កសិករ​​​មួយ​​ចំនួន​​​នៅ​​​ខេត្ត​​កណ្តាល​ឈូស​បន្លែ​សាឡាត់​ចោល​ក្រោយ​គ្មាន​ទី​ផ្សារ​លក់​

កសិករម្នាក់បើកត្រាក់ទ័រឈូសកម្ទេចបន្លែសាឡាត់ដែលដាំលើផ្ទៃដីកន្លះហិកតាចោល ក្រោយពីទិន្នផលបានហើយតែគ្មានទីផ្សារលក់ចេញ អំឡុងនៃការបិទខ្ទប់ក្រុងភ្នំពេញដោយសារកូវីដ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ (ប្រជាកសិករនៅស្រុកស្អាង ខេត្តកណ្ដាល)

ប្រជាកសិករ​មួយចំនួន​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល បានឈូសបន្លែសាឡាត់ចោលក្រោយគ្មានទីផ្សារសម្រាប់​លក់ ស្របពេល​ដែល​រដ្ឋាភិបាលបាននិងកំពុង​​បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩​។

លោក តៃ សុង អះអាងថា​ជាកសិករ​ជួលដីដាំ​បន្លែ​នៅ​ឃុំព្រែកគយ និងឃុំទឹកវិល ស្រុកស្អាង ប្រាប់​ វី​អូ​ឌី​ នៅ​ថ្ងៃអង្គារ​នេះ​​ថា រូប​លោកសម្រេចឈូសបន្លែសាឡាត់ដែលដាំលើដីទំហំ​​កន្លះហិកតាចោល និងត្រៀមឈូសចោលកន្លះហិកតាទៀត ប្រសិនបើនៅតែអត់មានទីផ្សារសម្រាប់លក់។ លោកបន្តថា សាឡាត់ដែលដាំលើដីទំហំកន្លះហិកតានោះ បើសិន​ប្រមូល​ផល​បាន​ប្រហែល១០តោន។​

កសិកររូបនេះឱ្យដឹងថា បន្លែសាឡាត់ទាំង២កន្លែងដែលបានឈូលចោល និងត្រៀមឈូសចោលទៀតនោះ គឺលោកបានចំណាយដើមទុនប្រហែល២០លានរៀល ដើម្បីជួលកម្មករ ទិញជី ថ្នាំ ប្រេង និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត ដើម្បីដាំ​។

លោកបន្ថែមថា៖ «ងាប់ហើយឆ្នាំនេះ លែងនិយាយហើយ! យើងដាំ អត់ដឹងគេបិទខ្ទប់អញ្ចឹង។ រាល់ដង​កូវីដ​អញ្ចឹង ​យើង​​ចេញ-ចូល​លក់​បន្លែ​ធម្មតា​បាន តែពេលគេបិទខ្ទប់អញ្ចឹងទៅ ខាត​បង់​ទាំង​អស់គ្នា។ បន្លែសាឡាត់១ហិកតា​ហ្នឹង​ចំណាយដើមអស់២០លានរៀល ហើយអត់បានដើមមកវិញទេ ចោលទាំងអស់»

លោក តៃ សុង បន្តថា ក្រៅពីបន្លែសាឡាត់ដែលបានខាតបង់នោះ ខ្ទឹមស្លឹកនិងដំណាំអំពៅរបស់លោកក៏គ្មានទីផ្សារសម្រាប់លក់ដែរ។

បើ​តាម​លោក តៃ សុង បន្លែសាឡាត់​ប្រហែល៧០០តោនរបស់ប្រជាកសិករ​នៅឃុំទឹកវិល និង​ឃុំព្រែក​គយ ប្រឈម​ការឈូសឆាយចោលក្នុងរយៈពេល១សប្តាហ៍ទៀត ប្រសិនបើនៅតែពុំមានទីផ្សារសម្រាប់លក់។

ពលរដ្ឋ​​​​ម្នាក់ទៀត អ្នកស្រី ឆាយ អ៊ី នៅឃុំទឹកវិល និយាយថា បន្លែសាឡាត់ និងបន្លែផ្សេងៗទៀតរបស់ឪពុកអ្នកស្រី ក៏ត្រូវបានឈូសឆាយចោលដែរ ដោយសារបញ្ហាគ្មានទីផ្សារសម្រាប់លក់។ អ្នកស្រីថា ឪពុកអ្នកស្រីប្រឈមការជំពាក់បំណុលធនាគារ​​ ដោយសារតែ​គាត់បានខ្ចីលុយពីធនាគារមកធ្វើដើមទុន​សម្រាប់​បង្កបង្កើន​​ផល។

អ្នកស្រីបន្ថែមថា៖ «ចំណែកដំណាំប៉ាខ្ញុំ គាត់ឈូសចោល៤ដងហើយ ដោយសារអត់ទីផ្សារហ្នឹង។ មិនមែនត្រឹម​តែ​បន្លែ​សាឡាត់ទេ បន្លែផ្សេងៗទៀតដែលយើងធ្វើបានហើយលក់មិនត្រូវថ្លៃហ្នឹង​ ក៏បានឈូសចោលដែរ។ និយាយទៅវេទនាណាស់ ការផ្ទុះកូវីដហ្នឹង ធ្វើបានហើយ លក់ថោក អត់លុយ ជំពាក់គេទៀត»

វីអូឌី មិនអាចសុំការឆ្លើយតបពីប្រធានមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្តកណ្តាល លោក ប៊ុន ទួនស៊ីម៉ូណា បានទេ ពាក់ព័ន្ធករណីនេះ។

តែយ៉ាងណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង​ សាខុន មានប្រសាសន៍កាលពីថ្ងៃទី២២ ខែមេសានេះ​ថា ក្រសួ​ងកំពុង​រិះរក​មធ្យោបាយ និងកំពុងសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីនាំបន្លែពីកសិករនៅតាមបណ្តាខេត្តនានា​​ជិតរាជធានីភ្នំពេញ យកទៅចែកចាយ​នៅតាមតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្រ​រាជធានីភ្នំពេញ ខណៈបន្លែនៅតំបន់នោះបានឡើងថ្លៃខ្ពស់។

លោកបន្ថែមថា៖ «ខ្ញុំបានចាត់ឱ្យមន្ត្រីរបស់ខ្ញុំធ្វើការសម្របសម្រួលជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីសម្របសម្រួលនិងដឹកជញ្ជូនបន្លែមកផ្គត់ផ្គង់នៅរាជធានីភ្នំពេញ ដោយយើងបានសហការជាមួយបណ្តុំកសិករ និងសហគមន៍កសិកម្មនៅតាមបណ្តាខេត្តនៅជុំវិញរាជធានីភ្នំពេញ ដើម្បីយកមកផ្គត់ផ្គង់»

ពាក់ព័ន្ធករណីនេះ ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿ​ន បាន​ជំរុញទៅរដ្ឋាភិបាលឱ្យមានវិធានការរៀបចំការដើរប្រមូលទិញបន្លែពីប្រជាកសិករដែលកំពុងគ្មានទីផ្សារ យកទៅលក់នៅតំបន់បិទខ្ទប់ ឬត្រូវសម្របសម្រួលឱ្យកសិករអាចលក់ផលដំណាំរបស់ពួកគេនៅតំបន់នោះផងដែរ។

លោក ថេង សាវឿន លើកឡើងថា កាលណាផលិតផលកសិកម្មរបស់កសិករគ្មានទីផ្សារ លក់មិនដាច់ ឬលក់មិនចេញ នឹងធ្វើឱ្យពួកគេជួបបញ្ហាប្រឈមជាច្រើនដូចជា បញ្ហាជីវភាព និង បំណុល ជាដើម។

កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋាភិបាលបានចេញបទបញ្ជាបិទខ្ទប់ភូមិសាស្ត្រនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល​​ ដើម្បីទប់ស្កាត់ការឆ្លង​​រាលដាលនៃជំងឺកូវីដ-១៩។ ស្របពេលការបិទខ្ទប់នេះ ផ្សារមួយចំនួន ​ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក៏បានបិទជាបន្តបន្ទាប់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ