រដ្ឋា​ភិបាល​ផ្តល់​ដី​ជាង​២​ហិកតា​ឱ្យ​​រដ្ឋបាល​ខេត្ត​តាកែវ​ធ្វើ​កន្លែង​បូជា​សព​អ្នក​ស្លាប់​ដោយ​កូវីដ-១៩​

អាជ្ញាធរស្រុកបាទី ចុះពិនិត្យ និងបិទទីតាំងមួយចំនួន ស្ថិតនៅឃុំចំបក់ ដែលមានជាប់ពាក់ព័ន្ធមង្គលការ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខែត្តតាកែវ ដែលបានប្រារព្ធឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ជាបណ្ដោះអាសន្ន នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាល ស្រុកបាទី ខេត្តតាកែវ)

រដ្ឋាភិបាលឯកភាពផ្តល់ដីទំហំជាង​២ហិកតាសម្រាប់​រដ្ឋបាលខេត្តតាកែវ សាងសង់ឈាបនដ្ឋាន​បូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩។

ក្នុងលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តតាកែវ បានលើកឡើងថា រដ្ឋាភិបាលយល់ព្រមផ្តល់ដីមួយកន្លែងទំហំ ២ហិកតា ៣ ០៣៣ម៉ែត្រ​ការ៉េ ស្ថិតនៅស្ថានីយផ្សព្វផ្សាយនិងស្តារព្រៃឈើត្រពាំងធំ ក្នុងភូមិ​តាស្រែន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដើម្បីសាងសង់ឈាបនដ្ឋានបូជាសពអ្នកកើតជំងឺកូវីដ-១៩ តាមការស្នើសុំ។

អភិបាលរងខេត្តតាកែវ លោក លី សាវ៉េត មានប្រសាសន៍នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ​ថា ក្រោយពីរដ្ឋាភិបាល បានអនុញ្ញាត អាជ្ញាធរខេត្តបាននិង​កំពុង​រៀបចំទីតាំងនោះសម្រាប់ទុកបូជាសពអ្នកស្លាប់ដោយសារ​ជំងឺកូវីដ-១៩ បើទោះជាមកដល់បច្ចុប្បន្ន​​នេះ ខេត្តតាកែវនៅមិនទាន់មានអ្នកស្លាប់ដោយសារជំងឺនេះ​ក៏ដោយ។

ទោះជាយ៉ាងណា លោកថា ខេត្តនេះនៅមិនទាន់មានឡជាប៉ាឆាបច្ចេកទេសស្តង់ដារសម្រាប់បូជាសពដែលបានស្លាប់ដោយជំងឺកូវីដ-១៩ នៅឡើយ។

លោកបន្តថា៖ «ពេលយើងបានដីហ្នឹងពីរដ្ឋាភិបាលសម្រេចមក យើងនឹងរៀបចំជាប៉ាឆា​សម្រាប់​បូជាសព​អ្នកកើតកូវីដនេះ។​ យើងគ្រាន់តែត្រៀមទេ ព្រោះអ្វីៗក៏យើងមើលមិនឃើញដែរ ហើយម៉្យាងខេត្តយើងនេះវាកើនច្រើនដែរ មួយរយៈនេះដូចមានច្រើនគ្នា»។

បើតាមអភិបាលរងខេត្តរូបនេះ គិតមកដល់ថ្ងៃទី២២ ខែមេសា ម្សិលមិញ អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងខេត្តនេះមានចំនួន​៦៨នាក់។

គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមេសានេះ អ្នកជំងឺកូវីដ-១៩ សរុបមានចំនួន៨ ៨៤៨នាក់ ក្នុងនោះអ្នកជំងឺពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន៨ ៣០១នាក់ និងបណ្តាលឱ្យមានអ្នកស្លាប់ចំនួន៦១នាក់។ ដោយឡែក អ្នកជំងឺដែលព្យាបាលជាសះស្បើយមានចំនួន៣ ១៤៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥ ៦៣៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ