អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​​ផ្អាក​ការ​ចេញ​ចូល​បុរី​រស្មី​ដួង​ច័ន្ទ ក្រោយ​រក​ឃើញ​មនុស្ស​៣​នាក់​ឆ្លង​ជំងឺ​កូវីដ-១៩

ឡានពេទ្យមកដឹកអ្នកឆ្លងកូវីដ-១៩ ពីទីតាំងផ្ទះមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

អាជ្ញាធរក្រុងប៉ោយប៉ែត ផ្អាកមិនឱ្យពលរដ្ឋធ្វើដំណើរចេញ-ចូលជាបណ្តោះអាសន្ននៅក្នុងបុរី «រស្មីដួងច័ន្ទ» ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ ក្រោយពីរកឃើញមនុស្ស៣នាក់មានវិជ្ជមានកូវីដ-១៩ ក្នុងនោះមាន​​ជនជាតិ​ឥណ្ឌូនេស៊ីម្នាក់ផងដែរ។

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅថ្ងៃនេះថា កាលពីថ្ងៃទី២១ ខែមេសា បុរសជនជាតិឥណ្ឌូនេស៊ីឈ្មោះ ជូហាន សូសាន់តូ ដែលស្នាក់នៅផ្ទះមួយ​ក្នុងបុរីដួងច័ន្ទ មានអាការមិនស្រួលខ្លួន ក៏ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ហើយ​គ្រូពេទ្យ​ក៏បានយកសំណាកទៅពិនិត្យ ក្នុងនោះលទ្ធផលបានបញ្ជាក់នៅថ្ងៃនេះថា «វិជ្ជមានកូវីដ-១៩»។

សេចក្តីជូនដំណឹងបន្ត​​ថា ចំណែកអ្នកដែលប៉ះពាល់ដោយផ្ទាល់ជាមួយជនជាតិឥណ្ឌូនេស៊ីនោះ ចំនួន២នាក់ផ្សេងទៀត ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃនេះផងដែរ ហើយពួកគេត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពប៉ោយប៉ែត១ ខណៈអ្នកពាក់ព័ន្ធ៧នាក់ទៀតកំពុងយកសំណាកទៅពិនិត្យ តែមិនទាន់ទទួលបានលទ្ធផលនៅឡើយ។

ករណីនេះ រដ្ឋបាលក្រុងប៉ោយប៉ែត សម្រេចផ្អាកការធ្វើដំណើរចេញ-ចូលក្នុងបុរីរស្មីដួងច័ន្ទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងសារជាថ្មី។

គិតមកដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសសរុប៨ ៨៤៨នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន៣ ១៤៨នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន៥ ៦៣៣នាក់៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ