អាជ្ញាធរ​ឱ្យ​​បន្ត​​ផ្អាក​​ការ​​លក់​​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ក្នុង​មូលដ្ឋាន​រាជ​ធានី​ភ្នំពេញ​

គ្រឿងស្រវឹងជាច្រើនមុខដែលបានដាក់តាំងលក់នៅក្នុងផ្សារទំនើបមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ (ហង់ សុខហុង)

រដ្ឋបាលរាជធានីភ្នំពេញ ណែនាំជាថ្មីឱ្យ​បន្ត​ផ្អាក​ការ​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​ផ្អាក​ការ​ទទួល​អតិថិជន​ដែល​ចូលទៅទទួលទានអាហារនិងភេសជ្ជៈនៅនឹងកន្លែងលក់ រយៈពេល២សប្តាហ៍បន្ថែមទៀត ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញ បានប្រាប់​ទៅ​​គ្រប់ផ្សារ ដេប៉ូចែកចាយ​ភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបន្តផ្អាកជាបណ្តោះអាសន្ន​នូវ​ការ​លក់​គ្រឿង​ស្រវឹងគ្រប់ប្រភេទក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល២សប្តាហ៍បន្តទៀត ដោយ​គិត​ចាប់​ពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «បុគ្គលទាំងឡាយណាដែលបន្តលក់ដូរ ចែកចាយ និង​ចរា​ចរណ៍​គ្រឿង​ស្រវឹង​​គ្រប់​ប្រភេទ ក្នុងអំឡុងពេលនៃការហាមឃាត់នេះ នឹងត្រូវទទួលទោស​ដូច​មាន​កំណត់​ក្នុង​ច្បាប់​​ស្តីពីវិធានការទប់ស្កាត់​ការ​ឆ្លងរាលដាល​នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហា​វ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​​ធ្ងន់​ធ្ងរ​ផ្សេង​ទៀត និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាន»។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាណិជ្ជកម្ម​រាជធានីភ្នំពេញ ត្រូវសហការចុះពិនិត្យតាមបណ្តាគោលដៅ ហើយ​ក្នុងករណីរកឃើញគណៈគ្រប់គ្រងផ្សារ ម្ចាស់ដេប៉ូ ឬម្ចាស់អាជីវកម្មដ្ឋានណាមួយ មិនព្រមសហការឬមិនអនុវត្តតាមការណែនាំនេះ ត្រូវអនុវត្តវិធានការ​រដ្ឋបាលនិងវិធានការច្បាប់​ដោយគ្មានលើកលែងឡើយ។

កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារ​បន្ទាន់​មួយ​ស្តីពី​ការ​បិទ​ខ្ទប់​ភូមិ​សាស្ត្ររា​ជ​ធានីភ្នំពេញ និង​ក្រុងតាខ្មៅ ខេត្តកណ្តាល​។ ក្រៅពី​ប្រកាស​បិទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ហាមមិនឱ្យមានការលក់ដូរគ្រឿងស្រវឹងរយៈពេល១៤ថ្ងៃបន្ថែមទៀត ពីថ្ងៃទី១៥ ខែ​មេសា រហូត​​ដ​ល់​ថ្ងៃទី​​២៨ ខែ​មេសា ក្នុងគោលបំណងកាត់បន្ថយការជួបជុំក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនិងក្រោយពេលបុណ្យចូលឆ្នាំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ