សហរដ្ឋ​អាមេរិក​ដាក់​កម្ពុជា​ជា​​ប្រទេស​ដែល​ពលរដ្ឋ​ខ្លួន​ត្រូវ​ពិចារណា​មុន​ធ្វើ​ដំណើរ​មក ​​​

យន្តហោះកំពុងតែធ្វើការចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

សហរដ្ឋអាមេរិកបានចេញសេចក្តីណែនាំមួយដោយដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាជាប្រទេសមួយ​ក្នុងចំណោមប្រទេសផ្សេងទៀត ដែលពលរដ្ឋរបស់ខ្លួនត្រូវពិចារណាឡើងវិញមុនសម្រេចចិត្តធ្វើដំណើរមក ដោយសារ​ការរីករាលដាលជំងឺកូវីដ-១៩ កាន់តែ​ខ្លាំង។ ​

កាលពីថ្ងៃទី២០ និងទី២១ ខែមេសា ឆ្នាំ២០២១ ក្រសួងការបរទេសអាមេរិកបានដាក់ប្រទេសជិត១០០ក្នុងចំណាត់ថ្នាក់លេខ៤ ឬកម្រិត៤ ដែលជាប្រទេសពលរដ្ឋមិនត្រូវធ្វើដំណើរទៅបានឡើយ។

ដោយឡែក សម្រាប់កម្ពុជា ដែលត្រូវបានក្រសួងការបរទេសអាមេរិកដាក់ក្នុងកម្រិត​៣ ដែលពលរដ្ឋរបស់ខ្លួនត្រូវពិចារណាឡើងវិញមុននឹងសម្រេចចិត្តធ្វើដំណើរមកកាន់ប្រទេសមួយនេះ ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរ។

ជាមួយគ្នានេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា ក្រើនរំឭកដល់ប្រជាពលរដ្ឋអាមេរិក អំពីការបិទខ្ទប់ និងបម្រាមគោរចរ និងតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបន្តថា ប្រសិនបើប្រជាពលរដ្ឋអាមេរិកចង់ធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា គប្បីចូលអានព័ត៌មានស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីការវិវត្តនៃជំងឺកូវីដ-១៩ និងចូលមើលគេហទំព័ររបស់ ស៊ីឌីស៊ី ស្តីពីការធ្វើដំណើរ និងជំងឺ​កូវីដ-១៩។ បន្ថែមពីនេះ ត្រូវចុះឈ្មោះចូលក្នុងកម្មវិធីអ្នកធ្វើដំណើរឆ្លាត (STEP) ដើម្បីទទួលបានការដាស់តឿន និងធ្វើឱ្យមានភាពងាយស្រួលក្នុងការកំណត់ទីតាំងរបស់ប្រជាពលរដ្ឋអាមេរិកនៅពេលមានអាសន្ន និងត្រូវប្រាកដថាបានដាក់កាលបរិច្ឆេទនៅពេលបញ្ចប់ដំណើរកម្សាន្តអំឡុងពេលចុះឈ្មោះ។

ជាងនេះទៀត ត្រូវតាមដានព័ត៌មានក្រសួងការបរទេសអាមេរិកតាមហ្វេសប៊ុកនិងធ្វីតធឺ។​ ពលរដ្ឋអាមេរិកដែលធ្វើដំណើរទៅបរទេស គួរតែមានផែនការអ្វីមួយសម្រាប់ស្ថានភាពអាសន្ន និងពិនិត្យបញ្ជីផ្ទៀងផ្ទាត់របស់អ្នកដំណើរ ជាដើម។

អ្នក​នាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល លោក ជា អូន បានចាត់ទុកការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកនេះ មិនមានឥទ្ធិពលអ្វីដល់កម្ពុជាឡើយ ខណៈការធ្វើដំណើរតាមផ្លូវអាកាសនៅកម្ពុជាក៏មិនសូវមានការមមាញឹកឡើយ ចាប់តាំងពីកម្ពុជាតម្រូវឱ្យភ្ញៀវអន្តរជាតិដែលចូលមកត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនោះ។

លោកមានប្រសាសន៍ថា៖ «ធម្មតាទាំងយើងទាំងគេ កន្លែងហានិភ័យ គេហាមឃាត់និងរឹតបន្តឹងហើយ ដោយយើងឃើញវាផ្ទុះខ្លាំង ប្រយ័ត្នប្រយែងអញ្ចឹង វាដូចតែគ្នាទេហ្នុង»។

បើតាមអ្នកនាំពាក្យរូបនេះបានឱ្យដឹងទៀតថា មកដល់ពេលបច្ចុប្បន្ននៅមិនទាន់មានប្រទេសណាមួយផ្អាក ការហោះហើរមកកម្ពុជាឡើយ ដោយគ្រាន់តែចំនួនជើងហោះហើរធ្លាក់ចុះត្រឹម៤ទៅ៥ជើង​ និងនាំភ្ញៀវទេសចរ​ចូលមក ប្រហែល១០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។

លោកថា ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ ៤៤ ​ ​មានតែក្រុមហ៊ុន ៣ ប៉ុណ្ណោះនៅបន្តសកម្មភាព រួមមាន ក្រុមហ៊ុន Lanmei airline និង JC Airlines និងក្រុមហ៊ុន Cambodia Angkor Air ប៉ុន្តែក្រុមហ៊ុនទាំងនោះភាគច្រើនប្ដូរទៅដឹកទំនិញជំនួសវិញ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត សេង សារី បានឱ្យដឹងថា កត្តាជំរុញឱ្យអាមេរិករឹតបន្តឹងការធ្វើដំណើរមកកម្ពុជា ប្រហែលជាស្ថានទូតអាមេរិកប្រចាំកម្ពុជា បញ្ជូនព័ត៌មានអំពីស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ទៅរដ្ឋាភិបាលអាមេរិក។

លោកមានប្រសាសន៍ថា៖ «ប្រហែលជាស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាហ្នឹង មានព័ត៌មានដែលការរីករាលដាលនៃកូវីដ នៅកម្ពុជា គឺជាស្ថានភាពដែលមិនអាចគ្រប់គ្រងបាន លើសពីអីដែលរដ្ឋាភិបាលមិនអាចគ្រប់គ្រងបាន។ ដូច្នេះហើយ មានន័យថា មិនអាចកំណត់អត្តសញ្ញាណដែលឆ្លងបានហ្នឹងណា ដូច្នេះហើយបានជាអាចទិន្នន័យដែលចេញពីកម្ពុជាទៅសហរដ្ឋអាមេរិក បានសហរដ្ឋអាមេរិកសម្រេចដាក់យើងទៅក្នុងប្រទេសមួយដែលត្រូវហាមឃាត់តឹងរ៉ឹងមួយក្នុងកម្រិត ៣»។

​លោក សេង សារី មិនយល់ស្របឱ្យមានការបិទជើងហោះហើរនៅកម្ពុជាឡើយ ព្រោះការបិទនេះអាចបណ្ដាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូល ខណៈ​កម្ពុជាអាចគ្រប់គ្រងការឆ្លងជំងឺកូវីដ-១៩ តាមជើងហោះហើរបាន ប្រសិនបើអ្នកដំណើរចូលមកកម្ពុជាត្រូវបានធ្វើចត្តាឡីស័កត្រឹមត្រូវ។

ក្រសួងសុខាភិបាលនៅថ្ងៃសុក្រនេះ បានអះអាងពីការរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ​ចំនួន៦៥៥នាក់បន្ថែមទៀត ហើយអ្នកស្លាប់កើនដល់៦១នាក់។ ចំនួនឆ្លងថ្មីជាង៦០០នាក់នេះ​ធ្វើឱ្យចំនួន​​អ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសសរុបកើនដល់៨ ៨៤៨នាក់ ​ក្នុងនោះព្យាបាលជាសះស្បើយចំនួន៣ ១៤៨នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន៥ ៦៣៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ