តុលាការ​ខេត្ត​កំពត​សម្រេច​ឃុំ​ខ្លួន​ជន​ជាតិ​ចិន​១៦​នាក់​ ករណី​ល្មើស​បម្រាម​ឆ្លង​ខេត្ត​

កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ឈូក​ បានធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុងមួយគ្រឿងដែលបានដឹកជនជាតិចិនចំនួន​១៤នាក់ (ប្រុស) ល្មើស​​បម្រាម​រាជរដ្ឋាភិបាល ដោយឆ្លង​កាត់​ពី​ខេត្ត​ព្រះសីហនុ​ មក​ខេត្ត​កំពត​ នៅភូមិសាស្ត្រឃុំតេជោអភិវឌ្ឍន៍​ ស្រុកឈូក ខេត្ត​កំពត ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១​។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តកំពត)

មន្ត្រីជាន់ខ្ពស់សាលាដំបូងខេត្តកំពត បានអះអាងថា តុលាការខេត្តនេះបានសម្រេច​ឃុំខ្លួនជនជាតិចិនចំនួន១៦នាក់នៅពន្ធនាគារជាបណ្តោះអាសន្ន ដោយចោទប្រកាន់​ពីបទមិនគោរពតាមវិធានការរដ្ឋបាល និងបានរារាំងដល់ការអនុវត្តវិធានការ​ផងដែរ។

កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋាភិបាលបានសម្រេច​ផ្អាកការធ្វើដំណើរចេញ-ចូលពីខេត្តមួយទៅខេត្តមួយ​ទៀតជាបណ្តោះអាសន្ន​ ​ក្រោមហេតុផល​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យសាលាដំបូងខេត្តកំពត លោក ម៉ាន់ បូរេត ប្រាប់ វីអូឌី នៅរសៀលថ្ងៃទី២២ ខែមេសា ថាគិតតឹ្រមថ្ងៃនេះ តុលាការបានសម្រេចឃុំខ្លួនជនជាតិចិនចំនួន១៦នាក់នៅពន្ធនាគារជាបណ្ដោះអាសន្ន។

លោកបន្ថែមថា ក្នុងនោះជនជាតិចិន២នាក់បានបន្លំខ្លួនធ្វើជាគ្រូពេទ្យ ហើយបើករថយន្តសង្គ្រោះបន្ទាន់ពីរាជធានីភ្នំពេញទៅខេត្តកំពត និងជនជាតិចិនចំនួន១៤នាក់ទៀតត្រូវតុលាការសម្រេចឃុំខ្លួននៅថ្ងៃព្រហស្បតិ៍នេះ។

លោកបញ្ជាក់ថា ជនជាតិចិនទាំង១៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែមេសា បន្ទាប់ពីពួកគេលួចធ្វើដំណើរចេញពីខេត្តព្រះសីហនុមកខេត្តកំពត តាមរថយន្តដឹកគ្រឿងសមុទ្រ ក្នុងគោលដៅមករាជធានីភ្នំពេញ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ជនជាតិចិនទាំង១៦នាក់នោះត្រូវបានតុលាការចោទប្រកាន់តាមមាត្រា១០និង១១ នៃច្បាប់ថ្មីស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោកថា៖ «មកដល់ថ្ងៃនេះ ចៅក្រមសាលាដំបូងសម្រេចឃុំជនជាតិចិន១៦នាក់ហើយ ដោយរឿងពីមុន ពាក់ព័ន្ធចិន២នាក់ និងរឿងទី២ ពាក់ព័ន្ធចិន១៤នាក់។ សម្រេចឃុំដោយចោទប្រកាន់តាមមាត្រា១០និងមាត្រា១១ ច្បាប់ថ្មីស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩»។

ករណីស្រដៀងគ្នានេះ សមត្ថកិច្ចខេត្តកែបនិងកំពត គ្រោងបញ្ជូនបុរសជនជាតិខ្មែរពីរនាក់ទៅតុលាការខេត្តកំពត នៅថ្ងៃទី២៣ ខែមេសា ក្រោយពីបុរសទាំងពីររូបនោះបានលួចដឹកជនជាតិវៀតណាមចំនួន៧នាក់ឆ្លងខេត្តកែបនិងកំពតបម្រុងចេញទៅវៀតណាម​ល្មើសបម្រាម។

ស្នងការរងទទួលផែន​អន្តោប្រវេសន៍នៃស្នងការដ្ឋាន​នគរបាលខេត្តកែប លោក សូ ហុនឌី ប្រាប់ វីអូឌី នៅថ្ងៃនេះថា ​សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ និងខ្មែរម្នាក់ កាលពីថ្ងៃទី២១ ខែមេសា បន្ទាប់ពីពួកគេលួចរត់គេចពីខេត្តព្រះសីហនុ ឆ្លងកាត់ខេត្តកំពត និងខេត្តកែប ដើម្បីចេញទៅប្រទេសវៀតណាម។

ជនជាតិវៀតណាម ៥នាក់ ក្នុងចំណោម៧នាក់ ដែលត្រូវបានកម្លាំងចម្រុះប្រចាំគោលដៅត្រួតពិនិត្យច្រកចេញ-ចូលក្នុងភូមិសាស្ត្រខេត្តកែប លើផ្លូវជាតិលេខ៣៣ ត្រង់ចំណុចព្រំប្រទល់កំពត-កែប ធ្វើការឃាត់ខ្លួន ក្រោយពួកគេធ្វើដំណើរមកពីខេត្តព្រះសីហនុ ឆ្ពោះទៅខេត្តកែប​ ដើម្បីគេចពីប៉ុស្តិ៍ត្រួតពិនិត្យ ក្នុងគោលដៅទៅកាន់ប្រទេសវៀតណាម។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកែប)

លោកបន្តថា ជនជាតិវៀតណាមទាំង៧នាក់​នោះ រួមមាន ស្រ្តី៥នាក់ និងបុរស២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅធ្វើចត្តាឡីស័ក មុននឹងធ្វើការផាកពិន័យ បន្ទាប់មកនឹងបញ្ជូនចេញទៅប្រទេសវៀតណាមវិញ។

 លោកថា៖ «​ព្រះរាជអាជ្ញា ស្នងការខេត្ត សម្រេចឱ្យធ្វើការផាកពិន័យអន្តរកាលចំពោះជនជាតិវៀតណាមទាំង៧នាក់ តាមមាត្រា​១០ ដែលមិនគោរពតាមវិធានរដ្ឋបាលនៃច្បាប់ស្ដីពីការទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩»។

ចំណែកបុរសជនជាតិខ្មែរម្នាក់ដែលដឹកជនជាតិវៀតណាមទាំង៧នាក់នោះ លោក សូ ហុនឌី អះអាងថា សមត្ថកិច្ចកំពុងរៀបចំឯកសារបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

លោកថា៖ «ពាក់ព័ន្ធជនជាតិខ្មែរ កម្លាំងជំនាញព្រហ្មទណ្ឌ គាត់​​កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយអនុវត្តតាមរបស់ព្រះរាជអាជ្ញាដែរ ដើម្បីយកទៅវិនិច្ឆ័យទោសតាមច្បាប់។ ពាក់ព័ន្ធនឹងជនជាតិខ្មែរហ្នឹង គាត់ជាអ្នក​ស៊ីឈ្នួលរត់ឌុបឆ្លងកាត់ពី​ខេត្តកែប និងកំពត»។

ពាក់ព័ន្ធនឹងការលួចដឹកជនជាតិវៀតណាមទាំង៧នាក់​នេះដែរ ស្នងការ​នគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ លើកឡើងថា សមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសជនជាតិខ្មែរម្នាក់ទៀត​ បន្ទាប់ពីបុរសរូបនោះដឹកជនជាតិវៀតណាមពីខេត្តព្រះសីហនុ ចូលមកខេត្តកំពត ល្មើសបម្រាមរដ្ឋាភិបាល។ លោកបន្តថា សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនបុរសនោះទៅតុលាការនៅថ្ងៃស្អែកនេះ។

​លោក ម៉ៅ ច័ន្ទមធុរិទ្ធ បន្តថា៖ «ទី១ ពាក់ព័ន្ធនឹងរត់ពន្ធមនុស្ស ទី២ ល្មើសបម្រាមគោចររបស់រាជរដ្ឋាភិបាល។ យើងនឹងបញ្ជូនទៅតុលាការ ប្រហែលស្អែក ព្រោះថ្ងៃនេះធ្វើឯកសារមិនទាន់ហើយ»។

ស្នងការ​នគរបាលខេត្តកំពតដដែល អះអាងថា ចាប់តាំងពីប្រមុខរដ្ឋាភិបាលដាក់ចេញបម្រាមគោចរមកដល់ថ្ងៃទី២២ ខែមេសានេះ សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចំនួន១៧នាក់។ ក្នុងនោះមានជនជាតិចិនពីរនាក់បន្លំបើករថយន្ត​សង្គ្រោះបន្ទាន់ពីភ្នំពេញទៅខេត្តកំពត។ ​ជនជាតិអាល្លឺម៉ង់ម្នាក់ល្មើសបម្រាមផឹកស៊ី​ ព្រមទាំងជនជាតិចិន១៤នាក់ដែលលួចរត់មកពីខេត្តព្រះសីហនុផងដែរ។

លោកថា ក្រៅពីជនបរទេសទាំងជាង១០នាក់នេះ កន្លងមក មានជនជាតិខ្មែរចំនួន២នាក់ហើយដែលត្រូវបានតុលាការសម្រេចឃុំខ្លួនពាក់ព័ន្ធករណីល្មើសបម្រាមនេះ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ជំរុញឱ្យរដ្ឋាភិបាលចាត់វិធានទៅលើមន្ត្រីនិងជនបរទេសដែលបានល្មើសច្បាប់ ដើម្បីកុំឱ្យករណីនេះកើតឡើងដដែលៗ។

លោកថា៖ «អ៊ីចឹងខ្ញុំយល់ថា គួរចាត់វិធានការឱ្យធ្ងន់ធ្ងរ ដោយសារខ្លួនដឹងពីវិធានការហ្នឹងហើយ តែល្មើសវិធានការ​រដ្ឋាភិបាល រួមទាំងជនជាតិចិន ព្រោះគេឆ្លងចុះឡើងក្នុងន័យចេតនារបស់ខ្លួនពាក់ព័ន្ធផលប្រយោជន៍និងជំនួញរបស់ខ្លួន ផ្ទុយពីការដោះស្រាយជីវភាព»។

​ច្បាប់ថ្មីស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត» មាត្រា១០ បានចែងពីបទមិនគោរពតាមវិធានការរដ្ឋបាល។ មាត្រានេះចែងថា អំពើដោយចេតនាមិនគោរពចំពោះវិធានការរដ្ឋបាលដែលដាក់ចេញស្របតាមច្បាប់ ត្រូវពិន័យអន្តរការណ៍ពី១លានរៀល ដល់៥លានរៀល និងដាក់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ។ ក្នុងករណីអំពើល្មើសនេះបណ្តាលឱ្យឆ្លងកូវីដ-១៩ទៅអ្នកដទៃ ត្រូវផ្តន្ទាទោសពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល។

ដោយឡែក មាត្រា១១ ដែលចែងអំពីការរារាំងដល់ការអនុវត្តវិធានការរដ្ឋបាលវិញ បញ្ជាក់ថា អំពើរារាំងឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការដែលដាក់ចេញដោយស្របច្បាប់ ត្រូវពិន័យពី២លានរៀល ដល់១០លានរៀល និងដាក់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ។ ក្នុងករណីអំពើល្មើសនេះបង្កការឆ្លងកូវីដ-១៩ទៅអ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ត្រូវជាប់គុកពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ