ខពួកគេទេ។ យើងទោះបីជាអ្នកក្រយ៉ាងណា ក៏គ្មានអ្នកណាមើលឃើញចុះទៅចែកអំណោយឱ្យទេ គ្មានអាជ្ញាធរណាចុះមកសួរនាំពីបញ្ហាប្រឈមរបស់ពួកយើងទេ មានចុះមកប្រាប់មិនឱ្យដើរទៅនេះទៅនោះ និងហាមមិនឱ្យជួបជុំ និងព្រមានពីការដាក់ពិន័យ»

លោក ថា លីដា តំណាងសហគមន៍ស្រែប្រាំង ស្ថិតក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ពលរដ្ឋនៅក្នុងសហគមន៍មួយនេះបាត់បង់ដីធ្លីដោយសារក្រុមហ៊ុនរំលោភយក និងកំពុងប្រឈមដាច់ស្បៀងដោយសារពួកគាត់ពុំមានដីសម្រាប់ធ្វើកសិកម្ម ខណៈវិបត្តិកូវីដ-១៩ ពលរដ្ឋមិនអាចចេញទៅរកការងារធ្វើខាងក្រៅបាន។

តំណាងសហគមន៍រូបនេះ អះអាងថា កន្លងមក លោកឃើញអាជ្ញាធរចុះចែកអំណោយដល់ពលរដ្ឋដែរ ប៉ុន្តែអាជ្ញាធរទាំងនោះចែកឱ្យពលរដ្ឋមិនចេញមុខតវ៉ាដីធ្លីប៉ុណ្ណោះ ខណៈពួកគាត់ដែលសកម្មចេញតវ៉ាដីធ្លី មិនត្រូវបានអាជ្ញាធរហៅទៅយកអំណោយឡើយ។

លោកបន្ថែមថា៖ «អ្នកខ្លះទទួលបានអំណោយពីរដ្ឋាភិបាល ទាំងដែលជីវភាពរបស់គេធូរធារ មានហូបគ្រប់គ្រាន់ហើយ ប៉ុន្តែចំពោះអ្នកតវ៉ាដីធ្លីខ្លះ ពួកគាត់អត់មានទាំងដីសម្រាប់បង្កបង្កើនផលហើយ និងអត់មានទាំងមុខរបរការងារដោយសារជំងឺកូវីដ ក៏ពួកគាត់មិនទទួលបានអំណោយដែរ។ អ៊ីចឹងនេះបង្ហាញថា ជាការរើសអើងចំពោះពលរដ្ឋតវ៉ាដីធ្លីយ៉ាងច្បាស់»។

ចំណែកប្រជាសហគមន៍ខ្នងក្រពើលិច ស្ថិតក្នុងឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មួយចំនួនក៏កំពុងជួបបញ្ហា​​នេះដែរដោយពួកគេកំពុងបាត់បង់ចំណូល និងកំពុងប្រឈមខ្វះខាតស្បៀងទៀតផង។

វីអូឌី មិនអាចសុំការបញ្ជាក់ពីរដ្ឋបាលខេត្តស្វាយរៀង និងរដ្ឋបាលខេត្តត្បូងឃុំ បានទេ ពាក់ព័ន្ធករណីនេះ។

ចំណែកអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍ថា រដ្ឋបាលខេត្តកំពុងពិនិត្យលទ្ធភាពឱ្យមានការបើកផ្សារមួយចំនួនឡើងវិញ និងអនុញ្ញាតឱ្យអាជីវករអាចលក់ដូរម្ហូបអាហារ ត្រី សាច់ ជូនពលរដ្ឋបានប្រើប្រាស់ផងដែរ។ ចំពោះការចុះចែកអំណោយជួយដល់ប្រជាពលរដ្ឋនៅកន្លែងបិទខ្ទប់និងក្រៅកន្លែងបិទខ្ទប់វិញ លោកថា អាជ្ញាធរបានធ្វើជាបន្តបន្ទាប់រួចមកហើយ និងកំពុងធ្វើការងារនេះបន្តទៀត។

លោកបន្ថែមថា៖ «ចំពោះការចុះចែកស្បៀងអាហារដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនេះ គឺរដ្ឋបាលខេត្តយើងបានចុះចែកជាបន្តបន្ទាប់នៅលើទីតាំងដែលបិទខ្ទប់។ ដោយឡែក បងប្អូនប្រជាពលរដ្ឋដែលមិនស្ថិតក្នុងការបិទខ្ទប់ ប៉ុន្តែពួកគាត់ជួបបញ្ហាខ្វះស្បៀងអាហារ អាហ្នឹងរដ្ឋបាលខេត្តយើងក៏ចុះចែកជាបន្តបន្ទាប់ដែរ»

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿ​ន មានប្រសាសន៍​ថា ស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩នេះ វាជាបន្ទុកបន្ថែមមួយទៀតដែលប៉ះពាល់ដល់ជីវភាពប្រជាសហគមន៍ក្រីក្រ ជាពិសេសប្រជាសហគមន៍ដែលកំពុងមានជម្លោះដីធ្លី។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជារូបនេះ បានអំពាវនាវទៅអាជ្ញាធរជួយអន្តរាគមន៍ដោះស្រាយជូនពលរដ្ឋដែលកំពុងជួបការលំបាកឱ្យបានស្មើគ្នាៗ កុំឱ្យមានការរើសអើង ហើយរដ្ឋាភិបាលគួរអន្តរាគមន៍ចំពោះការឡើងថ្លៃទំនិញចាំបាច់ជាស្បៀងអាហារផងដែរ។

លោកបន្ថែមថា៖ «នៅពេលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការអន្តរាគមន៍របស់រដ្ឋាភិបាល នៅកន្លែងខ្លះមានការរើសអើងទៅលើអ្នកធ្វើការងារសង្គម ពិសេសសកម្មជនដីធ្លីនោះ វាជាបន្ទុកមួយដែលគួរឱ្យអាណិតអាសូរដល់ពួកគេ។ខណៈនេះ ខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលនិងស្ថាប័នដៃគូពាក់ព័ន្ធ មេត្តាធ្វើយ៉ាងណាកុំឱ្យមានការរើសអើង និងជួយដោះស្រាយតាមលទ្ធភាពនូវបញ្ហារបស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យពួកគាត់អាចរស់រានបាន ទទួលបាននូវការគាំទ្រ ទទួលបាននូវអំណោយ ឬក៏សម្ភារផ្សេងៗដែលអាចជួយសម្រាលនូវបន្ទុករបស់ពួកគាត់បាន»

កាលពីដើមខែមីនា ឆ្នាំ២០២១នេះ រដ្ឋាភិបាលបានប្រកាសអំពីគោលនយោបាយផ្តល់សាច់ប្រាក់ចំនួន៣០ម៉ឺនរៀលក្នុងមួយគ្រួសារដល់អ្នកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ ដើម្បីដោះស្រាយការលំបាក ប៉ុន្តែក្រោយមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចលុបចោលគម្រោងផ្គត់ផ្គង់ជាថវិកា​ ដោយបង្វែរទៅជាការជួយឧបត្ថម្ភស្បៀងអាហារជំនួសវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ