រដ្ឋា​ភិបាល​ប្រាប់​​អាជ្ញាធរ​ខេត្ត​ឱ្យ​​​ធ្វើ​តេស្ត​រហ័ស​លើ​អ្នក​ឆ្លង​កាត់​ខេត្ត​​មួយ​ទៅ​ខេត្ត​មួយ​ ដើម្បី​​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩

អាជ្ញាធរខេត្តនិងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យនៅទីតាំងមួយចំនួនក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង ចំពោះការធ្វើដំណើរចេញចូលតំបន់ដែលមានហានិភ័យ និងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង)

រដ្ឋាភិបាលណែនាំ​ទៅគណៈអភិបាលខេត្តទាំងអស់ត្រូវយកសំណាកធ្វើតេស្តរហ័សលើអ្នកដំណើរឆ្លងកាត់ឬវិល  ត្រឡប់មករស់នៅ និងស្នាក់នៅរយៈពេលវែងឬរយៈពេលខ្លី ក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ការណែនាំនេះធ្វើឡើងស្របពេលដែលរដ្ឋាភិបាលចេញសេចក្តីសម្រេចកាលពីថ្ងៃទី២៥ ខែមេសា ម្សិលមិញ ស្តី​ពីការពង្រឹង​ការអនុវត្ត​វិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នៅតាមបណ្តារាជធានី-ខេត្ត។

នៅក្នុងសេចក្តីណែនាំនោះបាន​បញ្ជាក់ថា គណៈអភិបាលខេត្តទាំងអស់ត្រូវអនុវត្តវិធានការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរដែលវិលត្រឡប់មករស់នៅឬស្នាក់នៅរយៈពេលវែង នៅក្នុងភូមិសាស្ត្រស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ដោយឡែក អ្នកដែលធ្វើដំណើរដែលមានលិខិតបញ្ជាបេសកកម្មរបស់ស្ថាប័នសាធារណៈ ឬអ្នកធ្វើដំណើរឆ្លងកាត់ ឬអ្នកដំណើរស្នាក់នៅរយៈពេលខ្លី (តិចជាង១សប្តាហ៍) រដ្ឋាភិបាលបានណែនាំទៅគណៈអភិបាលខេត្ត ត្រូវសហការជាមួយមន្ត្រីសុខាភិបាល​ យកសំណាកពួកគេទៅវិភាគរហ័សរកមេរោគកូវីដ-១៩។

សេចក្តីសម្រេចដដែលឱ្យដឹងទៀតថា ករណីរកឃើញអ្នកដំណើរនោះមានជំងឺកូវីដ-១៩ គណៈអភិបាលខេត្តត្រូវសហការជាមួយមន្ត្រីសុខាភិបាល អនុវត្តនីតិវិធីបន្តផ្នែកសុខាភិបាល ប៉ុន្តែបើពុំរកឃើញមានមេរោគកូវីដ-១៩ទេ គឺអ្នកដំណើរនោះ ត្រូវអនុញាតឱ្យចូលទៅនិងបំពេញការងារ ព្រមទាំងជូនដំណឹងពីកន្លែងស្នាក់នៅរបស់ខ្លួនទៅសមត្ថកិច្ចមូលដ្ឋាន ហើយត្រូវអនុវត្តតាមវិធានរបស់សុខាភិបាលឱ្យបានតឹងរ៉ឹងនិងខ្ជាប់ខ្ជួន។

បន្ថែមពីនេះ ក្នុងករណីដែលមានផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តដែលមានព្រំប្រទល់ជាប់នឹងខេត្តដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន គណៈអភិបាលខេត្តពាក់ព័ន្ធអាចសហការគ្នា ដើម្បីដាក់ចេញនូវវិធានការរឹតត្បិតឬហាមឃាត់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ភូមិសាស្ត្រខេត្ត ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនជាបណ្តោះអាសន្ន ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព។

ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព នៅថ្ងៃទី២៦ ខែមេសានេះ បានពន្យល់ពាក់ព័ន្ធនឹងការយកសំណាកវិភាគវហ័សនិងការធ្វើចត្តាឡីស័ក ចំពោះអ្នកធ្វើដំណើរទៅពីខេត្តមួយទៅខេត្តមួយ​​​ថា ការ​យក​សំណាកនិងធ្វើចត្តាឡីស័កនេះ នឹង​ធ្វើឡើង​​ចំពោះអ្នកធ្វើដំណើរ​ដែលវិលត្រឡប់មករស់នៅ ឬស្នាក់នៅរយៈពេលវែង ចាប់ពី១សប្តាហ៍ឡើងទៅ។

ដោយឡែក ការយកសំណាកអ្នកធ្វើដំណើរបំពេញការងារ អ្នកធ្វើដំណើរឆ្លងកាត់ ឬអ្នកធ្វើដំណើរស្នាក់នៅរយៈពេលខ្លី​តិច​ជាង​១សប្តាហ៍ លោកថា ត្រូវរាយការណ៍អំពីទីកន្លែងស្នាក់នៅជូនអាជ្ញាធរមានសមត្ថកិច្ចដែលខ្លួនបាននិងកំពុងស្នាក់នៅបណ្តោះអាសន្ននោះ។

អ្នក​នាង ផែង ស្រីលក្ខណ៍ ​អះអាងថា គាត់​បាន​ធ្វើការងារនៅក្រុមហ៊ុនឯកជនមួយនៅក្នុងខេត្តស្វាយរៀង ប៉ុន្តែកន្លងមកគាត់ស្នាក់នៅផ្ទះឯខេត្តព្រៃវែង និងខកខានទៅធ្វើការងារមួយរយៈ ដោយសារ​រដ្ឋាភិបាល​បិទ​មិន​ឱ្យធ្វើដំណើរឆ្លងខេត្ត។

ទោះជាយ៉ាងណា នៅថ្ងៃនេះ អ្នកនាងបង្ហាញក្តីរីករាយនៅពេលដែលទទួលបានព័ត៌មានថា រដ្ឋាភិបាលអនុញ្ញាត​ឱ្យអ្នកដែល​មាន​លិខិត​បំពេញបេសកកម្មកាងារ អាចចុះទៅធ្វើការងារឆ្លងខេត្តវិញបាន។

អ្នកនាងបន្ថែមថា នៅពេលចុះទៅបំពេញការងារនោះ គាត់នឹងស្នើទៅក្រុមហ៊ុនធ្វើលិខិតបំពេញបេសកកម្មការងារ ដើម្បីយកទៅបង្ហាញសមត្ថកិច្ច ដើម្បីបានទៅធ្វើការងារឡើង​វិញ និងខិតខំអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ឬតាមពាក្យស្លោកថា «៣ការពារ ៣កុំ» ជាដើម ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

អ្នកនាងនិយាយថា៖ «ខ្ញុំសំណូមពរឱ្យប្រជាជនទាំងអស់គ្នា គាត់ធ្វើលិខិតបេសកកម្មការងារទាំងអស់គ្នា វាមានប្រយោជន៍ យើងស្រួលធ្វើដំណើរពីខេត្តមួយទៅខេត្ត និងការពារកុំឱ្យយើងឆ្លងជំងឺកូវីដ-១៩»។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា លោកស្រីគាំទ្រនឹងវិធានការរបស់រដ្ឋាភិបាលក្នុងការធ្វើតេស្តរហ័សសម្រាប់អ្នកដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ លោកស្រី​ផ្តល់ជាអនុសាសន៍ថា ការធ្វើតេស្តរហ័សនោះ សមត្ថកិច្ចត្រូវធ្វើដោយគោលការណ៍​សមធម៌ និងមានភាពស្មោះត្រង់ ទើបទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានប្រសិទ្ធភាពខ្ពស់។

លោកស្រីផ្តល់ជាអនុសាសន៍ថា៖ «យើងកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដែលគ្រោះហានិភ័យសុខភាព សម្រាប់អាជ្ញាធរត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈនូវការអនុវត្តប្រកបដោយអហិង្សា ហើយដើម្បីបង្កបរិយាកាសអំណោយផលឱ្យគ្នាទៅវិញទៅមក»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ