អាជីវករ​ផ្សារ​ជ្រោយ​ចង្វារ​​ស្នើ​បញ្ចុះ​ថ្លៃ​ឈ្នួល​តូប​ ខណៈ​ចំណូល​ពួកគេ​ត្រូវ​បាត់​បង់​

សកម្មភាព​កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ​ជ្រោយចង្វារ​ ចុះធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារ​កសិផលជ្រោយចង្វារ ដើម្បីបង្ការការពារ​ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩​ និងកម្ចាត់មេរោគដទៃទៀត​ នៅក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ)

អាជីវករផ្សារកសិផលជ្រោយចង្វារ ស្នើសុំអន្តរាគមន៍ពីរដ្ឋបាលខណ្ឌ​ជួយសម្របសម្រួលជាមួយម្ចាស់ផ្សារឱ្យ​បញ្ចុះ​ថ្លៃ​ឈ្នួល​តូប​ដល់​ពួកគេ ៥០ភាគរយ ខណៈចំណូលរបស់ពួកគេត្រូវបាត់បង់ ដោ​យសារបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការបិទខ្ទប់ទីក្រុងរបស់អាជ្ញាធរ។

អាជីវករលក់គ្រឿង​ទេសនៅផ្សារ​កសិផល​ជ្រោយ​ចង្វារ អ្នកស្រី ទុយ ណារី លើកឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ​​ថា អ្នកស្រីនិងអាជីវករដទៃទៀត ជា​ពិ​សេ​សអ្នកលក់អីវ៉ាន់​មិនចាំបាច់ដូចជា ខោអាវ អ៊ុត​សក់ និងគ្រឿង​​សម្អាងជាដើម បានស្នើទៅម្ចាស់ផ្សារឱ្យជួយ​បញ្ចុះថ្លៃឈ្នួលតូប ៥០ភា​គរយ ប៉ុន្តែម្ចាស់ផ្សារបានបញ្ចុះតម្លៃតូប​ត្រឹម៥ដុល្លារ​ប៉ុណ្ណោះ ក្រោម​ការ​សម្រប​សម្រួលពីរដ្ឋបាលសង្កាត់។

ស្រ្តីជាម្តាយរបស់កូនតូច២នាក់ វ័យ៤០ឆ្នាំ​​រូបនេះ បន្ថែមថា អ្នកស្រីគ្មានលទ្ធភាពបង់ថ្លៃឈ្នួលតូបពេញបាន ដោយ​សារខ្លួនបានផ្អាកលក់១សប្តាហ៍មកហើយ ដោយសារបារម្ភខ្លាចឆ្លងជំងឺកូវីដ-១៩ និងបញ្ហា​ខ្សត់អតិថិជនមកផ្សារ ចាប់​​តាំងពី​ពេ​លផ្ទុះព្រឹត្តិការណ៍២០កុម្ភៈ។

អ្នកស្រី ទុយ ណារី និយាយថា៖ «សុំឱ្យខាងអាជ្ញាធរខណ្ឌឱ្យគាត់ជួយអាជីវករ​ពួកខ្ញុំផង ដោយសារពួកខ្ញុំគ្មានសមត្ថ​ភាពនឹងបង់ទេ តម្លៃពេញណា! ខ្ញុំសូមបញ្ជាក់ តម្លៃពេញគឺខ្ញុំអត់មានលទ្ធភាពបង់ទេ។ អ្នកខ្លះក៏គាត់ដេកផ្ទះ អ្នកខ្លះក៏គាត់លក់អត់បានដែរ ដល់អញ្ចឹងពួកអាជីវករខ្ញុំ រួមមតិជាមួយហ្នឹង សុំឱ្យបញ្ចុះតម្លៃ៥០ភាគរយទៅដល់អ្នកគ្រប់គ្រងផ្សារហ្នឹង»

អាជីវករអ៊ុតសក់ក្នុងផ្សារមួយរូបវ័យ៤០ឆ្នាំ បានប្រាប់ វីអូឌី ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ចាប់​តាំងពីផ្ទុះជំងឺកូវីដ-១​៩​ជាថ្មីមក ភ្ញៀវរបស់​អ្នកស្រីបានធ្លាក់ចុះដល់៩០ភាគរយ ហើយអ្នកស្រីសម្រេចបិទតូបចាប់ពីថ្ងៃ​ចូលឆ្នាំខ្មែរមក​ ដើម្បីចូលរួមប្រឆាំងជំងឺកូវីដ-១៩ តាមការណែនាំរបស់រដ្ឋាភិបាល។

អ្នកស្រីថា ផ្សារកសិផលជ្រោយចង្វារ មានអាជីវករ​ជាង១០០នាក់ និងតូប​ជាង៣០០ ហើយ​ថា ការដែលម្ចាស់ផ្សារចុះថ្លៃតូបត្រឹម៥ដុល្លារនោះ គឺមិនអាចទទួលយកបានទេ ខណៈអ្នកស្រីត្រូវរ៉ាប់រងការបង់ថ្លៃឈ្នួលផ្ទះជួល ដែលអ្នកស្រីថា ខាងម្ចាស់ផ្ទះក៏មិនព្រមបញ្ចុះថ្លៃ និងមិនអាចធ្វើដំណើរទៅណាឆ្ងាយដើម្បីរកប្រាក់ចំណូល ដោ​យសារវិធានការបិទខ្ទប់ដែលកំពុងបង្កើនការរឹតបន្តឹង។

អាជីវកររូបនេះនិយាយថា៖ «៥ដុល្លារហ្នឹង គឺពួកខ្ញុំទទួលយកវាមិនបាន គឺដូចជាវាតិចពេក។ ពួកខ្ញុំវាអត់មានលទ្ធភាពបង់ បងដឹងហើយក្នុងខែហ្នឹងពួកខ្ញុំទៅ [លក់ដូរ] គឺអត់មានអតិថិជនចូលក្នុងផ្សារ​ហ្នឹងទេ គឺស្ងាត់! លក់ម្ហូប បន្លែ ត្រីសាច់អីគឺនៅសល់តែទាំងអស់។ ទើបតែពីមួយរយៈប៉ុន្មានថ្ងៃនេះ បន្លែ ត្រី សាច់ គ្នាលក់បាន ហើយដូចជាមុខរបរផ្សេងៗគឺបិទទាំងអស់»

អាជីវករលក់គ្រឿងសមុទ្រ​មួយរូបវ័យ២៨ឆ្នាំ អ្នកស្រី ឡុង ស្រីនីច ឱ្យដឹងថា គាត់បានបិទតូបនិងជញ្ជូនអីវ៉ាន់ចាំ​បាច់ផ្សេងៗម​ក​ស្តុកទុកនៅផ្ទះ បន្ទាប់ពីលេចឮព័ត៌មានអ្នកជំងឺកូវីដ-១៩ បានចូលមកផ្សារ។ អ្នកស្រីថា ខាងផ្សារបានមកទារលុយថ្លៃឈ្នួលជាញឹកញាប់ ប៉ុន្តែអ្នកស្រីបដិសេធ ដោយសារមុខរបរអ្នកស្រីធ្លាក់ចុះខ្លាំងខុសពីអាជីវករ​​ដែល​លក់​បន្លែ ត្រីសាច់ ដែលគេអាចទិញយកទៅស្តុកទុកបាន។

អ្នកស្រី ឡុង ស្រីនីច និយាយថា៖ «បើខ្ញុំ ខ្ញុំគិតថា បើគាត់ចុះតម្លៃ អាហ្នឹងបានខ្ញុំព្រមបង់។ គ្រាន់ខ្ញុំសុំត្រឹម៥០ភាគរយហ្នឹង។ ខ្ញុំនិយាយអញ្ចឹង ព្រោះអីពួកខ្ញុំតស៊ូទៅសង្កាត់២[ទៅ]៣ដងហើយ ហើយទៅខណ្ឌក៏២[ទៅ]៣ដងដែរ ដល់ពេលអញ្ចឹង ខ្ញុំអត់ទាន់បង់ទេ ទា​ល់តែមានដំណោះស្រាយឱ្យខ្ញុំ បានខ្ញុំបង់»។ 

ចៅសង្កាត់ជ្រោយចង្វារ លោក ម៉ៅ ប៊ុនថា ទទួលស្គាល់ពីផលប៉ះពាល់ចំពោះមុខរបររបស់អាជីវករ ហើយ​អាជ្ញាធរក៏​បាន​ព្យាយាម​សម្រប​សម្រួលជាមួយម្ចាស់​ផ្សារចំនួនពីរលើកមកហើយ ប៉ុន្តែខាងផ្សារមិនយល់ព្រមក្រោមហេតុផលថា ថ្លៃឈ្នួលតូបដែលពួកគេបានដាក់ឱ្យនោះ គឺមានទាបស្រាប់ទៅហើយ។

លោកថា៖ «យើងស្នើបញ្ចេញមតិទៅថ្នាក់លើបន្តបន្ទាប់ទៀតទៅ។ ប៉ុន្តែអាជ្ញាធរធ្វើ​បានតែប៉ុណ្ណឹង អាជ្ញាធរពុំមានសិទ្ធិទៅចាប់គាត់ចងទេ​»

អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត លើកឡើងថា លោកនឹងជួយសម្របសម្រួលបញ្ហាជាមួយភាគីម្ចាស់ផ្សារ។

លោកមានប្រសាសន៍យ៉ាងខ្លីថា៖ «ចាំមើលខ្ញុំហៅខាងផ្សារ ព្រោះផ្សារ [ជា] ផ្សារឯកជន។ ចាំមើលខ្ញុំហៅខាងផ្សារមកសួរនាំ»

វីអូឌី មិនអាចទាក់ទងសុំការអធិប្បាយពីម្ចាស់ផ្សារកសិផលជ្រោយចង្វារ លោក តាំង ប៊ុនតិច បានទេ។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ជឿថា អាជ្ញាធរពិតជាអាចសម្របសម្រួលឱ្យម្ចាស់ផ្សារបញ្ចុះថ្លៃឈ្នួលតូបបានក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ-១៩ ដែលអាជ្ញាធរចេញបម្រាមមិនឱ្យពលរដ្ឋដើ​រហើរដោយសេរី បើទោះផ្សារនោះជាផ្សារឯកជន។

លោកបន្ត​​ថា៖ «ចំពោះតម្លៃពេញនៃតូបម្ចាស់ផ្សារ គួរតែពិចារណាដែរ ពីព្រោះគួរតែចែកគ្នារស់ដែរ។ អាហ្នឹងរឿងម្ចាស់ផ្សារទៅលើចិត្តសប្បុរស រឿងអី! ចុះបើសិនជាអាជីវករមិនបានលក់ មិនបានអី ហើយនៅតែទាមទារលុយពេ​ញ​ ដោយគាត់មិនអាចនឹងលក់ដូរបាន អាហ្នឹងវាដូចជាមិនមានសមភាពនឹងគ្នាដែរ»

ចាប់តាំងពីយប់ថ្ងៃទី១៥ ខែមេសាមក រដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់ (Lockdown) ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេលពីរសប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ វិធានការបិទខ្ទប់នេះ ការធ្វើ​ដំណើរចេញ​ពី​ផ្ទះឬ​ទីសំណាក់​បច្ចុប្បន្ន​របស់​ពលរដ្ឋ​ ត្រូវ​​បាន​ហាមឃាត់​ទាំង​ស្រុង​ លើកលែង​តែមាន​ការ​ចាំបាច់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ