អាជ្ញាធរ​មិន​ផ្តល់​បណ្ណ​សម្រាប់​ទៅ​ផ្សារ​ឱ្យ​អ្នក​ដែល​រស់​នៅ​តំបន់​​ក្រហម​​ទេ​

មន្ត្រីនិងអាជ្ញាធរមូលដ្ឋានចុះអនុវត្តតាមការណែនាំពីរដ្ឋាភិបាល បិទខ្ទប់ការធ្វើដំណើរចេញចូលនៅតំបន់មួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បញ្ជាក់ថា អ្នករស់នៅតំបន់ក្រហមដែលត្រូវបិទខ្ទប់ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នោះ មិនត្រូវបានអនុញ្ញាតឱ្យចេញទៅផ្សារឡើយ ហើយក៏មិនមានការចែកបណ្ណសម្រាប់ពួកគាត់ដែរ។

លោក គឹម សន្តិភាព បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា ពលរដ្ឋក្នុង«តំបន់ក្រហម»មិនអនុញ្ញាតឱ្យទៅផ្សារទេ ហេតុនេះក៏មិនមានការចែកបណ្ណសម្រាប់ទៅផ្សារដែរ។ លោកថា មានតែមូលហេតុសុខភាពបន្ទាន់ យកសំណាក និងចាក់វ៉ាក់សាំងប៉ុណ្ណោះ ដែលអាចអនុញ្ញាតឱ្យចេញពីផ្ទះបានសម្រាប់តំបន់ក្រហម។ លោកបន្តថា ការដោះស្រាយស្បៀងដល់មុខផ្ទះ គឺជាតួនាទីរបស់ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរ​មូ​ល​ដ្ឋាននីមួយៗ។

លោក គឹម សន្តិភាព បានគូសបញ្ជាក់បន្ថែមនៅថ្ងៃសុក្រ​ដូច្នេះថា៖ «ខ្ញុំសូមជម្រាបជូនថា បណ្ណដែលសាលាក្រុងសម្រាប់ចែ​ក​ជូនប្រជាពលរដ្ឋ គឺសម្រាប់នៅតំបន់មិនក្រហម មានន័យថា តំបន់ត្រូវបិទខ្ទប់! តែដោយឡែក តំបន់ក្រហមមិនមែនជាតំបន់ដែ​លត្រូ​វចែកបណ្ណហ្នឹងទេ ពីព្រោះអីបណ្ណចែកឱ្យសម្រាប់ទៅផ្សារ។ តំបន់ក្រហម គេមិនឱ្យចេញពីផ្ទះដើម្បីមូលហេតុទៅផ្សារឯណា»។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បញ្ជាក់ដែរថា ផ្សារនៅក្នុងតំបន់ក្រហមត្រូវបានបិទទាំងស្រុង ដូច្នេះពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ ក៏មិនអនុញ្ញាតឱ្យចេញពីផ្ទះដែរ ហើយបណ្ណនេះសម្រាប់តែពលរដ្ឋរស់នៅតំបន់បិទខ្ទប់តែប៉ុណ្ណោះ។

លោកថា៖ «តំបន់ក្រហម យើងអត់ចែកទេ! យើងសុខចិត្តរៀបចំឡានទៅលក់ស្បៀងឱ្យគាត់។ ឥលូវយើងមានឡានលក់បន្លែហ្នឹងដល់ទៅ ៣៤! លក់បន្លែនិងសាច់ ក្រសួងពាណិជ្ជកម្មក៏មាន ហើយយើងបោះទីតាំងលក់នៅជិតគាត់ហ្នឹង ប៉ុន្តែបើគាត់ទៅរកសេវាសុខភាព យើងអនុញ្ញាត»។

អ្នកស្រី ហួ ស្រីមុំ រស់នៅតំបន់ក្រហម ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បាននិយាយថា គាត់បារម្ភពីការផ្តល់សេវាលក់ដូរម្ហូបអាហារនេះមិនទាន់តម្រូវការ ដោយថា ជាង២សប្តាហ៍បន្ទាប់ពីចាត់វិធានការបិទខ្ទប់និងដាក់តំបន់គាត់រស់នៅ ក្នុងតំបន់ក្រហមមក មិ​នទាន់ឃើញរថយន្តដឹកទំនិញចូលលក់ដល់មុខផ្ទះនៅឡើយទេ។

អ្នកស្រីថា៖ «ខ្ញុំបន់ឱ្យតែមានអ៊ីចឹងដែរហ្នឹង ព្រោះពួកខ្ញុំអត់អាចចេញទៅណាបាន ព្រោះម្នាក់ៗចេះតែខ្លាច ព្រោះអត់ដែលឃើញឡា​នអីបើកមកលក់ផង»។

កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចថ្មីមួយទៀតឱ្យបន្តអនុវត្តវិធានការ​បិទ​ខ្ទប់ក្នុ​ង​ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃបន្ថែមទៀត ដែលនឹងដល់ដំណាច់ខែនេះ ដោយបញ្ជាក់ថា «យោងតាមតម្រូវការចាំបាច់ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩»

សម្រាប់រាជធានីភ្នំពេញ តំបន់ត្រូវប្រកាសជាតំបន់ក្រហមនោះ រួមមាន សង្កាត់ស្ទឹងមានជ័យ១ ស្ទឹងមានជ័យ២ ស្ទឹងមានជ័យ៣ តំបន់មួយចំនួននៃខណ្ឌមានជ័យ រួមទាំងតំបន់មួយចំនួនទៀតក្នុងខណ្ឌពោធិ៍សែនជ័យនិងខណ្ឌសែនសុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ