សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ បញ្ជូនអ្នកល្មើសបម្រាមរដ្ឋាភិបាល ១៩នាក់ ទៅ​តុលាការ

ជនជាតិខ្មែរ និងចិន ដែលសមត្ថកិច្ច​ខេត្ត​កំពង់​ស្ពឺ ជាប់​ឃាត់ខ្លួន​ដោយសារល្មើសបម្រាមរដ្ឋាភិបាល។ រូបថត​ផេក​រដ្ឋបាលខេត្តកំពង់ស្ពឺ

ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បានបញ្ជូនជនជាតិចិននិងខ្មែរសរុប ១៩នាក់ ទៅសាលាដំបូងខេត្ត នៅថ្ងៃនេះ ដើម្បី​បន្តវិធានការច្បាប់ ក្រោយ​ពីពួកគេ​លួចធ្វើដំណើរចេញពីតំបន់បិទខ្ទប់​រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តបាត់ដំបង ល្មើសនឹងបម្រាមរដ្ឋាភិបាល ។

កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលសម្រេចបិទខ្ទប់រាជ​ធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្ត​កណ្តាល រយៈពេល១៤ថ្ងៃ ដោយ​អនុវត្តចាប់ពីម៉ោងសូន្យ ថ្ងៃទី១៥ ខែឆ្នាំដដែល ក្រោយហេតុផលទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ លោក សម សាមួន  ប្រាប់វីអូឌីនៅថ្ងៃនេះថា កាលពីព្រឹកថៃ្ងទី២៣ ខែមេសា ឆ្នាំ២០ ២១ មានករណី​អ្នកបើករថយន្តជនជាតិខ្មែរ បានដឹកជនជាតិចិនចំនួន ១៨នា​ក់ ចេញ​ពីរាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់ខេត្តបាត់ដំបង ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ចឃាត់ខ្លួន នៅចំណុចភូមិពោធិកោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្ដកពង់ស្ពឺ ហើយទើបតែបញ្ជូនទៅតុលាការ ចាត់វិធានការច្បាប់នៅថ្ងៃទី២៥ ខែមេសានេះ ដោយសារពួកគេល្មើសនឹងបម្រាមរដ្ឋាភិបាល។

លោកមានប្រសាសន៍ថា៖ «លួចចេញពីតំបន់​ដែលរដ្ឋាភិបាល Lockdown [បិទខ្ទប់​] ពីរាជធានីភ្នំពេញ នេះជាកំហុស ហើយយើងបានផាកពិន័យម្នាក់ ១លាន២ម៉ឺនរៀល និងបញ្ជូនជនជាតិចិន ១៨នាក់ និងអ្នកបើករថយន្តម្នាក់​ ទៅតុលាការ អនុវត្តតាមច្បាប់ព្រឹកមិញនេះអស់ហើយ»

ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ លោក អ៊ូ ផាត សុំមិនធ្វើការបកស្រាយជុំវិញករណីនេះ ដោយលោកអះអាងថា មិនមែនត្រូវវេនប្រចាំការរបស់លោកនោះទេ។

នាយិកា​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព សង្កេតឃើញថា កន្លងមក មាន​អ្នក​បើក​រថយន្ត​ជនជាតិ​ខ្មែរ​មួយ​ចំនួន បាន​យករថយន្តផ្ទាល់ខ្លួន រថយន្តពេទ្យ និងរថយន្តរដ្ឋ​ជាដើម​ ដើម្បី​លួច​ដឹក​ជន​ជាតិ​ចិន និង​ជនជាតិខ្មែរ​ឆ្លងកាត់​តំបន់​បិទ​ខ្ទប់ ទៅតាមបណ្តា​ខេត្តនានា ហើយ​​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់ខ្លួន​​បានជាបន្តបន្ទាប​់។

ករណីនេះ លោកស្រី ស្នើដល់អាជ្ញាធរ​មានសមត្ថកិច្ច​​ពិនិត្យឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ថា​តើ​ពួកគេ​ប្រព្រឹត្ត​នោះ​មានចេតនា​គិត​ទុក​មុន ឬ​ក៏មិនយល់​ពីវិធាន ឬ​ច្បាប់ មុន​នឹ​ង​ធ្វើ​ការ​ផាក​ពិន័យ និង​ចោទ​ប្រកាន់ ឬ​ដាក់​ពន្ធនាគារ​តាមច្បាប់ ដើម្បីកុំឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ពួកគេកាន់តែធ្ងន់ធ្ងរ ។

លោកស្រីមានប្រសាសន៍ថា៖ «ត្រូវមើលតាមស្ថានការណ៍​ដែរថា តើលក្ខខណ្ឌនៃការបំពានហ្នឹងធ្ងន់ធ្ងរឬស្រាល ព្រោះវិធានរបស់រដ្ឋាភិបាលចេញមកបន្ទាន់ ហើយការយល់ដឹង និងការបញ្ជ្រាបព័ត៌មាន​​របស់​ពលរដ្ឋ​នៅ​មានកម្រិត អញ្ចឹង​យើង​ត្រូវ​មើល​តាម​ស្ថាន​ការណ៍​ដែរ​ថា លក្ខខណ្ឌនៃ​ការ​បំពាន​ហ្នឹង​ជា​ការ​បំពាន​បែបណា ជាការមិនបានយល់ច្បាប់ច្បាស់លាស់ ឬក៏គាត់ដឹងហើយនៅតែបំពានបែបលួចលាក់ យើងត្រូវ​អនុវត្តតាមហ្នឹង»។

បើតាមអ្នកនាំពាក្យស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ច​ក៏បានឃាត់ខ្លួនមនុស្ស​ចំនួន ២៣៦​នាក់ ដែល​បាន​ល្មើស​ទៅ​នឹង​បម្រាម​បិទ​ខ្ទប់រាជ​ធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយក្នុងចំណោមនោះ មាន ៦នាក់ ត្រូវបានតុលាការចេញដីកាឃុំខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ