អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​នឹង​ពិចារ​ណា​ពន្យារ​ពេល​បិទ​ក្រុង​ បើ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​មិន​ថយ​ចុះ​

មន្ត្រីនិងអាជ្ញាធរមូលដ្ឋានចុះអនុវត្តតាមការណែនាំពីរដ្ឋាភិបាល បិទខ្ទប់ការធ្វើដំណើរចេញចូលនៅតំបន់មួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អាជ្ញាធរនឹងពិចារណាពន្យារពេលក្នុងការបិទខ្ទប់ភូមិសាស្រ្តក្រុងភ្នំពេញបន្ថែមទៀត ប្រសិនបើចំនួនអ្នកឆ្លងកូវីដ-១៩ នាពេលបច្ចុប្បន្ននៅតែមិនថយចុះនោះ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ប្រាប់ វីអូឌី នៅថ្ងៃទី២៤ ខែមេសានេះថា ប្រសិនបើ​ស្ថានភាព​ជំងឺកូវីដ-១៩ នៅតែឆ្លងរីករាលដាលធ្ងន់ធ្ងរនោះ លោកថា អាជ្ញាធរនឹងពន្យារការបិទរាជធានីភំ្នពេញបន្តទៀត រហូតដល់ស្ថានភាពវិលមកធូរស្រាលឡើងវិញ។

លោក ឃួង ស្រេង បន្តថា អាជ្ញាធរអាចទប់ស្កាត់ឬក៏អាចកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩បាន លុះត្រាតែប្រជាពលរដ្ឋចូលរួមសហការជាមួយគ្នា ដោយត្រូវអនុវត្តទៅតាមវិធានការរបស់រដ្ឋាភិបាលដែលបានដាក់ចេញកន្លងមកឱ្យបានខ្ជាប់ខ្ជួន។

លោកថា៖ «យើងកំពុងពិចារណាមើល ​វាមិនអាស្រ័យនឹងខ្ញុំចង់បិទទេ វាអាស្រ័យមេរោគហ្នឹង តើវាឆ្លងរាលដាលទៀតអត់!​ បើយើងគ្រប់គ្រងបាន យើងនឹងបើកឱ្យបានលឿន។ ប៉ុន្តែបើបងប្អូនមិនសហការជាមួយអាជ្ញាធរទេ ការរាលដាលនេះវានៅតែមាន​ អ៊ីចឹងការពន្យារពេលបិទភ្នំពេញ​វានៅតែមាន​»។

កាលពីថ្ងៃទី១៤ ខែមេសា រាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ ដោយអនុវត្តពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

បើតាមសារសំឡេងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមុនពេលចេញសេចក្តីសម្រេចជាផ្លូវការនោះ ឱ្យដឹងថាការបិទខ្ទប់ក្រុងភ្នំពេញ និងក្រុងតាខ្មៅ ដោយសារស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩កាន់តែធ្ងន់ធ្ងរ ហើយវិធានការនេះគឺដើម្បីកាត់ផ្តាច់ខ្សែចម្លងនិងបង្ការការឆ្លងរាលដាលជំងឺនេះឱ្យមានប្រសិទ្ធភាពផងដែរ។

ទន្ទឹមវិធានការបិទខ្ទប់នេះ រដ្ឋាភិបាលក៏បានដាក់ចេញនូវយន្តការមួយចំនួន​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃរបស់ពលរដ្ឋ ដោយធានាអះអាងពីស្ថិរភាពសន្តិសុខស្បៀង បញ្ហាទឹក ភ្លើង ជូនពលរដ្ឋទៀតផង។

យ៉ាងណា ការបិទខ្ទប់ក្រុងមិនបានប៉ុន្មានថ្ងៃផង មាន​ពលរដ្ឋមួយចំនួន ដូចជា ក្រុមកម្មកររោងចក្រ កម្មករសំណង់ អ្នកប្រកបរបរក្រៅប្រព័ន្ធ និងប្រជាសហគមន៍តំបន់ក្រីក្រនៅរាជធានីភ្នំពេញ​ បានចេញមុខអំពាវនាវរកជំនួយមនុស្សធម៌ពីសប្បុរសជននិងរដ្ឋាភិបាល ដោយសារភាពខ្វះខាតនិងបញ្ហាប្រឈមផ្សេងៗរបស់ពួកគាត់អំឡុងពេលបិទខ្ទប់នោះ។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី សង្កេតឃើញថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ ប៉ុន្តែរដ្ឋហាក់នៅខ្វះខាត​ការជួយគាំទ្រ​ពលរដ្ឋក្នុងពេល​អនុវត្តវិធានការទាំងនោះ។

លោកបន្តថា បញ្ហានេះអាចដោយសាររដ្ឋាភិបាលមិនបានគិតគូរពីគម្រោងការនានាឱ្យបានស៊ីជម្រៅ​​ជាមុន ម៉្យាងអាច​ដោយសារភាពខ្វះខាតរបស់រដ្ឋាភិបាលផងដែរ។

បណ្ឌិត មាស នី បន្ថែមថា មកទល់ពេលនេះ រដ្ឋាភិបាលគប្បីរៀបចំផែនការរយៈពេលវែង ​ដើម្បី​ឆ្លើយតបបញ្ហាប្រឈមរបស់ពលរដ្ឋ​ ប្រសិនបើការបិទខ្ទប់ក្រុងភ្នំពេញនេះនៅបន្តអូសបន្លាយ​បន្ថែមទៀត។

លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលគួរតែមានការផ្តល់ជំនួយបែបណា ដើម្បីឱ្យពលរដ្ឋទទួលបាននូវការជួយគាំទ្រហ្នឹងស្មើៗគ្នា ដើម្បីអាចរស់បានដោយមិនមានការខ្វល់ខ្វាយពីរឿងការអត់ឃ្លាន​អំឡុងពេល​នៃការរាំងខ្ទប់ បាទ! បើនៅស្រុកគេ គឺមិនពិបាកទេ គេចង់បិទមួយខែក៏បានដែរ ដូចជានៅអូស្ត្រាលី បើតាមខ្ញុំដឹង គេបិទមួយខែ ឬមួយខែជាងឯណោះ។ ប៉ុន្តែរដ្ឋាភិបាលគេៗបានផ្តល់លុយទៅតាមផ្ទះនីមួយៗហ្នឹង អាចល្មមម៉ារស់បាន​ ហើយគេអាចធ្វើដំណើរទៅកាន់ទីផ្សារទំនើបទៅទិញអីវ៉ាន់អីបាន តាមរយៈការគ្រប់គ្រងត្រឹមត្រូវមិនឱ្យមានភាពរហេតរហូតដើម្បីការពារការឆ្លង។ អ៊ីចឹងទៅ ជីវិតរស់នៅរបស់ពលរដ្ឋគេមិនសូវទទួលរងផលប៉ះពាល់ទេ»។

អ្នកស្រាវជ្រាការអភិវឌ្ឍសង្គមរូបនេះ លើកឡើងទៀតថា សម្រាប់នៅ​កម្ពុជាវិញ កន្លងមក ដោយសារតែរដ្ឋមិនមានលទ្ធភាព ធ្វើឱ្យការ​ផ្តល់នូវអ្វីដែលជាមូលដ្ឋានគ្រឹះចាំបាច់សម្រាប់តម្រូវការ​ជូនពលរដ្ឋនៅមានកម្រិត​។

លោក មាស នី ផ្តល់យោបល់ថា ជាការដោះស្រាយរយៈពេលវែង ប្រសិនបើការបិទខ្ទប់ត្រូវបានអូសបន្លាយពេលយូរទៀតនោះ ​រដ្ឋាភិបាលត្រូវ​មានកាតព្វកិច្ចធ្វើយ៉ាងណាកុំឱ្យពលរដ្ឋណាម្នាក់​ត្រូវទទួលរងគ្រោះដោយសារការអត់ឃ្លានក្នុងស្ថានភាពរាំងខ្ទប់ដែលបង្កឡើងពីវិបត្តិកូវីដ-១៩។

លោកថា ការគិតគូរដល់ជីវភាពរបស់ពលរដ្ឋជាចាំបាច់អំឡុងពេលបិទខ្ទប់នេះ គឺជា​​សិទ្ធិពិសេសមួយដែល​លើកឡើងដោយអ្នកជំនាញរបស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សផងដែរ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ