មនុស្ស​ជាង​១៧០​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ជុំវិញ​ការ​នាំ​ពលករ​ឆ្លង​ដែន​ខុស​ច្បាប់​

កម្លាំង​ចម្រុះ​ដែល​ឈេ​រ​ជើង​តាម​បន្ទាត់​ព្រំដែន​ បាន​ធ្វើការ​ឃាត់ខ្លួន​ពលរដ្ឋ​ចំនួន​៤​នាក់​បម្រុង​​លួច​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​ថៃ​ខុសច្បាប់​ តាម​រយៈការ​អូស​ទាញ​ពី​សំណាក់​មេខ្យល់​ កាលពី​វេលា​ម៉ោង​០១​និង​៤០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០២១​ នៅ​ចំណុច​ស្តារ​វីឡា​ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រិច​ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យដឹងថា មនុស្សជាង១៧០នាក់​ត្រូវបានឃាត់ខ្លួនពាក់​ព័ន្ធ​នឹង​ការ​នាំ​ពលករ​ឆ្លង​ដែនខុសច្បាប់ក្នុងអំឡុង​ពេលនៃការរឹតបន្តឹងច្រក​ព្រំដែនតាមវិធានសុខាភិបាល រយៈពេលជាងពីរខែមកនេះ។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍នៅថ្ងៃចន្ទនេះ​ថា គិតចាប់តាំងពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១មក សមត្ថកិច្ចតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ ឡាវ និងវៀតណាម បានស្រាវជ្រាវតាម​ចាប់​មេខ្យល់ចំនួន១៧២នាក់ដែលនាំពលករឆ្លងដែនខុសច្បាប់។

លោកបន្ត​ថា ក្រោយការឃាត់ខ្លួនមេខ្យល់ទាំងនោះ អាជ្ញាធរក៏បានបញ្ជូនទៅតុលាការ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។

លោកមានប្រសាសន៍ថា៖ «១៧២នាក់​ មេខ្យល់ខុសច្បាប់ ជុំវិញប្រទេសខ្មែរ-វៀតណាម កម្ពុជា-ឡាវ-ថៃ មានទាំងអស់ហ្នឹង បញ្ជូនទៅតុលាការអស់ហើយ»។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស​អាដហុកប្រចាំខេត្តបន្ទាយមានជ័យជាប់ព្រំដែនថៃ លោក ស៊ុំ ចន្ទគា ​មានប្រសាសន៍ថា តាំងពីមានបទបញ្ជាពីលោកនាយករដ្ឋមន្រ្តី អាជ្ញាធរតាមច្រកព្រំដែនខេត្តបានអនុវត្តការឃាត់ខ្លួនមេខ្យល់ច្រើនជាងមុន។

ទោះជាយ៉ាងណា លោកបន្តថា អាជ្ញាធរបានឃាត់ខ្លួនមនុស្សជាច្រើន ដោយចោទប្រកាន់ថាជាមេខ្យល់ ខណៈពួកគេខ្លះអាចគ្រាន់តែជាពលករចំណាកស្រុកធម្មតាប៉ុណ្ណោះ។ ករណីនេះ លោកជំរុញឱ្យអាជ្ញាធរត្រូវពិនិត្យមើលច្បាប់ និងស្រាវជ្រាវឱ្យបានច្បាស់លាស់ជាមុនសិន ជុំវិញការចោទប្រកាន់ពួកគេថាជាមេខ្យល់នោះ។

លោកមានប្រសាសន៍ថា៖ «កន្លែងខ្លះយើងឃើញដូចការលើកឡើងការសន្មតជាមុន វាគ្រាន់តែថា ពេលខ្លះយើងរកឃើញពុំមែនជាមេខ្យល់ ព្រោះហេតុអី? នៅពេលខ្លះយើងឃើញមនុស្ស យើងមើលឃើញអ្នកខ្លះដើរមកជាមួយគ្នាអ៊ីចឹងទៅ ក៏គេថាមេខ្យល់ទៅ។ ពេលខ្លះទៅនាំគ្នារត់ពីថៃទាំងអស់គ្នាទៅ ក៏គេចាត់ទុកថាមេខ្យល់អ៊ីចឹងទៅ។ កន្លែងខ្លះគាត់ដើរមកពីថៃជាមួយគ្នាតាមច្រករបៀងជាមួយក្មេងៗជាមួយចៅគាត់អី គេចោទគាត់ជាមេខ្យល់អ៊ីចឹងទៅ»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ​ ​បានដាក់បទបញ្ជាតឹងរ៉ឹងឱ្យមន្ត្រីអនុវត្តច្បាប់នៅតាមច្រកព្រំដែនទាំងអស់រឹតបន្តឹងការឆ្លងដែនរបស់ពលករខ្មែរ ដោយមិនត្រូវបំពានវិធានការធ្វើចត្តាឡីស័ករកជំងឺកូវីដ-១៩ នោះឡើយ។

លើសពីនេះ លោកថែមទាំងបានព្រមានបណ្តេញ​មន្ត្រី​កងកម្លាំង​នគរបាល​ណាដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធ​មនុស្ស​ឆ្លងដែន​​ខុសច្បាប់ ដើម្បីគេចចេញ​ពី​ការ​ធ្វើ​ចត្តាឡីស័​ក។

ក្រោយសារព្រមានរបស់ប្រមុខដឹកនាំមិនបានប៉ុន្មានម៉ោងផង អតីតអធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង លោក គឹម ពន្លក ត្រូវបានដកតំណែងនិងចាប់ខ្លួនបញ្ជូនទៅកាន់​សាលា​ដំបូង​ខេត្តបាត់ដំបង កាលពីរសៀល​ថ្ងៃទី១៦ ខែកុម្ភៈ​ ក្រោយ​សមត្ថកិច្ច​រក​ឃើញ​ថា លោកបាន​ប្រព្រឹត្ត​ខុស​នីតិវិធី ដោយ​បាន​ដោះលែង​មេខ្យល់​នាំ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ពី​ប្រទេស​​ថៃ​ចូល​មក​កម្ពុជា គេចវេះ​ពី​ការ​ធ្វើ​ចត្តាឡីស័​ក។

មាត្រា១១ នៃច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ ចែងថា ​ជន​ណា​ដែល​​នាំ​យក​ជន​ដទៃ​ចេញ​ដោយ​មិន​ស្រប​ច្បាប់​ ក្នុង​គោលដៅ​ប្រគល់​ឬ​នាំ​យក​ទៅ​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី៧ឆ្នាំ ដល់​១៥​ឆ្នាំ។ សម្រាប់អំពើ​ល្មើស​ប្រព្រឹត្ត​ឡើង​ដោយ​មន្ត្រី​សាធារណៈ​ដែល​បំពាន​ដោយ​អំណាច​របស់​ខ្លួន​ មន្រ្តីរូប​នោះ​ត្រូវ​ប្រឈម​នឹងការជាប់​ពន្ធនាគារ​ពី​១៥ឆ្នាំ​ ទៅ​២០​ឆ្នាំ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ